ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន២ វិនិយោគលើដើមចន្ទន៍ក្រស្នា ក្នុងទំហំទឹកប្រាក់១០០លានដុល្លារ នៅជំហានដំបូង នាយិការក្រុមហ៊ុនធូបចន្ទន៍គ្រឹស្នាខ្មែរ លោក ស្រី កែវ សុគន្ធា ខាងឆ្វេង
× ភ្នំពេញ៖ ក្រុមហ៊ុនធូបចន្ទន៍ក្រស្នាខ្មែរ និង The First Capital Group (FCG) បានសហការវិនិយោគបង្កើតរោងចក្របច្ចេកវិទ្យាទំនើប ដើម្បីចម្រាញ់ប្រេងចន្ទន៍ក្រស្នា ហើយកែច្នៃជាផលិតផលផ្សេងៗ សម្រាប់ផ្គត់ផ្គង់នៅទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
នាយកប្រតិបត្តិFCG លោក Sean Goh បាននិយាយថា ក្រុមហ៊ុនលោក បានត្រៀមថវិកា១០០លានដុល្លារ សម្រាប់ការរៀបចំគ្រប់គ្រង និងថែទាំដើមចន្ទន៍ក្រស្នា ដែលជាប្រភេសដើមឈើត្រូវការបច្ចេកវិទ្យាទំនើបក្នុងថែរក្សា។ លោក Sean Goh បន្ថែមថា ក្រុមហ៊ុនលោក មានបច្ចេកទេសគ្រប់គ្រាន់ក្នុងថែទាំ ដើមចន្ទន៍ក្រស្នា ហើយមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានឡើយ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការគ្រប់គ្រងចន្ទន៍ក្រស្នា រវាងក្រុមហ៊ុនធូបចន្ទន៍ក្រស្នាខ្មែរ និង FCG កាលពីថ្ងៃទី៧ ខែកុម្ភៈ នាយកប្រតិបត្តិ FCG រូបនេះបានបញ្ជាក់ដូច្នេះថា៖««បេសកម្មនេះ គឺជួយដល់ប្រជាកសិករខ្មែរ និងផ្សព្វផ្សាយដើមចន្ទន៍ក្រស្នាទៅកាន់ទីផ្សារពិភពលោក។ រយៈពេលប៉ុន្មានឆ្នាំនេះ FCG បានយកចិត្តទុកដាក់ប្រឹងប្រែង និងផ្ដោតលើការស្រាវជ្រាវផ្នែកបច្ចេកវិទ្យា ហើយនិងឧបករណ៍សម្រាប់ប្រើប្រាស់ដើម្បីជាជំនួយ ក្នុងការចម្រាញ់ប្រេងពីដើមចន្ទន៍ក្រស្នានៅកម្ពុជា។ ចំពោះការចំណាយដើនទុនក្នុងការផ្ស៊ាំដើមចន្ទន៍ក្រស្នានៅកម្ពុជា ប្រមាណ ១លានដើម យើងត្រៀមថវិកាចំណាយអស់ទឹកប្រាក់ ១រយលានដុល្លារ ហើយរោងចក្រចម្រាញ់ធ្វើនៅខេត្តព្រះសីហនុ»។
លោកស្រី កែវ សុគន្ធា នាយិកាក្រុមហ៊ុនធូបចន្ទន៍ក្រស្នាខ្មែរ ទទួលស្គាល់ថា ប្រជាកសិករខ្មែរដែលបានដាំដើមចន្ទន៍ក្រស្នា នៅក្នុងខេត្តព្រះសីហនុ កំពត កែប កោះកុង និងពោធិ៍សាត់កន្លងមក ជួបផលលំបាកក្នុងការស្វែងរកទីផ្សារ ដែលនាំឲ្យពួកគេបោះបង់ចោលរបរនេះ។ ប៉ុន្តែលោកស្រី កែវ សុគន្ធា មើលឃើញថា ក្រោយពីចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន FCG នេះ ក្រុមហ៊ុនលោកស្រី នឹងអាចជួយលើកស្ទួយទីផ្សារប្រជាកសិករ ដែលបានបោះបង់របរដាំដើមចន្ទន៍ក្រស្នា ឲ្យត្រលប់មកប្រកបរបរនេះឡើងវិញ។បើតាមលោកស្រី សុគន្ធា គម្រោងវិនិយោគលើដើមចន្ទន៍ក្រស្នា គឺជាការវិនិយោគធំជាលើកដំបូង ដែលពុំធ្លាប់មានកន្លងមកនៅកម្ពុជា។
នាយិកាក្រុមហ៊ុនធូបចន្ទន៍ក្រស្នារូបនេះ បានបញ្ជាក់ដូច្នេះថា៖«ដើម្បីជំរុញទីផ្សារដើមចន្ទន៍ក្រស្នា នៅកម្ពុជា ក្រុមហ៊ុនធូបចន្ទន៍ក្រស្នាខ្មែរ និងក្រុមហ៊ុន FCG បានសហការគ្នាបង្កើតរោងចក្របច្ចេកវិទ្យាទំនើបដើម្បីចម្រាញ់ប្រេងចន្ទន៍ក្រស្នា ដោយកែច្នៃផលិតផលផ្សេងៗ ពីដើមចន្ទន៍ក្រស្នា ហើយនិងធ្វើធុរៈកិច្ចផ្សេងៗពាក់ព័ន្ធនិងដើមចន្ទន៍ក្រស្នានៅកម្ពុជា។
គម្រោងវិនិយោគរួមគ្នានេះ នឹងរួមចំណែកលើកកម្ពស់កម្រិតជីវភាពប្រជាកសិករខ្មែរ ដែលដាំដើមចន្ទន៍ក្រស្នា ហើយកសាងទំនុកចិត្តរបស់ពួកគាត់ចំពោះឧស្សាហកម្មចន្ទន៍ក្រស្នានៅកម្ពុជា។ គម្រោងនេះ នឹងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលស្របតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនៃរដ្ឋាភិបាលកម្ពុជា»។
ដើមចន្ទន៍ក្រស្នា អាចត្រូវបានផលិតជាប្រេងក្រអូបចន្ទន៍ក្រស្នា ហើយបន្ទាប់មកនឹងកែច្នៃទៅជាទឹកអប់ ប្រេងស្ប៉ា និងផលិតផលម៉ាស្សា ឬផលិតផលថែរក្សាស្បែកជាដើម។ នេះបើតាមនាយកប្រតិបត្តិFCG លោក Sean Goh៕
Tag:
ចន្ទន៍ក្រស្នា
កែវ សុគន្ធា
សៀន ហ្គុ
© រក្សាសិទ្ធិដោយ thmeythmey.com