កីឡាជាតិ
ជាតិ
NOCC ទទួលបាន​សិទ្ធិ​សម្រេច​រាល់​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នៅតាម​ទីសាធារណៈ​
11, Feb 2018 , 4:39 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ NOCC (កណ្តាល)​ចូលរួម​សន្និសីទ​សារព័ត៌​មានស្ត្រី និងកីឡា រត់កម្សាន្ត​ដើម្បីក្តី​ស្រលាញ់
លោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ NOCC (កណ្តាល)​ចូលរួម​សន្និសីទ​សារព័ត៌​មានស្ត្រី និងកីឡា រត់កម្សាន្ត​ដើម្បីក្តី​ស្រលាញ់
ដោយ:
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​ទទួលបាន​សិទ្ធិ​ក្នុងការ​សម្រេច​រាល់​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នៅ​ទីសាធារណៈ​។ ក្នុងន័យនេះ រាល់​ស្ថាប័នរដ្ឋ ឬ​ឯកជន​ដែល​ចង់​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នៅតាម​ទីសាធារណៈ​ត្រូវសុំ​ការអនុញ្ញាត​ពី NOCC ជាមុនសិន​។ ការប្រគល់​សិទ្ធ​ឲ្យ​ស្ថាប័ន​កីឡា​ជា​អ្នកសម្រេច​នេះ គឺ​ដើម្បី​បញ្ចៀស​ផលប៉ះពាល់ និង​កាត់បន្ថយ​ភាពអនាធិបតេយ្យ​។

 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០១៨ នេះ​តទៅ​រាល់​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​មហាជន​នៅតាម​ទីសាធារណៈ ជា​បន្ទុក​របស់ NOCC អ្នកសម្រេច​។ ក្នុងន័យនេះ NOCC មាន​សិទ្ធិ​អនុញ្ញាត ឬ​មិន​អនុញ្ញាត​រាល់​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​មហាជន​នៅតាម​ទីសាធារណៈ​រប​សស់​ស្ថាប័នរដ្ឋ ឬ​ឯកជន​នានា​។ 
 
«NOCC ទទួល​សិទ្ធិ​ពី​រាជរដ្ឋាភិបាល ត្រួតពិនិត្យ​និង​ចេញ​លិខិតអនុញ្ញាត ឬ​មិន​អនុញ្ញាត​ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នៅ​ទីធ្លា​សាធារណៈ​ទាំង​លើទឹក លើគោក និង​លើ​អាកាស​។ តាមរយៈ​សិទ្ធិ​នេះ NOCC ត្រូវ​សិក្សា​ផលប៉ះពាល់​ផ្នែក​បច្ចេកទេស កីឡាករ​កីឡាការិនី និង​ផលប៉ះពាល់​ផ្សេងៗ​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ា​ត់ ចំរើន ក្នុង​ស​ន្និ​សិទ្ធ​សារព័ត៌មាន​កីឡា​និង​ស្ត្រី​រត់​កម្សាន្ត​អបអរ​ទិវា​នៃ​ក្តី​ស្រលាញ់​កាលពី​ថ្ងៃទី​៧ កុម្ភៈ នៅ​ទីស្នាក់ការ NOCC​។  
 
​អគ្គលេខាធិការ NOCC រូបនេះ​បាន​បន្តទៀតថា ការណ៍​ដែល​រាជរដ្ឋាភិបាល​ប្រគល់​សិទ្ធ​ឲ្យ NOCC ជា​អ្នកសម្រេច​នេះ បន្ទាប់ពី​មាន​ភាពអនាធិបតេយ្យ​មួយចំនួន​បានកើត​ឡើង​ពាក់ព័ន្ធ​ការរៀបចំ​កីឡា​មហាជន​នៅតាម​ទីធ្លា​សាធារណៈ​នាពេល​កន្លងមក​។ អ្វីដែល​សំខាន់ មាន​ស្ថាប័ន​មួយចំនួន​រៀបចំ ទាំង​មិនបាន​សិក្សា​ពី​ផលប៉ះពាល់​សាធារណៈ ផ្នែក​បច្ចេកទេស និង​សុវត្ថិភាព​កីឡាករ​កីឡាការិនី​។​
 
​សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​បែប​មហាជន​នៅតាម​ទីសាធារណៈ​កន្លងមក ស្ថាប័ន​រៀបចំ​ទាំងនោះ​គ្រាន់តែ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែលមាន​សមត្ថ​កិច្ច​នៅ​តំបន់​ដែល​ពួកគេ​រៀបចំ​តែប៉ុណ្ណោះ​។ តែ​ចាប់ពី​ឆ្នាំ​២០១៨​តទៅ ទាំង​ស្ថាប័នរដ្ឋ​និង​ឯកជន​ដែលមាន​បំណង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​បែប​មហាជន​នៅ​ទីធ្លា​សាធារណៈ​ណាមួយ ត្រូវ​មកសុំ​ការអនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ជាមុនសិន ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​សិក្សា​ពី​ផលប៉ះពាល់​ផ្សេងៗ​៕  
 

Tag:
 វ៉ា​ត់ ចំរើន​
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com