កីឡាអន្តរជាតិ
អន្តរជាតិ
PSG ផ្តល់ប្រាក់​ឈ្នួល​ដ៏​ច្រើន​ដល់​កីឡាករ ក្នុងនោះ Neymar បាន​ជិត​៤​លាន​ដុល្លារ​ក្នុង​១​ខែ​
09, Feb 2018 , 7:59 am        
រូបភាព
Paris Saint-Germain បាន​ចំណាយ​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​ទៅកាន់​កីឡាករ​១២​នាក់ ក្នុងចំណោម​ក្រុម​ទាំងអស់​នៃ​លី​ក​បាល់ទាត់​កំពូល​បារាំង ដែល​ក្នុងនោះ Neymar ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១ មាន​ថ្លៃ​ពលកម្ម ៣.០៧​លាន​អឺរ៉ូ (៣.៨​លាន​ដុល្លារ​) ក្នុង​មួយខែ​។​



​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រៅពី Neymar កីឡាករ​របស់ PSG  ចំនួន​១១​រូប​ទៀត រួមមាន ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្គា​យ Edinson Cavani រកចំណូលបាន ១.៥៤​លាន​អឺរ៉ូ​ក្នុង​មួយខែ ខ្សែប្រយុទ្ធ​វ័យក្មេង Kylian Mbappe រកបាន ១.៥ លាន​អឺរ៉ូ និង​ខ្សែការពារ​ប្រេ​ស៊ី​ល Thiago Silva រកបាន ១.៣៣ លាន​អឺរ៉ូ​។​

​បន្ទាប់មក​ខ្សែបម្រើ​អា​ហ្ស​ង់​ទីន Angel Di Maria និង​ខ្សែការពារ​ប្រេ​ស៊ី​ល Marquinhos ទទួលបាន​ប្រាក់​ឈ្នួល ១.១២ លាន​អឺរ៉ូ​ក្នុង​១​ខែ ខ្សែបម្រើ​អន្តរជាតិ​អ៊ីតាលី Thiago Mottaat ៨៧៥.០០០ អឺរ៉ូ និង Javier Pastore ៧៧០.០០០ អឺរ៉ូ​។​

​ខ្សែការពារ​ប្រេ​ស៊ី​ល Dani Alves ទទួលបាន ៧០០.០០០ អឺរ៉ូ ខ្សែប្រយុទ្ធ​អន្តរជាតិ​អាល្លឺម៉ង់ Julian Draxler និង​ខ្សែបម្រើ​អន្តរជាតិ​អ៊ីតាលី Marco Verratti សុទ្ធតែ​រកបាន ៦០០.០០០ អឺរ៉ូ​ក្នុង​១​ខែ​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​ម្នាក់ទៀត Hatem Ben Arfa ទទួលបាន​ប្រាក់​ឈ្នួល ៥០០.០០០ អឺរ៉ូ​ក្នុង​មួយខែ​។​

​ក្រៅពី​កីឡាករ អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុងប៉ារីស លោក Unai Emery ក៏មាន​ប្រាក់​ឈ្នួល​ប្រចាំខែ​ខ្ពស់​ជាងគេ​ផងដែរ ដោយ​ទទួលបាន ៤៥០.០០០​អឺរ៉ូ តាម​ពីក្រោយ​ដោយ​អ្នកចាត់ការ Monaco លោក Leonardo Jardim ទទួលបាន ៣៥០.០០០​អឺរ៉ូ និង​ទី​៣ អ្នកចាត់ការ​ក្រុម Nantes គឺ​លោក Claudio Ranieri រកបាន ៣៤០.០០០​អឺរ៉ូ​៕


Tag:
 បាល់ទាត់​
  ប្រាក់​ឈ្នួល​ខ្ពស់បំផុត​
  Paris Saint-Germain
  Neymar
© រក្សាសិទ្ធិដោយ thmeythmey.com