អន្តរជាតិ
មុន​កីឡា​អូឡាំពិក​ចាប់ផ្ដើម កូរ៉េខាងជើង​ធ្វើ​ព្យុហយាត្រា​កងទ័ព តែ​មិនសូវ​ហ៊ឹកហ៊ាក់​ដូច​មុន​
08, Feb 2018 , 2:57 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​មន្ត្រី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃទី​៨ ខែកុម្ភៈ និយាយថា កូរ៉េខាងជើង​បានធ្វើ​ព្យុហយាត្រា​យោធា​ដើម្បី​អបអរ​ខួប​ទី​៧០ ថ្ងៃកំណើត​កងទ័ព​រប​ស់​ខ្លួន​។ ខុសពី​កម្មវិធី​លើក​មុនៗ ក្បួនព្យុហយាត្រា​លើក​នេះ មិនសូវ​អ​ធឹ​ក​អធម​ឡើយ ព្រោះ​មិនមាន​ការផ្សាយ​ផ្ទាល់ ហើយ​អ្នកសារព័ត៌មាន​បរទេស​នៅ​កូរ៉េខាងជើង ក៏​មិន​ត្រូវបាន​អញ្ជើញ​ដែរ​។ ការ​ដង្ហែ​ក្បួន​លើក​នេះ ធ្វើឡើង​មួយថ្ងៃ​មុន​កម្មវិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​កូរ៉េខាងត្បូង​។



​ដូច​ការគ្រោងទុក កូរ៉េខាងជើង​បានរៀបចំ​ព្យុហយាត្រា​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ដើម្បី​រំឭក​ថ្ងៃកំណើត​កងទ័ព​របស់​ខ្លួន​។ តាមពិតទៅ ថ្ងៃកំណើត​នេះ​ត្រូវធ្វើ​នៅ​ខែមេសា​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​កាលបរិច្ឆេទ​នេះ​ត្រូវបាន​ផ្លាស់ប្ដូរ​មក​ខែកុម្ភៈ​វិញ ហើយក៏​កៀក​គ្នា​នឹង​កាលបរិច្ឆេទ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​រដែ​ល​កូរ៉េខាងត្បូង​ធ្វើជា​ម្ចាស់​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ​តែម្ដង​។​

​ខុសពី​កម្មវិធី​ឆ្នាំមុនៗ ក្បួនព្យុហយាត្រា​របស់​កូរ៉េខាងជើង​ឆ្នាំ​២០១៨ នេះ ហាក់​មានការ​លាក់បាំង​ពី​ភ្នែក​អ្នកសារព័ត៌មាន​។ ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង​មិនបាន​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​នេះឡើយ ហើយ​អ្នកកាសែត​បរទេស​ក៏​មិន​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ដែរ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា កូរ៉េខាងជើង​ពិតជា​រៀបចំ​ក្បួន​ដង្ហែ​កងទ័ព​នៅ​ទីលាន គីម អ៊ី​ល​ស៊ុ​ង ពិតប្រាកដ​មែន​។

​តាម​ទម្លាប់ កូរ៉េខាងជើង​តែង​ធ្វើ​ព្យុហយាត្រា​យោធា​ទ្រង់ទ្រាយ​ធំ និង​ផ្សាយ​ជា​សាធារណៈ​នាឱកាស​កម្មវិធី​ជាតិ​ធំៗ​។ កងទ័ព​រាប់ពាន់នាក់ រថក្រោះ​និង​រថពាសដែក​រាប់រយ​គ្រឿង ក៏ដូចជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជាច្រើន​មុខ តែង​បង្ហាញមុខ​កណ្ដាល​រដ្ឋធានី​ព្យុងយ៉ាង ដើម្បី​សម្ញែង​អានុភាព​យោធា​របស់ខ្លួន ជាពិសេស​អាវុធ​នុយក្លេអ៊ែ​រ​ម្ដង​។ យ៉ាងណាមិញ ឆ្នាំនេះ គេ​មិនសូវ​ឃើញ​មាន​សព្វាវុធ​ច្រើន​ដូច​ពេល​លើក​មុន​ឡើយ​។​

​ជាការ​កត់សម្គាល់ កូរ៉េខាងជើង​ហាក់​កំពុង​ដើរ​ផ្លូវ​ពីរ គឺ​បង្ហាញ​ឥទ្ធិពល​ក្នុងនាម​ជា​រដ្ឋ​មាន​នុយក្លេអ៊ែរ​ផង និង​បន្ទន់​ជំហរ​ដាក់​កូរ៉េខាងត្បូង​ដោយ​ព្រម​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​ផង​។ នៅ​ឆ្នាំ​២០១៧ ក្រុង​ព្យុងយ៉ាង​ប្រកាសថា ខ្លួន​សម្រេច​គោលដៅ​ក្នុងការ​ជា​រដ្ឋ​នុយក្លេអ៊ែរ​ហើយ​។ ប៉ុន្តែ​ចូលដល់​ឆ្នាំ​២០១៨ ភ្លាម កូរ៉េខាងជើង​បង្ហាញ​ឥរិយាបថ​ទន់ភ្លន់​ច្រើន ដោយ​ចរចា​ជាមួយ​កូរ៉េខាងត្បូង​ច្រើនលើក និង​បញ្ជូន​មន្ត្រីជាន់ខ្ពស់ អត្ត​ព​លិ​ក ក្រុម​សម្ដែង​សិល្បៈ​ឲ្យ​ចូលរួម​កម្មវិធី​នៅ​កូរ៉េខាងត្បូង​ផងដែរ​។​

​អត្ត​ព​លិ​ក ក្រុម​សិល្បៈ និង​ក្រុម​លើកទឹកចិត្ត​បាន​ទៅដល់​កូរ៉េខាងជើង​ជា​បន្តបន្ទាប់​តាមផ្លូវ​គោក​ផង និង​ផ្លូវទឹក​ផង​។ ដោយឡែក​ប្រតិភូ​ជាន់ខ្ពស់​ដឹកនាំ​ដោយ​ប្រធានសភា គីម យ៉ុង​ណា​ម និង​ប្អូនស្រី​លោក គីម ជុង​អ៊ុន គឺ​លោកស្រី គីម យ៉ូ​ចុង រំពឹងថា​នឹងធ្វើ​ដំណើរ​តាម​យន្តហោះ​ពិសេស​ទៅ​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ដើម្បី​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​៕


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com