អន្តរជាតិ
នយោបាយអន្តរជាតិ
ចិន ចាត់ទុកវិបត្តិនយោបាយម៉ាល់ឌីវជារឿងផ្ទៃក្នុង ដែលសហគមន៍អន្តរជាតិមិនគួរលូកដៃឡើយ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន (រូបភាព៖ Xinhua)
× រដ្ឋាភិបាលក្រុងប៉េកាំង បានមើលឃើញវិបត្តិនយោបាយរបស់ម៉ាល់ឌីវ គឺជារឿងផ្ទៃក្នុងរបស់ប្រទេសនោះទេ ។ ក្រុងប៉េកាំង ក៏ចង់ឃើញសហគមន៍អន្តរជាតិចូលរួមដោះស្រាយបញ្ហានេះក្នុងន័យស្ថាបនា ដើម្បីបញ្ចៀសការធ្វើឲ្យបញ្ហាកាន់តែសាំញ៉ាំ និងធ្ងន់ធ្ងរជាងមុខ ខណៈសហគមន៍អន្តរជាតិ បានព្រមានពីការបាត់បង់លទ្ធិប្រធានាធិបតេយ្យដោយសាររដ្ឋាភិបាលម៉ាល់ឌីវបច្ចុប្បន្ន ។
សូមរម្លឹកបន្តិចថា នៅសប្តាហ៍មុននេះ ប្រធានាធិបតីម៉ាល់ឌីវលោក Yameen បានសម្រេចប្រកាសដាក់រដ្ឋក្នុងភាពអាសន្នរយៈពេល ១៥ថ្ងៃ ក្រោយពេលដែលរដ្ឋាភិបាលរបស់លោកបានបដិសេធអនុវត្តសេចក្តីសម្រេចរបស់តុលាការកំពូល ដែលទាមទារឲ្យដោះលែងអ្នកទោសនយោបាយ ប្រាំបួនរូបនោះ។
មិនត្រឹមតែមិនអនុវត្តតាមសេចក្តីសម្រេចតុលាការប៉ុណ្ណោះទេ ប្រធានាធិបតីរូបនេះថែមទាំងបញ្ជាឲ្យគេចាប់ខ្លួនប្រធានតុលាការកំពូល និងចៅក្រមម្នាក់ រួមជាមួយអតីតប្រធានាធិបតី Maumoon Abdul Gayoom ដែលគេស្គាល់ច្បាស់ថាជាបងប្អូនបង្កើតម្តាយទីទៃរបស់លោក Yameen ផងដែរនោះ។
ប្រាកដណាស់ ទង្វើនេះ មិនទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិឡើយ ។ ជាក់ស្តែងនោះ ទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ទាំងឧត្តមស្តងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រួមទាំងអាមេរិកផងដែរនោះ បានសម្តែងការព្រួយបារម្ភខ្លាំងពីការថយក្រោយនៃប្រជាធិបតេយ្យម៉ាល់ឌីវ និងថែមទាំងទទូចឲ្យប្រមុខម៉ាល់ឌីវ ធានាឡើ់ងវិញពីការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋទៀតផង ។
តែសម្រាប់ចិនវិញ មិនចាត់ទុកបញ្ហានេះ គឺជារឿងធ្ងន់ធ្ងរដែលសហគមន៍អន្តរជាតិគួរលូកដៃឡើយ ។ នាសន្នសីទសារព័ត៌មានប្រចាំថ្ងៃ៧ កុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានអះអាងថា អ្វីដែលកំពុងតែកើតឡើងនៅក្នុងម៉ាល់ឌីវ គឺជាផ្ទៃក្នុងរបស់ប្រទេសម៉ាល់ឌីវនោះទេ ហើយភាគីពាក់ព័ន្ធ ក៏គួរតែដោះស្រាយបញ្ហានេះតាមរយៈកិច្ចសន្ទនា និងពិគ្រោះយោបល់ ។
អ្នកនាំពាក្យដដែលនោះ សង្កត់ធ្ងន់ដែរថា៖« សហគមន៍អន្តរជាតិ ក៏គួរតែដើរតួនាទីបែបស្ថាបនាដោយផ្អែកលើគោលការណ៍នៃការគោរពអធិបតេយ្យរបស់ម៉ាល់ឌីវ ជំនួសដោយសារធ្វើឲ្យស្ថានភាពកាន់តែមានភាពស្មុគស្មាញ » ៕
Tag:
ចិន
ម៉ាល់ឌីវ
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com