អន្តរជាតិ
អាមេរិក​ថា ឥរិយាបថ​ទន់ភ្លន់រ​បស់​កូរ៉េខាងជើង​ដាក់​កូរ៉េខាងត្បូង ជា​រឿង​គ្មាន​ខ្លឹមសារ​
09, Feb 2018 , 9:19 pm        
រូបភាព
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន ចាប់ដៃប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (រូបភាព៖ AFP)
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន ចាប់ដៃប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (រូបភាព៖ AFP)
​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ តំណាង​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង​និយាយថា ការបន្ទន់​ឥរិយាបថ​របស់​កូរ៉េខាងជើង​អំឡុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ជា​រឿង​គ្មាន​ន័យ ។ ប្រមុខរដ្ឋ​កូរ៉េខាងជើង គីម យ៉ុង​ណា​ម និង​ប្អូនស្រី​លោក គីម ជុង​អ៊ុន នឹងចូលរួម​ក្នុង​កម្មវិធី​នេះ​។ លោក Marc Knapper ភារៈធារី​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​សេ​អ៊ូ​ល​ចាត់ទុក​ការប៉ុនប៉ង​របស់​កូរ៉េខាងជើង នឹងមិន​អាច​បំបែក​សម្ព័ន្ធភាព​អាមេរិក​-​កូរ៉េខាងត្បូង​ដ៏​រឹងមាំ​បានឡើយ​។



​វត្តមាន​លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​បង្កើត​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​កូរ៉េខាងត្បូង កំពុង​ក្លាយជា​ចំណាប់អារម្មណ៍​ខ្លាំង​។ លោក Marc Knapper មន្ត្រី​ទូត​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង​និយាយថា ប្រតិភូ​កូរ៉េខាងជើង​ពិតជា​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សារព័ត៌មាន ព្រោះនេះ​ជា​លើកទីមួយ​ដែល​សន្តិ​វង្ស​ត្រកូល គីម ជាន់​ទឹកដី​កូរ៉េខាងត្បូង ក្រោយ​សង្គ្រាម​កូរ៉េ​ត្រូវបាន​បញ្ចប់​។​

​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន ក៏មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នេះដែរ តែ​គម្រោង​ជួប​ជាមួយ​មន្ត្រី​កូរ៉េខាងជើង​មិនមាន​ឡើយ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ លោក Knapper មិនបាន​បញ្ជាក់ថា លោក ផេ​ន ជួប​លោក គីម យ៉ុង​ណា​ម ឬ​លោកស្រី គី យ៉ូ​ចុង ឡើយ តែ​បាន​រំឭក​សម្ដី​លោក ផេ​ន ថា ចាំមើល​សិន​។ តែ​កូរ៉េខាងជើង​ប្រកាស​ច្បាស់​ហើយ​ថា ខ្លួន​មិន​ចង់​ជួប​មន្ត្រី​អាមេរិក​ឡើយ​។ 

​ជាមួយ​វត្តមាន​មន្ត្រីជាន់ខ្ពស​កូរ៉េខាងជើង​នៅ​កូរ៉េខាងត្បូង​លើក​នេះ លោក Knapper បញ្ជាក់ថា ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងត្បូង​នឹង​នៅតែ​រឹងមាំ ដ្បិត​កូរ៉េខាងជើង​ត្រូវ​ចំណាយ​កម្លាំង​ច្រើន បើ​ចង់​បំបែក​សម្ព័ន្ធភាព​យូរអង្វែង​មួយ​នេះ​។ បើតាម​សម្ដី​មន្ត្រី​ទូត​អាមេរិក​រូបនេះ សម្ព័ន្ធភាព​រវាង​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ាស៊ីនតោន រឹងមាំ​គ្រប់គ្រាន់​ដែល​អាច​ទប់ទល់​ការ​ចែចូវ​ណាមួយ រាប់ទាំង​ការប្រឹងប្រែង​របស់​ក្រុង​ព្យុងយ៉ាង​ផង​។​

​យ៉ាងណាមិញ មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង ទំនង​ជួប​មុខ​គ្នា​ក្នុង​ពិធីជប់លៀង​សម្រាប់​មេដឹកនាំ​បរទេស​ដែល​រៀបចំ​ដោយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​៩ ខែកុម្ភៈ​។ នេះ​បើតាម​ការប្រកាស​របស់​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​។ ចំណែកឯ​មន្ត្រី​កូរ៉េខាងត្បូង​ផ្នែក​ពិធីការ​កំពុង​ឈឺក្បាល​ខ្លាំង ដោយ​ត្រូវ​រៀបចំ​កន្លែង​ឲ្យ​សមរម្យ​ក្នុង​កម្មវិធី​បើក​ព្រឹត្តិការណ៍ ព្រោះតែ​ការចូលរួម​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ផង និង​កូរ៉េខាងជើង​ផង​។​

​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​កូរ៉េខាងជើង​នេះដែរ អាមេរិក​បាន​សាទរ និង​ចាត់ទុក​ទស្សនកិច្ច​នេះ​ជា​ឱកាស​សម្រាប់​មេដឹកនាំ​រដ្ឋ​ឯកោ​មួយ​នេះ បាន​ឃើញនឹងភ្នែក​ពី​ការរីកចម្រើន​នៅ​ខាងត្បូង​។ លោក Knapper បញ្ជាក់ថា កូរ៉េខាងជើង​នឹង​យល់​ពី​រឿង​ល្អៗ​ដែល​កើតឡើង ពេល​ងាក​ទៅរក​សហគមន៍​អន្តរជាតិ ហើយ​សម្រេចចិត្ត​ដោយ​ត្រឹមត្រូវ​៕


Tag:
 ​អាមេរិក​
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com