កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd បន្ទោ​សលោក ត្រាំ ដែល​ធ្វើ​ឲ្យ​ពួកគេ​ខាត​ជាង​៤០​លាន​ដុល្លារ​នៅ​ឆមាស​ដំបូង​
12, Feb 2018 , 8:59 am        
រូបភាព
​ក្លិប Manchester United របស់​អង់គ្លេស ក៏បាន​រងគ្រោះ​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​កំណែទម្រង់ពន្ធ​ថ្មី​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ផងដែរ​។ វា​ជាការ​ខាតបង់​ដ៏​ធំ​បំផុត​នា​រយៈពេល​ជិត​៨​ឆ្នាំ​ចុងក្រោយ​។ នេះ​បើតាម​ការផ្សាយ​របស់ Daily Mail​។

 
​តួលេខ​ហិរញ្ញវត្ថុ​ចុងក្រោយ​បំផុត​របស់​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​បង្ហាញថា ពួកគេ​បាន​បាត់បង់​ប្រាក់​ចំនួន ៤៨.៨​លាន​ផោន (​ជិត​៦៨​លាន​ដុល្លារ​) ដែល​នាំ​ឲ្យ​ខាតបង់​ប្រាក់​សរុប ២៩​លាន​ផោន (៤១​លាន​ដុល្លារ​) ក្នុង​រយៈពេល ៦​ខែ គិត​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០១៧​។​
 
​នេះ​ជា​លទ្ធផល​ដ៏​អាក្រក់​បំផុត​សម្រាប់​ក្លិប​រហស្សនាម​បិសាច​ក្រហម​ចាប់តាំងពី​ការខាតបង់​ប្រចាំត្រីមាស​ទី ៣ កាលពី​ឆ្នាំ ២០១០ ប្រមាណ ៦៥.៨ លាន​ផោន (​ជាង​៩១​លាន​ដុល្លារ​) ខ​ណះ​ក្នុង​រយៈពេល​ដូចគ្នានេះ​កាលពី​ឆ្នាំ​២០១៦ ពួកគេ​រកប្រាក់​ចំណេញ​បាន ១៨.៧​លាន​ផោន (​ជាង ២៦​លាន​ដុល្លារ​)​។ 


 
​ដោយសារ​ការខាតបង់​នេះ Manchester United បាន​បញ្ចេញ​ការមិន​ពេញចិត្ត​ចំពោះ​គោលនយោបាយ​កាត់បន្ថយ​ពន្ធ​របស់ Trump ដែល​បាន​ទម្លាក់​អត្រាពន្ធ​លើ​សាជីវកម្ម​របស់​អាមេរិក​ពី​កម្រិត​ខ្ពស់បំផុត​ទៅ​ទាប​បំផុត​មួយ ស្រប​ពេលដែល​ប្រធានាធិបតី​អាមេរិក​ថ្មី​រូបនេះ​ព្យាយាម​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​មានការ​ផ្លាស់ប្តូរ​។​
 
​តែ​យ៉ាងណា ប្រធាន​ហិរញ្ញវត្ថុ​របស់​ក្លិប​លោក Cliff Baty បាន​បញ្ជាក់ថា បើទោះបីជា​ខាតបង់​ប្រាក់​មួយចំនួន​នេះ​ក៏ដោយ ប៉ុន្តែ​វា​ក៏​មិនមាន​ផលប៉ះពាល់​ខ្លាំង​អ្វី​ដែរ​សម្រាប់​ក្លិប​ទាំងមូល​៕

Tag:
 បាល់ទាត់​
  ដូ​ណា​ល់​ត្រាំ​
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com