ពីនេះ ពីនោះ
លបម៉ាឡេ ឬលបមាត់១០០ វាយលុកផ្ទៃទឹកទន្លេសាប
× នេះជាទិដ្ឋភាពដ៏ស្អេកស្កះនៃប៊ីដុងទឹកប្រភេទ៣០លីត្រ ដែលប្រជានេសាទយកមកធ្វើជាកំសួលដើម្បីបណ្តែត «លបម៉ាឡេ ឬ លបមាត់១០០» ក្នុងទន្លេសាប ដែលសិ្ថតនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
លបនេះ ត្រូវប្រជានេសាទនៅក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ហៅតៗគ្នាថា «លបម៉ាឡេ ឬ លបមាត់១០០» ។ លបនេះ មានប្រវែងជាង១០ ម៉ែត្រ ចែកចេញជាកង់ៗ ទំហំ ៤ស.ម គុណនឹង ៤ស.ម បន្តគ្នាជាខ្សែ។ លបម៉ាឡេ ឬ លបមាត់១០០មួយខ្សែ អាចមានសមត្ថភាពចាប់ត្រីបានលើសពី១០០គីឡូក្រាម ក្នុងមួយលើក។ ការនេសាទដោយប្រើលបមាត់១០០ គឺចំណាយពេលតិចជាងការនេសាទដោយដាក់មង។ អ្នកនេសាទគ្រាន់តែយកវាទៅទម្លាក់ក្នុងទឹក ដោយចុងម្តាងនៃលប ដែលមានចងកូនទម្ងន់ដើម្បីវាធ្លាក់ដល់បាតទន្លេ ឯចុងម្ខាងទៀត គេចងភ្ជាប់នឹងពីដុង៣០លីត្រ ធ្វើកំសួលបណ្តែតលើផ្ទៃទឹកជាការស្រេច។ ដោយសារប្រសិទ្ធភាព និងភាពងាយស្រួលរបស់លប បើប្រៀបធៀបនឹងការនេសាទដោយមង ប្រជានេសាទម្នាក់អាចមានលបមាត់១០០ នេះ ចាប់ពី ៥ ទៅ ២០ខ្សែឡើងទៅបណ្តែតក្នុងទន្លេសាបនេះ។ ត្រីគោលដៅដែលលបមាត់១០០នេះចាប់បាន គឺជាប្រភេទត្រីប្រហុក ពិសេសពពួកត្រីរៀល Gymnostomus caudimaculatus, Gymnostomus horai, ត្រីរៀលអំពិល Gymnostomus lineatus, ត្រីរៀលអង្កាម Gymnostomus lobatus, ត្រីផ្កាគ Gymnostomus ornatipinnis, ត្រីរៀលតុប Gymnostomus siamensis។
នៅក្នុងប្រទេសកម្ពុជាខណៈពេលដែលកម្ពស់ទឹកចាប់ផ្តើមស្រកក្នុងខែតុលា ហ្វូងត្រីរៀល ក៏ចាប់ផ្តើមធ្វើចរាចរផ្លាស់ទីជាប្រចាំឆ្នាំ ចេញពីតំបន់ព្រៃលិចទឹក។ ការធ្វើចរាចរនេះ ចេះតែកើនឡើងច្រើនជាលំដាប់ រហូតដល់ខែធ្នូ ជាពិសេសចេញពីបឹងទន្លេសាប ឆ្ពោះទៅក្នុងទន្លេមេគង្គ បន្ទាប់មក ក៏ធ្លាក់ចុះបន្តិចម្តងៗ។ ចាប់ពីខែតុលា ដល់ខែកុម្ភៈ ពពួកត្រីរៀល ធ្វើចរាចរផ្លាស់ទីចេញពីស្រុកមុខកំពូល ខេត្តកណ្តាល មុនយប់ថ្ងៃពេញបូរមី ឆ្លងកាត់ទន្លេចតុមុខ ភ្នំពេញ ឆ្ពោះទៅល្បាក់ខោន។ នៅខ្សែទឹកខាងលើក្នុងខេត្តក្រចេះ វត្តមានត្រីរៀលតុបដ៏ច្រើនលើសលប់ នាយប់ថ្ងៃពេញបូរណ៍មី និងនៅសំបូរ ខេត្តក្រចេះ នាថ្ងៃបន្ទាប់។ នៅក្បែរល្បាក់ខោន សកម្មភាបធ្វើចរាចរផ្លាស់ទីរបស់ពពួកត្រីរៀល បន្តរហូតដល់ខែមិនា ប៉ុន្តែក្នុងខែមេសា វាធ្វើចរាចរចុះ-ឡើងទាំងពីរទិស។ ចាប់ពីខែឧសភា ដល់កក្កដា ខណៈពេលដែលរដូវវស្សាចាប់ផ្តើម ពពួកត្រីរៀលធ្វើចរាចរផ្លាស់ទីចុះមកខ្សែខាងទឹកខាងក្រោម ចូលទៅតំបន់ទំនាបព្រៃលិចទឹកក្នុងបឹងទន្លេសាប និងទៅតំបន់ដីសណ្តទន្លេមេគង្គ ក្នុងប្រទេសវៀតណាម។
ពពួកត្រីរៀល ត្រូវបានគេចាត់ទុកថាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជានរស់នៅក្នុងតំបន់។ ក្នុងរដូវសម្បូរត្រីបំផុតចាប់ពីខែតុលា ដល់ខែកុម្ភៈ ជារៀងរាល់ឆ្នាំ នៅតាមដងទន្លេសាប ប្រជាជនកម្ពុជានិយមយកពពួកត្រីរៀល ធ្វើជាត្រីប្រហុក និងត្រីឆ្អើរ ទុកសម្រាប់រដូវខ្សត់ត្រី។ ទំនប់វារិអគ្គិសនីនៅតាមដងទន្លេមេគង្គ អាចជាផលរំខានដល់វដ្តជីវិតរបស់ពពួកត្រីប្រភេទនេះ ដែលជាប្រភេទត្រីធ្វើចរាចផ្លាស់ទី និងរំលេចយ៉ាងច្បាស់ថា ពួកវាពឹងផ្អែកលើលំហូរទឹក និងគុណភាពទឹកដើម្បីសម្រួលដល់ការធ្វើចរាចរផ្លាស់ទីរបស់ពួកវាដើម្បីពង-កូន និងជាជំនួយដល់ការភ្ញាស់កូនត្រីផងដែរ។
(អត្ថបទ និងរូបភាព Chhut Chheana / USAID Wonders of the Mekong).
© រក្សាសិទ្ធិដោយ thmeythmey.com