ជាតិ
សេដ្ឋកិច្ច
និស្សិត​ខ្មែរ​ដែល​បង្កើត​«​ស្នាដៃ​ច្នៃប្រឌិត​»​បាន គួរ​ចូល​ទីផ្សារ​?
11, Feb 2018 , 2:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គេ​បានឃើញ​ការដាក់​តាំង​បង្ហាញ​ស្នាដៃ​ច្នៃប្រឌិត មិន​ថា​ជា​រ៉ូ​បូត ប្រព័ន្ធ​បញ្ជា ឬ​ជា​ឧបករណ៍​ផ្សេងៗ​របស់​និស្សិត​ខ្មែរ​ជា​រៀងរាល់ឆ្នាំ​។ តើ​ស្នាដៃ​ទាំងនោះ បានត្រឹមតែ​ដាក់តាំង​បង្ហាញ មិនអាច​ចេញ​ជា​ផលិតផល​ចរាចរ​លើ​ទីផ្សារ​បាន ឬ​យ៉ាងណា​?


​ការ​ត្រឹមតែ​បង្កើត​ស្នាដៃ ដែល​មិន​អាចធ្វើ​ចេញ​ជា​ផលិតផល​លើ​ទីផ្សារ បាន​នាំ​ការសោកស្ដាយ​មួយ​សម្រាប់​អ្នក​ចាប់អារម្មណ៍​ក្នុង​វិស័យនេះ​។ ប៉ុន្តែ​មិនមែន​ម្ចាស់​ស្នាដៃ​ទាំងអស់​សុទ្ធតែ​មិនមាន​គំនិត​អាជីវកម្ម​នោះទេ​។ 
 
​អតីត​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​) លោក អ៊ឹម ដា​រ៉ូ ដែល​ធ្លាប់​ល្បី​ខាង​ផ្នែក​បង្កើត​ស្នាដៃ​ច្នៃប្រឌិត បាន​ប្រាប់​ពី​គម្រោង​របស់​ក្រុម​ខ្លួន​ក្នុងការ​ដំឡើង​ស្នាដៃ​ខ្លួន​ឲ្យ​ទៅជា​ផលិតផល​ប្រើប្រាស់​។ លោក​ថ្លែងថា មាន​ផល​លំបាក​សម្រាប់​អ្នក​ច្នៃប្រឌិត​មិន​ថា​រូបលោក ក៏ដូចជា​អ្នក​ផ្សេងទៀត ព្រោះ​ខ្វះ​ការសហការ និង​គាំទ្រ ពិសេស​ដើមទុន​សម្រាប់ធ្វើ​អាជីវកម្ម (Startup) ។​
 
​ដូចនេះ​បានជា​លោក​ទៅ​បម្រើ​ការងារ​ឲ្យ​គេ​ជិត​២​ឆ្នាំ​ហើយ បន្ទាប់ពី​រៀន​ចប់ ដើម្បី​មាន​ដើមទុន​ធ្វើ Startup ។ ស្នាដៃ​របស់លោក គឺ​ប្រព័ន្ធ​បញ្ជា​បូមទឹក​ស្វ័យប្រវត្តិ​សម្រាប់​ដីស្រែ​ចម្ការ ដែល​លោក​គ្រោង​ដំឡើង​ជា​ផលិតផល​ទីផ្សារ​នៅ​ឆ្នាំនេះ​។ នេះ​ជា​ស្នាដៃ​មួយ​ក្នុងចំណោម​បួន​ស្នាដៃ​របស់លោក កាល​ពេល​ជា​និស្សិត​។ លោក ដា​រ៉ូ បញ្ជាក់ថា ចំពោះ​ស្នាដៃ​មួយ​នេះ ធ្លាប់មាន​ក្រុមហ៊ុន​មក​ទាក់ទង​សហការ​បើក​អាជីវកម្ម​ដែរ តែ​ការចរចា​បាន​បរាជ័យ​ទៅវិញ​។ ដូច្នេះ​ក្រុម​របស់លោក​នឹង​ចូល​ទីផ្សារ​ដោយ​ខ្លួនឯង​។​
 
​សហគ្រិន និង​សាស្ត្រាចារ្យ ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យនេះ បាន​បញ្ចេញ​ការយល់ឃើញ​ជុំវិញ ការឡើង​ទីផ្សារ​របស់​ម្ចាស់​ស្នាដៃ​។ កម្រិត​ច្នៃប្រឌិត គោលដៅ​ប្រើប្រាស់ និង​លក​ខណ្ឌ​មិន​អំណោយផល​ក្នុងស្រុក​មួយចំនួន ជា​ចំណោទ​សម្រាប់​ម្ចាស់​ស្នាដៃ​ដែល​ចង់​ចូល​ទីផ្សារ​។ 
 
