អន្តរជាតិ
នយោបាយអន្តរជាតិ
ជំនួបកំពូលមេដឹកនាំកូរ៉េ៖ លោកគីម ជុងអ៊ុន ចង់ជួបលោកមូន ចេអ៊ីន ឲ្យបានឆាប់ លោកស្រី គីម យ៉ូចុង ប្រគល់លិខិតអញ្ជើញរបស់លោក គីម ជុងអ៊ុន ទៅឲ្យលោក មូន ចេអ៊ីន ដើម្បីទស្សនកិច្ចនៅកូរ៉េខាងជើង (រូបភាព៖ AFP)
× មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ឲ្យទៅទស្សនកិច្ចនៅកូរ៉េខាងជើងឲ្យបានកាន់តែឆាប់។ លិខិតអញ្ជើញត្រូវបានប្រគល់ជូនដល់ដៃលោក មូន ចេអ៊ីន ក្នុងជំនួបដ៏កម្រជាមួយប្រតិភូកូរ៉េខាងជើងនៅថ្ងៃទី១០ ខែកុម្ភៈ។ មេដឹកនាំកូរ៉េខាងត្បូងមិនបានបដិសេធសំណើនេះឡើយ តែលោកបានលើកឡើងពីភាពចាំបាច់ក្នុងការបង្កើតស្ថានភាពសមស្របសិន។
លោក Kim Eui-kyeom អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង និយាយថា លោកស្រី គីម យ៉ូចុង ប្អូនស្រីលោក គីម ជុងអ៊ុន ជាអ្នកប្រគល់សំបុត្រអញ្ជើញរបស់បងប្រុសទៅឲ្យលោក មូន ចេអ៊ីន ដោយផ្ទាល់។ លោក មូន ចេអ៊ីន បានជួបជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងដឹកនាំដោយលោក គីម យ៉ុងណាម នៅវិមានប្រធានាធិបតី Cheong Wa Dae នៅថ្ងៃទី១០ ខែកុម្ភៈ មួយថ្ងៃក្រោយកម្មវិធីបើកព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងព្យុងឆាង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ជំនួប លោក Kim Eui-kyeom និយាយដែរថា ក្រៅពីប្រគល់លិខិតអញ្ជើញដែលមានអត្ថន័យចង់រឹតចំណងអន្តរកូរ៉េហើយនោះ លោកស្រី គីម យ៉ូចុង ក៏បានអញ្ជើញលោក មូន ចេអ៊ីន ផ្ទាល់មាត់ថែមទៀត។ បើតាមអ្នកនាំពាក្យរូបនេះ ប្អូនស្ត្រីដ៏មានឥទ្ធិពលរបស់លោក គីម ជុងអ៊ុន ក៏បានពាំនាំសម្ដីបងប្រុសខ្លួនដែលចង់ឲ្យលោក មូន ទៅទស្សនកិច្ចតាមពេលវេលាសមស្រប តែកាន់តែឆាប់កាន់តែល្អ។
អ្វីគួរឲ្យកត់សម្គាល់នោះ ទស្សនកិច្ចលោកស្រី គីម យ៉ូចុង នៅកូរ៉េខាងត្បូង ធ្វើឡើងក្នុងនាមជាប្រេសិតពិសេសរបស់មេដឹកនាំកូរ៉េខាងជើង មិនសមាជិកប្រតិភូដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិកឡើយ។ ប្រតិភូចំនួន២២នាក់របស់ក្រុងព្យុងយ៉ាង គឺដឹកនាំដោយប្រធានសភាលោក គីម យ៉ុងណាម និងជាប្រមុខរដ្ឋមានតែឈ្មោះអត់អំណាច។ លោក គីម យ៉ុងណាម ក៏ជាមន្ត្រីជាន់ខ្ពស់ដំបូងគេរបស់កូរ៉េខាងជើងដែលទស្សនកិច្ចនៅកូរ៉េខាងត្បូងដែរ។
ជាមួយនឹងការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង ប្រធានាធិបតីកូរ៉េខាងត្បូងមិនទាន់ផ្ដល់ចម្លើយភ្លាមឡើយ។ លោក Kim Eui-kyeom អះអាងថា លោក មូន ចេអ៊ីន ចង់ឲ្យកូរ៉េទាំងពីរបង្កើតស្ថានភាពចាំបាច់ជាមុនសិន ទើបលោកសម្រេចចិត្តទៅក្រុងព្យុងយ៉ាងតាមក្រោយ។ ក្នុងន័យនេះ លោក មូន ចេអ៊ីន ដែលធ្លាប់បង្ហាញជំហរចង់ទៅកូរ៉េខាងជើងដែរនោះ ទំនងចង់ឲ្យក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាពបង្កហេតុដូចជាការសាកល្បងនុយក្លេអ៊ែរ ឬការបាញ់មីស៊ីលជាដើម។
ក្នុងករណី លោក មូន ចេអ៊ីន សម្រេចចិត្តទស្សនកិច្ចនៅកូរ៉េខាងជើង និងជួបជាមួយលោក គីម ជុងអ៊ុន មែន នោះវានឹងក្លាយជំនួបកំពូលមេដឹកនាំកូរ៉េលើកទីបី ក្រោយសង្គ្រាមនៅឧបទ្វីបកូរ៉េចប់ក្នុងឆ្នាំ១៩៥៣ និងលើកជាដំបូងក្នុងរយៈពេលជាង១១ឆ្នាំ។ ជំនួបដំបូងរវាងមេដឹកនាំកូរ៉េកើតឡើងក្នុងឆ្នាំ២០០០ រវាងលោក គីម ដេជុង និងលោក គីម ជុងអ៊ីល ឯលើកទីពីរ គឺនៅឆ្នាំ២០០៧ រវាងលោក រ៉ូ មូយុន និងលោក គីម ជុងអ៊ីល ។ មេដឹកនាំទាំងបីសុទ្ធតែមរណភាពអស់ហើយ៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
គីម ជុងអ៊ុន
មូន ចេអ៊ីន
គីម យ៉ូចុង
© រក្សាសិទ្ធិដោយ thmeythmey.com