ជាតិ
ទូត​ចិន ៖​លោកខាងលិច​ច្រណែន ទើប​បង្កើត​ព័ត៌មាន​បង្ខូចឈ្មោះ​អ្នកវិនិយោគ​ចិន​នៅ​កម្ពុជា
08, Feb 2018 , 3:24 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ចេញមុខ​បកស្រាយ​ការពារ​ក្រុម​អ្នកវិនិយោគ​ចិន ដែល​កំពុង​រង​ការ​រិះគន់ថា មករក​ស៊ី​នៅ​កម្ពុជា ដើម្បី​លាងលុយកខ្វក់ ។



​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក ស្យុ​ង ប៉ អះអាងថា គ្មាន​ជនជាតិ​ចិន​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​លាងលុយកខ្វក់​នោះទេ​។ លោក ស្យុ​ង ប៉ បដិសេធថា ព័ត៌មាន​នេះ​គឺជា​បង្ខូច​កេរ្តិ៍ឈ្មោះ​អ្នកវិនិយោគ​ចិន​ប៉ុណ្ណោះ​។ បើតាម​លោក ស្យុ​ង ប៉ ពាក្យ​ចចាមអារ៉ាម​ទាំងនេះ កើតឡើង​ដោយសារ​ការវាយតម្លៃរ​បស់​ពួកលោក​ខាងលិច ដែល​ចង់​បំបែកបំបាក់​ភាពរុងរឿង​រវាង​ចិន និង​កម្ពុជា​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃទី​៨ កុម្ភៈ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​រូបនេះ បាន​ប្រើ​រយៈពេល​២​ម៉ោង ដើម្បី​បកស្រាយ​ការពារ​អ្នកវិនិយោគ​ចិន តាមរយៈ​អ្នកបកប្រែ​ដូច្នេះ​ថា​៖«​បើសិន​បើ​មានមតិ​ណាមួយ​បាន​និយាយថា វិ​និ​យោ​ទុន​របស់​ចិន​នៅ​កម្ពុ​ជាមួយ​ភាគ​ធំ គឺ​សុទ្ធតែជា​ការលាង​លុយ​នោះ គឺ​មិន​មិន​ត្រឹមត្រូវ​ទេ វា​ជាការ​លាប​ពណ៌ និង​មួលបង្កាច់ ចំពោះ​វិនិយោគិន​ចិន​នៅ​កម្ពុជា​។ កន្លងមក​ខ្ញុំ​មាន​ចំណាប់អារម្មណ៍​ថា​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា វិនិយោគិន​ចិន​នៅ​កម្ពុជា ភាគច្រើន​គឺ​លាង​លុយ ខ្ញុំ​យល់ឃើញថា ព័ត៌មាន​ទាំងអស់នោះ​ភាគច្រើន គឺ​មកពី​ប្រទេស​ប៉ែក​ខាងលិច​…​។ ព័ត៌មាន​ទាំងនោះ​ចុះផ្សាយ​គឺមាន​គោលបំណង​របស់គាត់ គឺ​សំដៅ​រឿង​នយោបាយ ដោយសារ​ពួកគាត់​មិន​ចង់​មើលឃើញ​ទំនាក់ទំនង​ចិន និង​កម្ពុជា​ល្អប្រសើរ ដូច​ពេលបច្ចុប្បន្ន​ទេ​»​។​

​បន្ថែម​ពីលើ​នេះ​លោក ស្យុ​ង ប៉ បាន​និយាយថា រដ្ឋាភិបាល​ចិន មាន​ចំណាត់ការ​និង​ត្រួតពិនិត្យ​តឹងរឹង ចំពោះ​ថវិកា​របស់​អ្នកវិនិយោគ​ចិន មុននឹង​អនុញ្ញាត​ឲ្យ​មក​ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​។

