កីឡាជាតិ
ជាតិ
ខ្សែបម្រើ​ប្រយុទ្ធ​ជម្រើសជាតិ​ឡេ​សូ​តូ Tsotleho Jane មក​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន​
09, Feb 2018 , 3:52 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្លិបភ្នំពេញក្រោន
រូបភាពពីហ្វេសប៊ុកក្លិបភ្នំពេញក្រោន
ដោយ:
​ខ្សែបម្រើ​ប្រយុទ្ធ Tsotleho Jane ដែលមាន​ឈ្មោះ​ក្រៅ Sunny ជា​សមាជិក​ជម្រើសជាតិ​ឡេ​សូ​តូ បាន​ចុះកិច្ចសន្យា​រួមរស់​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​សម្រាប់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៨​។ Sunny មាន​វ័យ​២៦​ឆ្នាំ បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​តាំងពី​អាយុ​៤​ឆ្នាំ នឹង​ធ្លាប់​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​លី​គ​ទី​២​របស់​អាមេរិក​ទៀតផង​។



​កីឡាករ Tsotleho Jane វ័យ​២៦​ឆ្នាំ ដែល​បាន​ជាប់​ជា​សមាជិក​ជម្រើសជាតិរ​បស់​ឡេ​សូ​តូ​តាំងពី​ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន​បាន​ចុះកិច្ចសន្យា​រួមរស់​រយៈពេល​១​ឆ្នាំ​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨​។ មុន​ផ្ទេរ​មកកាន់​ទឹកដី​កម្ពុជា Sunny ធ្លាប់​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​លី​គ​ទី​២​របស់​សហរដ្ឋអាមេរិក Wilmington Hammerheads នៅ​ឆ្នាំ​២០១៤ និង ២០១៥​។​

​ក្រោយមក​កីឡាករ​សញ្ជាតិ​ឡេ​សូ​តូ​រូបនេះ បាន​ផ្លាស់​ទៅកាន់​ក្លិប​ក្របខណ្ឌ​លី​គ​ទី​២​របស់​សហរដ្ឋអាមេរិក​ដូចគ្នា គឺ Richmond Kickers នៅ​ឆ្នាំ​២០១៦ និង ២០១៧ មុន​មក​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន​នៅ​ឆ្នាំនេះ​។

​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ កើត​នៅ​ឆ្នាំ​១៩៩១ ក្នុង​ទីក្រុង​ម៉ា​សេ​រុយ​(Maseru)​ប្រទេស​ឡូ​សូ​តូ​(Lesotho)​ដែល​ស្ថិតនៅក្នុង​តំបន់​អាហ្វ្រិក​ខាងត្បូង​។ គេ​បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​តាំងពី​អាយុ​៤​ឆ្នាំ បន្ទាប់មក​បានធ្វើ​ជា​យុវជន​របស់​ក្លិប​បាល់ទាត់​ក្នុងស្រុក​មួយ Ranger FC ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​១៩៩៨​។ ក្រោយមក​គេ​បាន​ផ្លាស់​ទៅលេង​ឲ្យ​ក្លិប Emmanuel FC ដែលមាន​មូលដ្ឋាន​ក្នុងស្រុក​ដូចគ្នា​ពី​ឆ្នាំ​១៩៩៨-២០០៣ មុន​ផ្លាស់​ទៅ​រស់​នៅលើ​ទឹកដី​អាមេរិក​ក្នុង​ទីក្រុង Louisville Kentucky នៅ​ឆ្នាំ​២០០៤​។

​នៅលើ​ទឹកដី​អាមេរិក​កីឡាករ​សញ្ជាតិ​ឡេ​សូ​តូ​រូបនេះ បាន​ចូលរួម​ជាមួយ​ក្លិប​ប្រចាំ​សាកលវិទ្យាល័យ Maryland Terrapin ពី​ឆ្នាំ​២០១០ ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៣ រួចបាន​ផ្ទេរ​ទៅកាន់​ក្លិប United FC ពាក់កណ្តាល​រដូវ​ឆ្នាំ​២០១៣​។

​កីឡាករ​ជម្រើសជាតិ​ឡេ​សូ​តូ Tsotleho Jane រួមជាមួយ​សមាជិក​ជាតិ​និង​អន្តរជាតិ​ដទៃទៀត ត្រូវ​ជួយ​ភ្នំពេញ​ក្រោ​ន​ប្រជែង​ដណ្តើម​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​សម្រាប់​រដូវ​កាល​២០១៨ ដែល​នឹង​បើក​សករាជ​ថ្មី​នា​ថ្ងៃទី​៣ មីនា ខាងមុខនេះ​៕  


Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  Tsotleho Jane
© រក្សាសិទ្ធិដោយ thmeythmey.com