ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បាក់តេរី​ដែលមាន​ក្នុង​ទឹកដោះគោ និង​សាច់គោ​ជាប់ទាក់ទង​នឹង​ជំងឺ​រលាក​សន្លាក់​
09, Feb 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​ទឹកដោះគោ ឬ​ញ៉ាំ​សាច់គោ​អាច​បង្ក​ជា​ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatoid Arthritis បាន​។ យ៉ាងណាមិញ ការសិក្សា​នេះ​មាន​ផលវិបាក​ច្រើនជាង​អ្វីដែល​សារព័ត៌មាន​នេះ​រាយការណ៍​ទៅទៀត​។



​អ្នកស្រាវជ្រាវ​បាន​តាមដាន​ទៅលើ​ការ​បំបែក​ហ្សែ​ន​ក្នុង​កោសិកា​ឈាម​របស់​អ្នកជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatoid Arthritis ហើយ​ពួកគេ​ជឿជាក់ថា ការ​បំបែក​ខ្លួន​ទៅលើ​ហ្សែ​ន​មួយ​ដែល​សម្រួល​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ប្រហែល​ជាមាន​បញ្ហា រហូតដល់​វា​បង្ក​ជាការ​ឆ្លើយតប​ការ​រលា​ក និង​បំផ្លាញ​ដល់​សន្លាក់​ព្រមទាំង​ជាលិកា​ថែមទៀត​។

​ពួកគេ​ក៏បាន​ធ្វើតេស្ត​ទៅលើ​ឈាម​របស់​អ្នកជំងឺ​រកមើល DNA ចេញពី បាក់តេរី Mycobacterium Avium ដែលជា​អំបូរ​មួយ​របស់ បាក់តេរី Paratuberculosis ឬ​ហៅថា MAP ។ អ្នកស្រាវជ្រាវ​បាន​ភ្ជាប់​ទំនាក់ទំនង MAP ទៅនឹង​ជំងឺ​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​នឹង​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ដូចជា ជំងឺ​រលាក​ពោះ Crohn’s Disease ជាដើម​។ MAP ច្រើន​តែមាន​ក្នុង​សត្វ​គោ​ក្នុងប្រទេស​អាមេរិក និង​អាច​ត្រូវបាន​គេ​រកឃើញ​ក្នុង​ផលិតផល​សាច់ ឬ​ទឹកដោះគោ​ដែលមាន​មេរោគ​ចេញពី​គោ​ដែលមាន​ជំងឺ​ដែរ​។

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែលមាន​ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis ទំនងជា​មានការ​បំបែក​ហ្សែ​ន​ច្រើនជាង​អ្នក​ដែលមាន​សុខភាព​ល្អ ហើយ​ពួកគេ​ក៏​ទំនង​ជាមាន DNA របស់​បាក់តេរី MAP ទៀត​។ នៅពេល​ធ្វើតេស្ត កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​បានបង្ហាញ​នូវ​ការឆ្លើយតប​មួយ​ជា​លក្ខណៈ​មាន​សកម្ម​ភាពខ្លាំង​ទៅនឹង​ការបង្ក​រោគ MAP ។ រឿងនេះ​មិនបាន​កើតឡើង​ក្នុង​កោសិកា​ដែល​មិនមាន​ហ្សែ​ន​បំបែក​ខ្លួន​ឡើយ​។

​អ្នកស្រាវជ្រាវ​បាន​បង្កើត​ទ្រឹស្តី​ថា បាក់តេរី MAP ប្រហែលជា​បង្ក​ជា​ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis លើ​អ្នក​ដែល​មានការ​បំបែក​ហ្សែ​ន​។ យ៉ាងណាមិញ រឿងនេះ​មិនមែន​មានន័យថា MAP ដឹង​តែ​បង្ក​ជា​ជំងឺ​នេះឡើយ​។ ស្ថិតក្នុង​ដំណាក់កាល​នេះ វា​គ្រាន់តែ​ជា​ទំនាក់ទំនង​មួយ​ប៉ុណ្ណោះ​។ វា​នៅតែ​មិនទាន់​ច្បាស់​ថា​អ្វី​ទៅជា​អ្នកធ្វើ​ឲ្យ​មាន​ជំងឺ​រលាក​សន្លាក់​ប្រភេទ​នេះ ប៉ុន្តែ​ហ្សែ​ន​ដំណរ​ពូជ និង​ការជក់បារី​មាន​ទំនាក់ទំនង​នឹង​ជំងឺ​នេះ​ខ្លាំងណាស់​។​

​អ្នក​ប្រហែល​ជាមាន​ហេតុផល​ផ្ទាល់ខ្លួន​ថា​ត្រូវ​ញ៉ាំ​ទឹកដោះគោ ឬ​ញ៉ាំ​សាច់គោ​ទៀត​ឬ​អត់ ប៉ុន្តែ​ការសិក្សា​នេះ​មិនបាន​ផ្តល់នូវ​អំណះអំណាង​អ្វី​ទាំងអស់​ថា ការចៀសវាង​ញ៉ាំ​អាហារ​នេះ​អាច​បង្កា​ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com