ជាតិ
នយោបាយជាតិ
IPU ស្នើឲ្យស្ថាប័នសភាលើពិភពលោក ជួយអតីតបក្សសង្គ្រោះជាតិ អតីតទីស្នាក់ការ CNRP។ រូបថត AFP
× សហភាពអន្តរសភា ស្នើឲ្យសភានៅតាមបណ្តាប្រទេសនានាលើសាកលលោក ជួយធ្វើអន្តរាគមន៍ ចំពោះការធ្វើទុក្ខបុកម្នេញ មកលើក្រុមតំណាងរាស្ត្រ ក៏ដូចជាបក្សប្រឆាំងនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ចាត់ទុក ការអំពាវនាវនេះ ថាជាការរំលោភលើឯករាជ្យនៃប្រទេសកម្ពុជា។
ថ្មីៗនេះ គណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា (IPU) ដែលមានស្ថាប័នផ្នែកនីតិបញ្ញត្តិ (រដ្ឋសភា និងព្រឹទ្ធសភា) ពីបណ្តាប្រទេសជិត២00 ជាសមាជិក បានបើកកិច្ចប្រជុំ ហើយក៏ចេញ
សេចក្តីសម្រេចមួយ ជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា ដោយផ្តោតសំខាន់លើការចាប់លោក កឹម សុខា ដាក់ពន្ធនាគារ ការរំលាយគណបក្សសង្គ្រោះជាតិ និងការដកសិទ្ធិនយោបាយរយៈពេល៥ឆ្នាំ ពីថ្នាក់ដឹកនាំ១១៨នាក់នៃគណបក្សនេះ។
តាមរយៈសេចក្តីសម្រេច គណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអំពាវនាវឲ្យស្ថាប័ននីតិបញ្ញត្តិ នៅលើសាកលលោក ជួយចូលរួមដោះស្រាយបញ្ហារបស់ក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ។
គណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា បានវាយតម្លៃក្នុងសេចក្តីសម្រេចយ៉ាងដូច្នេះថា៖«សកម្មភាពទាំងនេះ ដែលកើតឡើងនៅកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ លើសិទិ្ធរបស់សមាជិកសភា [នៃគណបក្សប្រឆាំង]។ យើង សូមអំពាវនាវឲ្យបើកផ្លូវដល់ពួកគេ ក្នុងនាមជាតំណាងរាស្ដ្រ ដើម្បីបានធ្វើមាតុភូមិនិវត្តន៍ជាបន្ទាន់ ហើយធានាថាសិទ្ធិរបស់ពួកគេក្នុងការចូលរួមការបោះឆ្នោតនាពេលខាងមុខ នឹងត្រូវបានគោរព»។
គណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា នៅតែសម្តែងការព្រួយបារម្ភ អំពីដំណើរការនៃការបោះឆ្នោត ក្រោយគណបក្សប្រឆាំង ត្រូវបានបង្ក្រាប។ គណៈកម្មាធិការសិទ្ធិមនុស្សមួយនេះ បានអះអាងថា គណបក្សប្រឆាំងនៅកម្ពុជា បានរងការរំលោភបំពានជាយូរមកហើយ ដែលសហភាពអន្តរសភា បានចងក្រងនិងកត់ត្រាទុកនាពេលកន្លងមក។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបថា ការអំពាវនាវសុំជំនួយពីស្ថាប័ននីតិបញ្ញត្តិលើពិភពលោក គឺគ្រាន់តែជាសមានចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា ដែលមានចំពោះគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។ ប៉ុន្តែ លោក សង្កត់ធ្ងន់ថា ការអំពាវនាវនោះ ពុំមានវិសាលភាព មកលើប្រទេសកម្ពុជានោះទេ។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទយ៉ាងដូច្នេះថា៖«ការអំពាវនាវនេះ គឺរំលោភលើឯករាជ្យនិងអធិបតេយ្យកម្ពុជាហើយ...»។ បន្ទាប់មក លោក ក៏បកស្រាយទៅកាន់គណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភាថា លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ រួមទាំងថ្នាក់ដឹកនាំផ្សេងទៀតនៃគណបក្សនេះ បានសាងកំហុសដោយខ្លួនឯង ទើបរងនូវចំណាត់ការពីតុលាការបែបនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com