ជាតិ
សិល្បះ
អ្នកស្រី អ៊ុំ សុ​ផានី ដាក់​ប្រកួត​ប្រលោមលោក​៦​រឿង បាន​ពានរង្វាន់​ទាំង​៦​រឿង​
10, Feb 2018 , 10:19 pm        
រូបភាព
​អ្នកស្រី អ៊ុំ សុផាន់​នី គឺជា​អ្នកនិពន្ធ​រឿង​ប្រលោមលោក និង​កំណាព្យ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្លេះ​។ អ្នកស្រី​បាន​បោះពុម្ព​សៀវភៅ​ប្រលោមលោក​៦​រឿង ហើយ​សៀវភៅ​ទាំងនោះ​សុទ្ធតែ​ទទួលបាន​ពាន​ទាំង​នៅក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស​។ ស្នាដៃ​ទាំង​៦​ដែលជា​ជ័យលាភី​នោះ សុទ្ធតែ​ផ្ដោតទៅលើ​សន្តិភាព សាមគ្គីភាព និង​ការរើសអើង​។​

 
​នៅ​ជិត​តុ​ទទួលភ្ញៀវ​គេ​ឃើញ​មាន​ទូ​សៀវភៅ​ធំៗ​២ សម្រាប់​ដាក់​សៀវភៅ និង​ឯកសារ​ផ្សេងៗ​ដែល​អ្នកស្រី អ៊ុំ សុ​ផានី បាន​សន្សំទុក​តាំងពី​សម័យ​សង្គមរាស្ត្រនិយម សម័យ​ខ្មែរក្រហម និង​សម័យ​ក្រោយៗ​មកទៀត​។ តាម​ការរៀបរាប់​អម​ជាមួយ​ការបង្ហាញ​ឯកសារ​ដែល​ត្រូវបាន​រៀប យ៉ាង​មាន​របៀប​ទៅតាម​លំដាប់​ខែ​ឆ្នាំ អ្នកនិពន្ធ​ប្រលោមលោក​វ័យ​៧២​ឆ្នាំ​រូបនេះ បាន​រៀបរាប់ថា អ្នកស្រី​ចូលចិត្ត​សរសេរ​កំណាព្យ និង​រឿង​ប្រលោមលោក​តាំងតែ​ពី​កុមារភាព​។ ដោយមាន​ទម្លាប់​សរសេរ​តាំងពីក្មេង​នេះហើយ ទើបបានជា​នៅក្នុង​របប​ខ្មែរក្រហម​អ្នកស្រី សុ​ផានី តែងតែ​លួច​កត់ត្រា​ពី​សកម្មភាព​ការងារ​របស់ខ្លួន​រាល់ថ្ងៃ ហើយ​យកទៅ​លាក់​យ៉ាង​មាន​សុវត្ថិភាព​។ អ្នកស្រី​សុ​ផានី​បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​ចូលចិត្ត​សរសេរ​តាំងពីក្មេង ដូច្នេះហើយ​បានជា​នៅ​សម័យ​ខ្មែរក្រហម ខ្ញុំ​លួច​សរសេរ​កំណាព្យ ថ្ងៃនេះ​ខ្ញុំ​បាន​ទៅនេះ​ទៅនោះ បានធ្វើការ​នេះ​នៅឯណា ខ្ញុំ​សរសេរ​រហូត ហើយ​យកទៅ​លាក់​មិន​ឱ្យគេ​ដឹង​ទេ​”​។​


