កីឡាជាតិ
ជាតិ
ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ បញ្ជាក់​ពី​ការពិន័យ​លោក មាស សារិន មួយជីវិត
09, Feb 2018 , 12:12 pm        
រូបភាព
លោក Claude Azema និងលោក មាស សារិន។ រូបថត AFP និង TTN
លោក Claude Azema និងលោក មាស សារិន។ រូបថត AFP និង TTN
​លោក Claude Azema ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ (FIPJP) កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧ បាន​សរសេរ​លិខិត​មួយ​ទៅកាន់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ទាក់ទង​នឹង​ការពិន័យ​លោក មាស សារិន ពី​សកម្មភាព​កីឡា​ប៉េតង់​អស់​មួយជីវិត​។ តែ​អតីត​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា លោក​បាន​លាឈប់​ពី​សហព័ន្ធ​ដោយ​ខ្លួនឯង មិនមែន​ដោយសារ​ការពិន័យ​ណាមួយ​ឡើយ​។​



​នា​អំឡុង​កិច្ចប្រជុំ​គណៈកម្មការ​ប្រតិបត្តិ​នៅ​ក្រុង Kaihua ខេត្ត​ស៊ី​ជាំ​ង ប្រទេស​ចិន កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ (FIPJP) បានសម្រេច​ពិន័យ​ថ្នាក់ដឹកនាំ​កីឡា​ប៉េតង់​មួយចំនួន​នៅ​តំបន់​អាស៊ី​ពី​សកម្មភាព​កីឡា​ប៉េតង់​អស់​មួយជីវិត ដែល​ក្នុងនោះ មាន​លោក មាស សារិន ផងដែរ​។​

​តាមរយៈ​លិខិត​ជា​ភាសា​បារាំង​ចុះ​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧ ដែល​សារព័ត៌មាន​ថ្មីៗ ទើប​ទទួលបាន​នោះ លោក Claude Azema ប្រធាន FIPJP បាន​ចោទ​លោក មាស សារិន ថា បាន​យក​សកម្មភាព​កីឡា​ប៉េតង់​ទៅ​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន ជា​ប្រយោជន៍​រួម នា​រយៈពេល​៣​ឆ្នាំកន្លងមក​។​

​លោក Claude Azema បាន​អះអាងថា ការធ្វើការងារ​ដាច់ដោយឡែក​ពី​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មិនមែនជា​របៀប​ធ្វើការ​ដ៏​ត្រឹមត្រូវ​នោះឡើយ​។ មេដឹកនាំ​កីឡា​ជនជាតិ​បារាំង​រូបនេះ បាន​បញ្ជាក់ថា លោក​ធ្លាប់​បានលើកឡើង​ពី​បញ្ហា​នេះ​ប្រាប់​ទៅ​សម្តេច សុខ អាន អតីត​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ផងដែរ នា​ជំនួប​នៅ​ទីក្រុង​ប៉ារីស​។



ជាមួយគ្នានេះ លោក Azema បានលើកឡើង​ពី​ការពិន័យ​ស្រដៀង​គ្នា​លើ​ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​ឡាវ លោក Khamla Vinlaythong កន្លងមក ដែល​ធ្វើ​ឲ្យ​កីឡាករ​-​កីឡាការិនី​ឡាវ បាត់បង់​ឱកាស​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ដែល​រៀបចំ​ដោយ FIPJP និង​សហព័ន្ធ​កីឡា​ប៊ូល​អាស៊ី (ABSC)​។ លោក Azema បាន​ព្រមាន​ថា កម្ពុជា​នឹង​ទទួលរង​ផលប៉ះពាល់​ដូចគ្នា បើ​លោក មាស សារិន នៅតែ​បន្តការងារ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ប៉េតង់​។​

​លោក មាស សារិន បាន​ប្រតិកម្ម​តប​វិញ​ថា​៖ «​ប៉េតង់​កម្ពុជា ខ្ញុំ​ជា​អ្នកបង្កើត ហើយ​ពេលនេះ មាន​អ្នកចេះ​ធ្វើ​បន្ត​ហើយ ទើប​ខ្ញុំ​សម្រេចចិត្ត​លាឈប់ គ្មាន​អ្នកណា​មក​បញ្ឈប់​ខ្ញុំ​ឡើយ​»​។ ទាក់ទង​នឹង​ការចោទប្រកាន់​របស់លោក Azema អតីត​អគ្គលេខាធិការ​ប៉េតង់​កម្ពុជា​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុស​នោះឡើយ លោក​បារាំង​នោះទេ ដែល​ងប់​ង​ល់​នឹង​តំណែង ហើយ​កាន់កាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ជាពិសេស​គាត់​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​ថៃ​» ។​

​មុននឹង​ចុច​បិទ​ទូរ​សព្ទ លោក មាស សារិន បានបញ្ជាក់​បន្ថែមថា ការសម្រេចចិត្ត​លា​ចេញពី​កីឡា​ប៉េតង់ ដោយសារតែ​លោក​ត្រូវបាន​គេ​តម្រូវ​មក​ធ្វើជា​សមាជិក​ធម្មតា​នៅក្នុង​សហព័ន្ធ​ដែល​លោក​បាន​បង្កើត​។​


នា​សន្និបាទ​កាលពី​ថ្ងៃទី​២៥ ខែឧសភា សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​សហ​ព៏​ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ជំនួស​សម្តេច សុខ អាន ដែល​បានទទួល​មរណភាព រីឯ​លោក ព្រហ្ម ឌិន ជាប់​ជា​អនុប្រធាន​ទី​១ លោក សោម ចិន លោក ម៉ៅ ប៊ុន​ណារិន លោក អ៊ុក សិទ្ធិ​ជាតិ និង​លោក ស៊ុម សុជាតិ ជា​អនុប្រធាន​។ ជាមួយគ្នានេះ លោក អ៊ិន គឹម​ស្រ៊ុន ក្លាយជា​អគ្គលេខាធិការ ហើយ​លោក មាស សារិន ស្ថិតក្នុង​ចំណោម​សមាជិក​ប្រតិបត្តិ​។​

​កាលពីពេល​ថ្មីៗ​កន្លងមកនេះ សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ (FIPJP) បាន​បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​នៅ​រាជធានី​ភ្នំពេញ ហើយ​នាឱកាស​នោះ លោក Claude Azema បាន​អះអាងថា ការដាក់ពិន័យ​លោក មាស សារិន មិនមែនជា​វិធានការ​ប្រឆាំង​កីឡា​កម្ពុជា​ទាំងមូល​នោះឡើយ​។​


ជាមួយគ្នានេះ លោក Victor Nataf ប្រធាន​វិទ្យាស្ថាន​ជាតិ​កីឡា​របស់​បារាំង បាន​ចូលជួប​សម្តេច ស ខេង ដើម្បី​លើកឡើង​ពី​ផែនការ​រួមគ្នា​ក្នុងការ​ពង្រឹង​កីឡា​ប៉េតង់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ជាពិសេស​ក្នុង​ក្របខណ្ឌ​អាស៊ី និង​ពិភពលោក​៕




Tag:
 ប៉េតង់
  មាស សារិន
© រក្សាសិទ្ធិដោយ thmeythmey.com