កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ តើ​ក្រុម​ទាំង​៣២ នឹង​ទទួលបាន​ប្រាក់​ប៉ុន្មាន​ពី FIFA?
11, Feb 2018 , 8:19 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានប្រកាស​អំពី​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ ២០១៨ នៅ​ប្រទេស​រុស្ស៊ី ក្នុង​ចំនួន​សរុប ៧៩១​លាន​ដុល្លារ​អាមេរិក​។ ប្រាក់​ទាំងអស់នោះ នឹងត្រូវ​គិតគូ​លើ​ការចំណាយ ៣​ដំណាក់កាល គឺ​ទី​១​លើ​ប្រាក់រង្វាន់​សម្រាប់​ក្រុម​និ​មួយៗ ទី​២ ការបង់​ទៅ​ឲ្យ​ក្លិប​ដែល​កីឡា​ប្រកប​អាជីព និង​ទី​៣ ថ្លៃ​សេវា​ធានារ៉ាប់រង​របស់​កីឡាករ​ទាំងអស់​។

 
​ដំណាក់កាល​ទី​១ ទឹកប្រាក់​ចំនួន ៤៤៨ លាន​ដុល្លារ​នៃ​ប្រា​ក់សរ​រុ​ប​នឹងត្រូវ​ចំណាយ​លើ​ប្រទេស​ទាំង ៣២ ដែល​គិត​ចាប់ពី​វគ្គ​ជម្រុះ​តាម​ពូ​ល រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ចាប់ពី​ពូ​ល A ដល់ H ក្រុម​និ​មួយៗ​នឹង​ទទួលបាន​ប្រាក់​ពី FIFA ១.៥​លាន​ដុល្លារ ហើយ​សរុប​ទាំង​៣២​ក្រុម​ត្រូវ​ចំណាយ​អស់ ៤៨​លាន​ដុល្លារ​។​
 
 ក្រុម​ណា​ដែល​អាច​ឈានដល់​វគ្គ ១៦​ចុងក្រោយ​នឹង​ទទួលបាន​ក្នុង​មួយក្រុម ៨​លាន​ដុល្លារ​ទៀត សរុប ១២៨​លាន​ដុល្លារ​។ ឈានដល់​វគ្គ ៨​ក្រុម​ផ្តាច់ព្រ័ត្រ ក្នុង​មួយក្រុម​ទទួលបាន ១២​លាន​ដុល្លារ សរុប​៩៦​លាន​ដុល្លារ ហើយ​ក្រុម​ណា​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នឹង​ទទួលបាន ១៦​លាន​ដុល្លារ​ទៀត សរុប ៦៤​លាន​ដុល្លារ​។​
 
​លើសពីនេះ​ទៀត​នោះ ប្រទេស​ណា​ដែល​អាច​ឈ្នះ​តំណែង​ជើងឯក World Cup ឆ្នាំ​២០១៨ នេះ នឹង​ទទួលបាន​ប្រាក់រង្វាន់​បន្ថែមចំនួន ៣៨​លាន​ដុល្លារ ខណៈ​ក្រុម​រងជើង​ឯក​ទទួលបាន ២៨​លាន​ដុល្លារ ក្រុម​លេខ​៣ បាន ២៤​លាន​ដុល្លារ និង​ចំណាត់ថ្នាក់​លេខ ៤ ទទួលបាន ២២​លាន​ដុល្លារ​។​
 
​ដំណាក់កាល​ទី​២ FIFA ត្រូវ​ចំណាយ​ថ្លៃ​សេវា​ធានារ៉ាប់រង​របស់​កីឡាករ​ទាំងអស់​ដែលមាន​ឈ្មោះ​ក្នុង​ព្រឹត្តិការណ៍​ក្នុង​ចំនួន​ទឹកប្រាក់ ១៣៤​លា​នុ​ល្លារ​។​
 
​ដំណាក់កាល​ទី​៣ ត្រូវ​ចំណាយ​ទៅ​ឲ្យ​ក្លិប​ដែល​កីឡាករ​ទាំងអស់នោះ​ប្រកប​អាជីព​ចំនួន​ទឹកប្រាក់ ២០៩​លាន​ដុល្លារ​។ សរុប​ការចំណាយ​ទាំង ៣​ដំណាក់កាល​នេះ សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ត្រូវ​ចំណាយ ៧៩១​លាន​ដុល្លារ ដែល​កើន​លើស​ឆ្នាំ ២០១៤ នៅ​ប្រេ​ស៊ី​ល ៤០​ភាគរយ ពោលគឺ ២៣៣​លាន​ដុល្លារ​៕

Tag:
 បាល់ទាត់​
  FIFA World Cup
  រុស្ស៊ី​
  World Cup Prize Money
© រក្សាសិទ្ធិដោយ thmeythmey.com