 
​ដោយសារតែ​ការឈឺចាប់​ដែល​ត្រូវបាន​បន្សល់ទុក​ពី​របប​វាលពិឃាត​នេះហើយ ទើប​អ្នកនិពន្ធ​រូបនេះ នឹកភ្នក​សរសេរ​តែ​រឿង​សន្តិភាព ការចេះ​យោគយល់​អធ្យាស្រ័យ​គ្នា និង​ការ​រាប់អាន​មនុស្ស​ដូចគ្នា​ឱ្យ​ដូចជា​បងប្អូន​។ ស្នាដៃ​ប្រលោមលោក​ជាប់​ពាន​ទាំង​៦​រឿង ដែល​អ្នកនិពន្ធ អ៊ុំ សុ​ផានី បាន​សរសេរ​មានរឿង ”​ក្រោម​ដំណក់ទឹកភ្លៀង​” ដែល​និយាយ​ពី​ការរស់នៅ​ក្នុង​របប​ខ្មែរក្រហម ដើម្បី​អបអរ​បុណ្យជាតិ​៧​មករា​ខួប​ទី​១០​។ ស្នាដៃ​នេះ​បាន​ចំណាត់ថ្នាក់​លេខ​៣​។ រឿង ”​ផ្ទៃមេឃ​តែមួយ​” បាន​ចំណាត់ថ្នាក់​លេខ​២ ក្នុង​មហោស្រព​តែង​និពន្ធ​មហាជន​ទូទាំងប្រទេស​លើក​ទី​៣​។ រឿង “​លោហិត​តែ​១” ដែល​និយាយ​ពី​ភាព​សាមគ្គី​គ្នា​រវាង​មនុស្ស​និង​មនុស្ស ទទួលបាន​រង្វាន់​លេខ​៤ ពី​ក្រសួង​វប្បធម៌ ក្នុង​មហោស្រព​ទិវា​វប្បធម៌​ទូទាំងប្រទេស​លើក​ទី​១​។ រឿង​ដដែល​នេះ​ក៏​ទទួលបាន​ពានរង្វាន់​កិត្តិយស ពី​សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​បរទេស​(​ប្រទេស​បារាំង​) ផងដែរ​។ រឿង ”​អ្នកណា​ជា​ម្ដាយ​ខ្ញុំ​” និយាយ​ពី​ជីវិត​ក្មេង​កំព្រា ជាប់​ពានរង្វាន់​សន្តិភាព​ចំណាត់ថ្នាក់​លេខ​១ ពី​សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​បរទេស​(​ប្រទេស​បារាំង​)​។ រឿង ”​សំណាញ់​ជីវិត​” ជាប់​ពានរង្វាន់​សុរាម្រិត​ចំណាត់ថ្នាក់​លេខ​៣ ពី​ក្រសួង​វប្បធម៌ ក្នុងឱកាស​មហោស្រព​ទិវា​វប្បធម៌​ទូទាំងប្រទេស​លើក​ទី​៣​។  រឿង “​កាលណា​យើង​ជួបគ្នា​” និយាយ​ពី​ជីវិត​ក្នុង​របប​ខ្មែរក្រហម ជាប់​ចំណាត់ថ្នាក់​លេខ​៣ ពី​វេទិកា​ថែរក្សា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ប្រជាធិបតេយ្យ របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​
 
​ថ្វី​ដ្បិត​ស្ថិតក្នុង​វ័យ​ចំណាស់​ទៅហើយ​ក្តី អ្នកស្រី អ៊ុំ សុ​ផានី នៅតែ​បន្ត​ការសរសេរ​រឿង​ប្រលោមលោក កំណាព្យ និង អត្ថបទ​ភាពយន្ត​ថែមទៀត​។ ស្នាដៃ​ប្រលោមលោក​របស់​អ្នកស្រី នៅមាន​ច្រើន​ទៀត​ដែល​មិនទាន់បាន​បោះពុម្ព និង​ដាក់​ចូលរួម​ប្រកួតប្រជែង​។ ការ​ខិត​ខិ​ប្រឹងប្រែង​សរសេរ​ប្រលោមលោក និង​កំណាព្យ​ក្ដី អ្នកស្រី សុ​ផានី មានបំណង​ចង់​បណ្ដុះ​ស្មារតី​សាមគ្គី​គ្នា តាមរយៈ​អក្សរសិល្ប៍ ឱ្យដល់​អ្នក​ដែល​បាន​អាន​សៀវភៅ​របស់ខ្លួន​។ អ្នកនិពន្ធ អ៊ុំ សុ​ផានី បញ្ជាក់ថា​៖«​តាមរយៈ​ប្រលោមលោក និង​កំណាព្យ​ដែល​ខ្ញុំ​បាន​សរសេរ ខ្ញុំ​គ្រាន់តែ​ចង់ឱ្យ​ខ្មែរ​ទាំងអស់គ្នា​គិតថា យើង​ជា​ខ្មែរ​ដូចគ្នា គួរ​រួម​សា​គ្គី​គ្នា​ឡើង​។ យើង​មាន​ឈាម​ជាម​នុស្ស​ដូចគ្នា ជាតិ​សាសន៍​ដូចគ្នា ចាំបាច់​អី​ត្រូវ​កាប់សម្លាប់​គ្នា រើសអើង​គ្នា ធ្វើបាប​គ្នា ហើយ ចង់​រស់​តែឯង​នោះ​?”៕

Tag:
 អ៊ុំ សុ​ផានី​
  ប្រលោមលោក​
© រក្សាសិទ្ធិដោយ thmeythmey.com