ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក មាន​សុទិដ្ឋិនិយម​លើ​កិច្ចសហការ​បញ្ជូន​ជនជាតិខ្មែរ ដែល​ប្រព្រឹត្ត​ខុសច្បាប់​មក​កម្ពុជា​វិញ​
09, Feb 2018 , 8:19 pm        
រូបភាព
​ឧបការី​អាមេរិក ដែល​បន្ទុក​លើ​កិច្ចការ​កុងស៊ុល លោក Carl C. Risch (ខាងឆ្វេង) និងលោក Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា (ខាងស្ដាំ)
​ឧបការី​អាមេរិក ដែល​បន្ទុក​លើ​កិច្ចការ​កុងស៊ុល លោក Carl C. Risch (ខាងឆ្វេង) និងលោក Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា (ខាងស្ដាំ)
​ភ្នំពេញ​៖ អាមេរិក មាន​សុទិដ្ឋិនិយម​ច្រើន​លើ​កិច្ចសហការ​ជាមួយ​កម្ពុជា ក្នុងការ​បញ្ជូន​ជនជាតិខ្មែរ ដែល​ប្រព្រឹត្តខុសច្បាប់​មក​កម្ពុជា​វិញ​។​



​ឧបការី​អាមេរិក ដែល​បន្ទុក​លើ​កិច្ចការ​កុងស៊ុល លោក Carl C. Risch មក​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​ខ្លី ហើយ​លើកយក​បញ្ហា​បញ្ជូន​ជនជាតិ​កម្ពុជា មក​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​។ លោក Carl C. Risch សង្ឃឹមថា រដ្ឋាភិបាល​កម្ពុជា នឹង​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ ក្នុង​សម្របសម្រួល​លើ​បញ្ហា​ជនជាតិខ្មែរ ដែល​អាមេរិក​ត្រៀម​បញ្ជូនមក​កម្ពុជា​វិញ​នេះ​។ ប៉ុន្តែ​លោក មិនបាន​បង្ហើប​អំពី​ខ្លឹមសារ​លម្អិត ដែល​លើក​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ជុំវិញ​ការបញ្ជូន​ជនជាតិ​កម្ពុជា​នេះ​ទេ​។ 

 
​ថ្លែង​ក្នុង​សន្និសីទកាសែត នៅក្នុង​និវាសដ្ឋាន​ទូត​អាមេរិក នា​រសៀល​ថ្ងៃទី​៩ កុម្ភៈ​នេះ ឧបការី​អាមេរិក ដែល​បន្ទុក​លើ​កិច្ចការ​កុងស៊ុល​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹមថា រដ្ឋាភិបាល​កម្ពុជា នឹង​ផ្លាស់ប្តូរ​គោលនយោបាយ​ដោយ​ព្រម​ទទួលយក​ជនជាតិ​កម្ពុ​ជា​វិញ​។ ព្រោះ​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់បាន​ទៅ​អាមេរិក​កាលពី​ខែធ្នូ ដើម្បី​សួរ​បញ្ជាក់​ពី​ជនជាតិ​កម្ពុជា ក្នុងការ​ត្រឡប់មកវិញ ដូច្នេះ​ខ្ញុំ​មក​កម្ពុជា​នៅថ្ងៃនេះ ដើម្បី​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​លើ​បញ្ហា​នេះ​…​។ ហើយ​ខ្ញុំ​មាន​សុ​ទ្ទិ​ដ្ឋ​និយម​ថា នៅពេល​ខាងមុខ​កម្ពុជា និង​សហការ​ជាមួយ​អាមេរិក​យ៉ាង​ល្អ​លើ​បញ្ហា​នេះ​»​។​

 
​លោក Carl C. Risch មិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​ជនជាតិខ្មែរ ដែល​អាមេរិក​គ្រោង​បញ្ជូនមក​កម្ពុជា​វិញ​ទេ ដោយ​លោក​រង់​ចាំមើល​ដំណើរ​ការចរចា​បន្ថែម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​សិន​។ «​នៅថ្ងៃនេះ​មន្ត្រី​រដ្ឋាភិបាល បង្ហាញ​ការគាំទ្រ​និង​ខិតខំ​ប្រឹងប្រែង ចំពោះ​ដំណើការ​បញ្ជូន​ជនជាតិ​កម្ពុជា​ឲ្យ​ប្រសើរ​ឡើងវិញ​។ ហើយ​ខ្ញុំ​សង្ឃឹមថា ពេល​ត្រឡប់​ទៅ​អាមេរិក​វិញ​នេះ ក្រុមការងារ​ខ្ញុំ​នឹង​អាចជួយ​សម្រួល​ស្ថានការណ៍​រវាង​កម្ពុជា​និង​អាមេរិក​វិញ​»​។ នេះ​បើជា​ការលើកឡើង​របស់​លោក Carl C. Risch ដែល​បន្ថែមថា លោក​ក៏បាន​លើកឡើង​ពី​បញ្ហា​ទណ្ឌកម្ម​រឹតបន្តឹង​ទិ​ដ្ឋ​ការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

 
​បន្ថែម​ពីនេះ​លោក Carl C. Risch បាន​និយាយថា មូល​ហេតុដែល​អាមេរិក​បញ្ជូន​ជនជាតិខ្មែរ ដែល​ប្រព្រឹត្ត​ខុសច្បាប់​មក​កម្ពុជា​វិញ​នេះ ក្រោម​ហេតុផល​ថា អាមេរិក​ពង្រឹង​សន្តិសុខ​ក្នុងប្រទេស​ខ្លួន​។ ចាប់តាំងពី​ឆ្នាំ ២០០២ មក អាមេរិក​បាន​បញ្ជូន​ជនជាតិខ្មែរ ដែល​ខុសច្បាប់​មក​កម្ពុជា​វិញ ជាង​៦០០​នាក់​ហើយ​។ នេះ​បើតាម​លោក Carl C. Risch​។​

អត្ថបទទាក់ទង

 
​កន្លងមក​រដ្ឋាភិបាល ប្រកាស​ទទួលយក​ពល​រដ្ឋ​ខ្មែរ ដែល​អាមេរិក​គ្រោង​បញ្ជូនមក​កម្ពុជា​វិញ ដោយ​អនុវត្តតាម​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ​។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់ កាលពី​ថ្ងៃទី​៦ ធ្នូ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ខ្មែរ ដែល​ភៀសខ្លួន​រស់នៅ​អាមេរិក​ក្រោយ​ឆ្នាំ​១៩៩៤ ហើយ​គ្រោង​បញ្ជូនមក​ក​ម្ព​ជា​វិញ​នេះ​។ តែ​យ៉ាងណា​ប្រមុខ​រដ្ឋាភិបាល ស្នើ​ឲ្យ​អាមេរិក​ផ្ដល់ជំនួយ​ឲ្យ​បាន​សមស្រប​ដល់​ពលរ​ដ្ឋ​ខ្មែរ​ទាំងនោះ​ផងដែរ មុននឹង​បញ្ជូនមក​កម្ពុជា​៕

Tag:
 អាមេរិក​
 ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com