​លោក ស សំបូរ នាយក​គ្រប់គ្រង​ក្រុមហ៊ុន Angkor E&C  បាន​មានប្រសាសន៍ថា ចំណុច​សំខាន់​នៃ​លទ្ធភាព​ចូល​ទីផ្សារ​របស់​ម្ចាស់​ស្នាដៃ គឺ​ស្ថិតនៅត្រង់​មុខងារ​ប្រើប្រាស់ និង​កម្រិត​ច្នៃប្រឌិត​របស់​ស្នាដៃ​នីមួយៗ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​កន្លងមក​រ៉ូ​បូត​ដែល​ចូលរួម​ប្រកួតប្រជែង វា​មិនមែន​សម្រាប់​ប្រើ​បាន​ក្នុង​ឧស្សាហកម្ម ឬ​ប្រើប្រាស់​ទូទៅ​នោះទេ ដូចនេះ​មិនអាច​ចូល​ទីផ្សារ​បានទេ​។ ហើយ​ម្យ៉ាង​របស់​ដែល​ពួកគាត់​ធ្វើ គឺ​ស្ថិតក្នុង​ដំណាក់កាល​អភិ​វឌ្ឍន៍ គឺ​មិនទាន់​អាច​យកមក​អនុវត្តបាន​ក្នុង​ឧស្សាហកម្ម ដែល​ទាមទារ​ការកែច្នៃ​ច្រើន​ទៀត​»​។​
 
​លោក ស សំបូរ បាន​ណែនាំ​ដល់​យុវជន​ដែល​ចង់​បង្កើត​ស្នាដៃ​ដាក់លក់​លើ​ទីផ្សារ គួរ​ចូលរួម​ក្នុង​ក្រុម​ដែល​ធ្វើ Startup ផ្នែក​បច្ចេកវិទ្យា ដើម្បី​មាន​ភាព​គ្រប់​ជ្រុងជ្រោយ​ដល់​ការបង្កើត​ផលិតផល​អ្វីមួយ​។​
 
​ស្រដៀង​គ្នា​នេះដែរ លោក ឈួ​ម ពិសិដ្ឋ ស្ថាបនិក​អាជីវកម្ម​ហ្គេម Direxplay  លើកឡើងថា ការចូល​ទីផ្សារ​របស់​ម្ចាស់​ស្នាដៃ ត្រូវតែមាន​ភាពប្រាកដប្រជា​។ លោក​និយាយ​យ៉ាងដូច​នេះ​ថា​៖«​ពេលខ្លះ​គាត់​បង្កើតបាន មើលទៅ​ហាក់​មាន​ប្រយោជន៍ តែ​ពេល​ដាក់​មក​អនុវត្ត​លើ​ទីផ្សារ តើ​វា​ទៅ​កើត​ដែរ​ទេ​? ហើយ​ផលិតផល​ដែល​ដាក់​ឲ្យ​គេ​ប្រើ យើង​មិនទាន់​រួចខ្លួន​ទេ គឺ​យើង​ត្រូវ​ចាំ​ត្រួតពិនិត្យ​មើល​ជាប់​រហូត ដូចនេះ​សួរថា​គាត់​រួចរាល់​ឬ​នៅមុន​ចូល​ទីផ្សារ​»​។ 
 
​ភាព​អាច​អនុវត្តបាន​លើ​ការប្រើប្រាស់​ជាក់ស្ដែង គឺ​ចំណុច​សំខាន់បំផុត​សម្រាប់​ការចូល​ទីផ្សារ​របស់​ស្នាដៃ​ផ្សេងៗ​។ នេះ​បើតាម​សហគ្រិន​ទាំងពីរ​រូប​ខាងលើ​។ រីឯ​បញ្ហា​ថវិកា អ្នក​ទាំងពីរ​ថ្លែងថា អ្នកធ្វើ Startup ផ្នែក​បច្ចេកវិទ្យា អា​ចរក​ថវិកា​ខ្លះ​ពី​ប្រភព​ទុន​មួយចំនួន ដូចជា មូលនិធិ​គាំទ្រ Startup  របស់​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត​ស្មា​ត និង​មូលនិធិ​ផ្សេងៗ​ទៀត រួមទាំង​ការវិនិយោគ​ពី​ដៃគូ​ឯកជន​ផងដែរ​។ លោក ស សំបូរ អះអាងថា ទោះបី​ប្រភព​ទុន​មិន​ច្រើន​ដូច​នៅ​ប្រទេស​គេ តែ​នៅ​កម្ពុជា​ម្ចាស់​ស្នាដៃ​នៅតែ​អា​ចរក​ទុន​បាន​មួយចំនួន តាមរយៈ​ការបង្ហាញ​ស្នាដៃ និង​ម៉ូ​ដែល​អាជីវកម្ម​ក្នុង​កម្មវិធី​ផ្សេងៗ ដើម្បី​ទាក់ទាញ​អ្នក​ដាក់ទុន និង​អ្នកគាំទ្រ​។​
 