«​បើ​មាន​វិនិយោគ​ចិន លាង​លុយ​នៅ​កម្ពុជា ភាគី​ចិន​ប្រឆាំង​ជាដាច់ខាត​នឹង​ចាត់វិធានការ​ជាដាច់ខាត​។ ហើយ​បើ​គម្រោង​វិនិយោគ​គិ​ន​ណា ដែល​ប្រើប្រាស់​សម្បទាន​ឥណទាន​វិនិយោគ​នៅ​កម្ពុជា​នោះ គឺ​ថវិកា​ទាំងនេះ គ្មាន​បញ្ហា​ទេ ។ ព្រោះ​ថវិកា​នេះ មានការ​សម្របសម្រួល​ពី​រដ្ឋាភិបាល​ចិន និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា ហើយ​ថវិកា​ទាំងនេះ​សុទ្ធតែជា​លុយ​មាន​តម្លា​ព​»​។ នេះ​ជាការ​អះអាង​របស់​ឯក​អគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា ដែល​បាន​បន្តថា សូម្បីតែ​ថវិកា​ចេញ​-​ចូល​ប្រទេស​ចិន ក៏​រដ្ឋាភិបាល​លោក​មាន​វិធានការ​ច្បាប់​ត្រួតពិនិត្យ​តឹងរឹង​ផងដែរ​។​

​កន្លងមក​សារព័ត៌មាន​របស់​អាមេរិក​The News York Times បាន​ចុះផ្សាយ​ថា កម្ពុជា​គឺជា​ទីកន្លែង​មួយ ដែល​ប្រើប្រាស់​ទុនវិនិយោគ​ក្នុង​វិស័យសេដ្ឋកិច្ច ជាមួយនឹង​ប្រាក់​ដុល្លារ​អាមេរិក​នៅក្នុង​គណ​នី សម្រាប់​ការ​បង្វិលប្រាក់​ក្នុង​ទំហំ​យ៉ាងច្រើន ដែល​វា​អាចបង្កើត​ឱកាស​ឲ្យ​អ្នកវិនិយោគ​ចិន លាង​សម្អាត​ប្រាក់​ទៀតផង​។​

អត្ថបទទាក់ទង


The New York Times បាន​ស្រង់​សម្តី លោក George McLeod អ្នកជំនាញ​ពិគ្រោះ​យោបល់​ពី​ហានិភ័យ​នយោបាយ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក យ៉ាង​ដូច្នេះ​ថា​៖«​អ្នកជំនួញ​ចិន បានដឹង​យ៉ាងច្បាស់​ថា កម្ពុជា​ជា​ប្រទេស​មាន​បញ្ហា​បំណុល​ធ្ងន់ធ្ងរ ។ អ្នកជំនួញ ដែល​មក​វិនិយោគ​ទាំងនោះ ភាគច្រើន​មាន​មូលធន​ប្រហែល​២ ទៅ​៣​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​កំពុង​ដាក់ទុន​វិនិយោគ​នៅក្រៅ​ប្រទេស​ចិន ដើម្បី​គេចវេះ​ចេញ ពី​ការតាមដាន​របស់​អាជ្ញា​ធរ​ចិន​ផងដែរ​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្នកវិនិយោគ​ចិន ដែល​មក​ដាក់ទុន​រក​ស៊ី​នៅ​កម្ពុជា សុទ្ធតែ​ទទួលបាន​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល​ចិន​។ ក្នុងន័យនេះ លោក ផៃ ស៊ី​ផាន បាន​ពន្យល់ថា រាល់​ថវិកា​ដែល​អ្នកជំនួញ​ចិន យកមក​វិនិយោគ​នេះ គឺមាន​ការត្រួតពិនិត្យ​ពី​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ឬ​ពី​នាយករដ្ឋមន្ត្រី​ជាដើម មុននឹង​អនុញ្ញាត​ឲ្យ​ពួកគេ​មករក​ស៊ី​នៅ​កម្ពុជា​។ បើតាម​លោក ផៃ ស៊ី​ផាន ធនាគារជាតិ​កម្ពុជា ក៏មាន​ការត្រួតពិនិត្យ​ម៉ត់ចត់ ចំពោះ​ថវិកា​ដែល​បង្វិល​ចូល​គណនី​អ្នកវិនិយោគ​បរទេស​នៅ​កម្ពុជា​ទៀតផង​៕


Tag:
 ចិន​
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com