អន្តរជាតិ
នយោបាយអន្តរជាតិ
អង្គការសហប្រជាជាតិអំពាវនាវរកជំនួយជាង១ពាន់លានដុល្លារ ដើម្បីប្រឆាំងភាពស្រេកឃ្លាន រូបភាព៖ OCHA
× ភ្នាក់ងារចំណីអាហារអង្គការសហប្រជាជាតិ បានបន្តអំពាវនាវស្វែងរកជំនួយ និងមូលនិធិជាច្រើនលានដុល្លារ ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនទូទាំងពិភពលោក ដែលកំពុងរស់នៅក្នុងស្ថានភាពផុយស្រួយ និងស្រេកឃ្លានអាហារជាទីបំផុត ។
ជម្លោះរ៉ាំរ៉ៃ និងមហន្តរាយនៃអាកាសធាតុ បានធ្វើឲ្យភ្នាក់ងារកសិកម្មអង្គការសហប្រជាជាតិ មានការព្រួយបារម្ភខ្លាំង ថា បញ្ហានេះនឹងបណ្តាលឲ្យប្រជាជនរាប់លាននាក់ទូទាំងពិភពលោក ត្រូវប្រឈម នឹងបញ្ហាស្រេកឃ្លាន និងបង្កឲ្យកើតមានមហន្តរាយមនុស្សជាតិទៀតផង ។ មហន្តរាយមនុស្សជាតិនោះ គឺជាការចាកចេញពីលំនៅ ដើម្បីស្វែងរកកន្លែងថ្មី និងអាហារដើម្បីទ្រទ្រង់ជីវិត ។
ជាមួយនឹងការព្រួយបារម្ភនេះ នៅថ្ងៃ៧ កុម្ភៈ កន្លងទៅ នាយកផ្នែកចំណីអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ លោក Dominique Burgeon បានដំណើរយុទ្ធនាការអំពាវនាវរកមូលនិធិប្រមាណ ១,៦ ពាន់លានដុល្លារ ។
យុទ្ធនាការនេះ មានគោលដៅដើម្បីរកជំនួយក្នុងការរក្សាឲ្យបានផលិតកម្មចំណីអាហារ និងស្តារឡើងវិញនូវវិស័យកសិកម្ម ដែលលោកនាយករូបនេះ ជឿជាក់ថាជារឿងដ៏សារវ័ន្តក្នុងការទប់ស្កាត់ការបាត់បង់ជីវិត ដោយសារការអត់អាហារ និងដើម្បីជួយឲ្យកិច្ចការសង្គ្រោះវិបត្តិមនុស្សជាតិកាន់តែរឹងមាំ ។ យុទ្ធនាការទប់ស្កាត់នេះហើយ ដែលលោកហៅថា ជាការបង្កើតជញ្ជាំងភ្លើងប្រឆាំងភាពស្រេកឃ្លាននោះ ។
លោក បន្ថែមថា ការអំពាវនាវជំនួយឆ្នាំ២០១៨នេះ ភាគច្រើនដើម្បីស្រោចស្រង់ប្រជាជនដែលកំពុងរស់នៅក្នុងប្រទេស ដែលមានការផុយស្រួយបំផុតចំនួន ២៦ ដែលភាគច្រើននៅក្នុងតំបន់អាហ្វ្រិក ។ មីយ៉ាន់ម៉ា ដែលជាប្រទេសនៅតំបន់អាស៊ី ក៏ស្ថិតនៅក្នុងនោះផងដែរ ៕
Tag:
UN
វិបត្តិមនុស្សជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com