ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កំពូល ​បើកសវនាការនៅព្រឹកនេះ លើការសម្រេចឲ្យ​លោក អ៊ុំ សំអាន ជាប់ឃុំ​ពីរ​ឆ្នាំកន្លះ
09, Feb 2018 , 8:32 am        
រូបភាព
ភ្នំពេញ​៖ តុលាការ​កំពូល នឹង​បើកសវនាការនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២0១៨នេះ ដើម្បីជំនុំជម្រះលើ​បណ្តឹងសាទុក្ខ​របស់លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារ​រិះគន់​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។ បណ្តឹងសាទុក្ខ​របស់​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង ដែលមាន​ជំនាញ​ផ្នែក​ព្រំដែន​រូបនេះ គឺ​ដើម្បី​សុំ​ប្រឆាំងនឹង​តុលាការ​ជាន់​ទាប ដែល​កាត់ទោស​លោក ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំកន្លះ​។


 
សមត្ថកិច្ច បានដឹក​លោក អ៊ុំ សំអាន  ទៅដល់សវនាការនៃតុលាការកំពូលហើយ។ សវនាការ នឹងចាប់ផ្តើមនៅបន្តិចទៀតនេះ។

​មុននឹង​ឈានទៅដល់​តុលាការ​កំពូល លោក អ៊ុំ សំអាន ធ្លាប់​ពឹង​មេធាវី ឲ្យ​ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​រួម​មកហើយ ដើម្បី​សុំ​ប្រឆាំងនឹង​ការដាក់ទោស​លើ​រូបលោក​។ ប៉ុន្តែ​សាលាឧទ្ធរណ៍​បាន​ច្រានចោល​ការជំទាស់​របស់​លោក ដោយ​លើកឡើងថា ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​សម​ហេតុផល និង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​។ 
 
​សូម​រម្លឹកថា កាលពី​អំឡុង​ខែតុលា ឆ្នាំ​២0១៦ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​លោក អ៊ុំ សំអាន ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំកន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន​បួន​លាន​រៀល ពីបទ​«​ញុះញង់​នាំ​ឲ្យ​មានការ​រើសអើង និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ពាក់ព័ន្ធ​នឹង​ការបញ្ចេញ​ទស្សនៈ​ពី​បញ្ហា​ព្រំដែន​តាម​ហ្វេ​ស​ប៊ុ​ក​។ មកដល់ពេលនេះ លោក បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំកន្លះ​ហើយ​៕

Tag:
 តុលាការ
  មេធាវី
  អ៊ុំ សំអាន
© រក្សាសិទ្ធិដោយ thmeythmey.com