​រីឯ​លោក ឡាយ រម្យ​នា អ្នកសម្របសម្រួល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន មានប្រសាសន៍ថា លោក​ចង់​ឲ្យ​ស្នាដៃ​និស្សិត​ចូលក្នុង​ទីផ្សារ ដើម្បី​ជំរុញ​ការច្នៃប្រឌិត​ផ្សេងៗ​ជាច្រើន​ទៀត ជាជាង​បាន​ត្រឹម​ដាក់តាំង​ពិព័រណ៍​។ «​ពេលខ្លះ​ពួក​ខ្ញុំ​ស្ដាយ​ដែរ ស្នាដៃ​ត្រូវដាក់​តាំងពិព័រណ៍​មួយ​ភ្លែត រួច​ទុកចោល​ក្នុង​ឃ្លាំង មួយឆ្នាំ​ក្រោយមក​ពួកគាត់​ក៏​ភ្លេច​ទៅវិញ ដូចនេះ​ស្នាដៃ​ត្រូវ​កប់​ចោល ហើយ​ចុងបញ្ចប់​ពួកគាត់​ចេញទៅ​បម្រើ​ការងារ​ធម្មតាៗ​វិញ​»​។ លោក រម្យ​នា ថ្លែង​បែបនេះ​។​
 
​លោក​សាស្ត្រាចារ្យ​រូបនេះ យល់ថា និស្សិត​កម្ពុជា​មាន​សម​ត្ថ​ភាព​អាច​ផលិត​ឧបករណ៍​ច្នៃប្រឌិត​ផ្សេងៗ​សម្រាប់​បម្រើ​ឲ្យ​ទីផ្សារ ប៉ុន្តែ​លក្ខខណ្ឌ​ផ្សេងៗ​នៅ​កម្ពុជា​មិន​អំណោយផល ដែលជា​ឧបសគ្គ​។ លោក​ឲ្យ​ដឹងថា កម្ពុជា​ខ្វះ​រោងចក្រ​កែច្នៃ​ផលិតផល​សម្រេច ហើយ​គ្រឿង​ផ្គុំ​ផ្សេងៗ​ថ្លៃ​ដោយ​ត្រូវ​នាំចូល​ពី​ក្រៅ​។ ម្យ៉ាងទៀត ផ្នត់គំនិត​មិនសូវ​ឲ្យ​តម្លៃ​លើ​ផលិតផល​ក្នុងស្រុក ក៏ត្រូវ​បាន​លោក​ចាត់ជា​រនាំង​មួយ​ផងដែរ​។ ក្រៅពីនេះ អ្នក​ច្នៃប្រឌិត​ជួប​បញ្ហា​លួច​ចម្លង​កម្មសិទ្ធិបញ្ញា​។ 
 
​បើតាម​លោក ឡាយ រម្យ​នា សាកលវិទ្យាល័យ​ន័​រ​តុ​ន​ក្នុង​មួយ​ឆ្នាំមាន​ស្នាដៃ​និស្សិត​ដែល​ត្រូវ​យកទៅ​តាំង​បង្ហាញ និង​ប្រកួត​ក្នុង​កម្មវិធី​ផ្សេងៗ ប្រមាណ​ជិត ១០ ស្នាដៃ​។​
 
​លោក​បន្ថែមថា កម្ពុជា​នៅ​ខ្វះ​ថវិកា​ដែល​គាំទ្រ​អ្នក​ច្នៃប្រឌិត និង​ខ្វះ​ក្រុមហ៊ុន​ចាំ​សហការ​ជាមួយ​អ្នក​ទាំងនោះ ខណៈដែល​ជីវភាព​របស់​និស្សិត​ខ្លួនឯង​ផ្ទាល់​នៅ​ខ្សត់ខ្សោយ​។​
 
​លោក ឡាយ រម្យ​នា លើកឡើងថា ដើម្បី​ក្លាយជា​ប្រទេស​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​ទៅបាន កម្ពុជា​ត្រូវតែ​បោះ​ជំ​ហ៊ាន ទោះ​ដើរ​ក្រោយ​គេ ដោយ​មិនអាច​ចាំតែ​ប្រើ​សម្ភារ​នាំចូល​ពី​បរទេស​នោះទេ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ដោយ​មើលឃើញ​ប្រទេស​គេ​ផលិត Iphone, Samsung បាន ហើយ​យើង​មិន​បោះ​ជំ​ហ៊ាន​ដំបូង​ទេ យើង​ក៏​គ្មាន​ជំ​ហ៊ាន​ទី​ពីរ ទី​បីរ ដូច​គេ​ដែរ​»៕

Tag:
 រ៉ូ​បូត​
  បច្ចេកវិទ្យា​
  អ៊ឹម ដា​រ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com