អន្តរជាតិ
នយោបាយជាតិ
Amnesty International ស្នើមហាជនផ្ញើសារទៅសម្តេច ហ៊ុន សែន ដើម្បីសុំដោះលែងលោក កឹម សុខា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបាននាំខ្លួនទៅកាន់សវនាការនៃសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២0១៨។ រូបភាពពីហ្វេសបុក
× ភ្នំពេញ៖ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញមុខម្តងទៀត ក្នុងការទាមទារឲ្យដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានជាប់ពន្ធនាគារអស់រយៈពេលជិតកន្លះឆ្នាំមកហើយ ក្រោមការសង្ស័យរបស់តុលាការ ពាក់ព័ន្ធអំពើក្បត់ជាតិ។ លើកនេះ អង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវឲ្យសាធារណជន ចូលរួមជាមួយខ្លួនតែម្តង ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា។
វិធីសាស្ត្រ និងមធ្យោបាយ ដែលអង្គការលើកលែងទោសអន្តរជាតិ បានណែនាំឲ្យសាធារណជន ប្រើប្រាស់នៅក្នុងយុទ្ធនាការទាមទារឲ្យដោះលែងលោក កឹម សុខា គឺការផ្ញើសារតាមទូរសារ ទៅកាន់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស យ៉ាងយូរបំផុតឲ្យបានមុនឬត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២0១៨ តាមរយៈគេហទំព័រអង្គការខ្លួន។
យុទ្ធនាការរបស់អង្គការលើកលែងទោសអន្តរជាតិ គឺធ្វើឡើង ក្រោយទទួលបានព័ត៌មានពីមេធាវីនិងអ្នកសង្កេតការណ៍ថា សុខភាពរបស់លោក កឹម សុខា កំពុងធ្លាក់ចុះ។ អង្គការលើកលែងទោសអន្តរជាតិ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខភាពរបស់លោក កឹម សុខា។
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២0១៨ សមត្ថកិច្ច បាននាំលោក កឹម សុខា ពីពន្ធនាគារ ក្នុងខេត្តត្បូងឃ្មុំ ទៅកាន់សាលាឧទ្ធរណ៍ នៅរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ លើសំណើសុំនៅក្រៅឃុំជាបណ្តោះអាសន្ន។ ប៉ុន្តែ សំណើនេះ ត្រូវបានសាលាឧទ្ធរណ៍ ច្រានចោល។ មេធាវី បានប្រាប់ក្រុមអ្នកកាសែតនាពេលនោះថា លោក កឹម សុខា មានជំងឺរហូតដល់ទៅបីប្រភេទឯណោះ គឺលើសឈាម ទឹកនោមផ្អែមប្រភេទធ្ងន់ និងកៀបសរសៃដៃខាងឆ្វេង។
អង្គការអន្តរជាតិ និងបណ្តាប្រទេសនានា ដោយមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាអ្នកនាំមុខ នៅតែទទូចឲ្យដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពឡើងវិញ ដើម្បីបានចូលរួមការបោះឆ្នោត ក្នុងឆ្នាំ២0១៨។ ឯអតីតក្រុមអ្នកប្រឆាំងមួយចំនួន ទើបនឹងនាំគ្នាបង្កើតចលនាសង្គ្រោះជាតិ នៅក្រៅប្រទេស ដើម្បីបន្តការទាមទាររបស់ពួកគេ។ លោក សម រង្ស៊ី គឺជាស្ថាបនិកនិងជាប្រធាននៃចលនាថ្មីនេះ។
យ៉ាងណាក៏ដោយចុះ រហូតមកដល់ពេលនេះ ដំណឹងនៃការដោះលែងលោក កឹម សុខា ឬការរស់ឡើងវិញនូវគណបក្សសង្គ្រោះជាតិ នៅតែគ្មានពន្លឺសូម្បីបន្តិច។ ផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជា ប្រកាសជំហរជាដដែលៗថា ចំណាត់ការទាំងនេះ គឺស្របនឹងច្បាប់ ហើយស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយប្រទេសដទៃ មិនអាចជ្រៀតជ្រែកបានឡើយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បកស្រាយជាច្រើនលើកច្រើនសាថា លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ រួមទាំងថ្នាក់ដឹកនាំផ្សេងទៀតនៃគណបក្សនេះ បានសាងកំហុសដោយខ្លួនឯង ទើបរងនូវចំណាត់ការពីតុលាការបែបនេះ៕
Tag:
Amnesty International
កឹម សុខា
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com