អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ព្រមាន​បណ្តេញ​ប៉ូលិស​និង​យោធា បើ​មិនអាច​គ្រប់គ្រង​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់​គ្រប់គ្រង​ខ្លួន​
11, Feb 2018 , 10:39 am        
រូបភាព
ប្រធានា​ធិបតី​ឥណ្ឌូណេ​ស៊ី ចូកូ វីដូដូ (រូបភាព៖ Xinhua)
ប្រធានា​ធិបតី​ឥណ្ឌូណេ​ស៊ី ចូកូ វីដូដូ (រូបភាព៖ Xinhua)
ដោយ:
​ទំនងជា​ទ្រាំលែងបាន​ជាមួយនឹង​បញ្ហា​ដដែលៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ នៃ​ការឆេះ​ព្រៃ និង​ដើម្បី​លើកមុខ​មាត់​ប្រទេស​ក្នុងនាម​ជា​ម្ចាស់ផ្ទះ Asian Games ផងដែរ​នោះ រដ្ឋាភិបាល​ហ្សា​ការ​តា បាន​ព្រមាន​ចាត់​វិធាន​តឹងរឹង​ទៅលើ​មន្ត្រី​មាន​សមត្ថកិច្ច​របស់ខ្លួន ប្រសិន​មាន​ករណី​ភ្លើងព្រៃ​ជាថ្មី ហើយ​ពួកគេ មិនអាច​គ្រប់គ្រង​បានល្អ​នោះ ។

 
« ប្រសិន​មាន​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​តំបន់​គ្រប់គ្រង​របស់​អ្នក (​មន្ត្រីប៉ូលិស និង​ទាហាន​) ហើយ​អ្នក​មិនអាច​គ្រប់គ្រង​វា​បាន​នោះ​, អ្នកនឹង​ត្រូវ​បណ្តេញ​ចេញពី​ការងារ​ហើយ ។ ខ្ញុំ នឹង​ហៅ​មេ​ប៉ូលិស ឬ​ទាហាន​ដើម្បី​បណ្តេញ​អ្នកចេញ »​។ នេះ​គឺជា​សេចក្តី​ការណ៍​ព្រមាន​របស់លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ដែល​ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន The Jakarta Globe នៅ​ថ្ងៃ ៧ កុម្ភៈ​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​ប្រធានាធិបតី ក៏បាន​ទទួលស្គាល់​ពី​ការថយចុះ​នៃ​ភ្លើង​ឆេះ​ព្រៃ ក្រោម​ការខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ទាំង​ថ្នាក់កណ្តាល និង​ថ្នាក់មូលដ្ឋាន ។ ក៏ប៉ុន្តែ លោក ទទូច​ឲ្យ​មន្ត្រីក្រោមឱវាទ​ទាំងនោះ បន្តការងារ​នោះ​ឲ្យ​កាន់តែ​ល្អ​ថែមទៀត ដ្បិត​កន្លងមក លោក អះអាងថា លោក ពិតជា​ពិបាក​ក្នុងការ​ប្រឈម​ជាមួយនឹង​មេដឹកនាំ​ជិតខាង ។ 
 
​មួយវិញទៀត​នោះ នៅ​ខែសីហា ឆ្នាំ ២០១៨ នេះ ឥណ្ឌូណេស៊ី ក៏​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ នៃ កីឡា Asian Games ផង ។ បើ​មាន​ភ្លើង​ឆេះ​ព្រៃ និង​បង្ក​ជា​អ​ព្ទ​ពាសពេញ​អាកាស នោះ​ឥណ្ឌូណេស៊ី នឹងត្រូវ​អាប់ឱន​កេរ្តិ៍​ចំពោះមុខ បណ្តា​ប្រទេស​ចូលរួម​ជាក់​ជាពុំខាន​ហើយ ។ 
 
​លោក​ប្រធានាធិបតី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« នៅ​ឆ្នាំ​២០១៥ រាល់ពេល ដែល​ខ្ញុំ បាន​ជួប​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី និង​ម៉ាឡេស៊ី​, ខ្ញុំ តែងតែ​ទទួល​បានការ​ត្អូញត្អែរ​អំពី​អ​ព្ទ ដែល​បណ្តាលមកពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី ។ ក៏ប៉ុន្តែ ពួកគាត់ ក៏បាន​ទទួលស្គាល់​ពី​កិច្ចប្រឹងប្រែង​របស់​យើង​ក្នុង​ឆ្នាំ​២០១៦ និង​២០១៧​កន្លងទៅ​ផងដែរ ។ តែ​យ៉ាងណា ខ្ញុំ សូម​ទទូច​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​បំពេញការងារ​ឲ្យ​បានល្អ​សម្រាប់​ការ​ដំណើរ​ឲ្យ​បាន​រលូន​នៃ កីឡា Asian Games  ។ កុំ​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ ត្រូវ​បំផ្លាញ​ដោយ​អ​ព្ទ និង​ភ្លើង​ឆេះ​ព្រៃ​ឲ្យ​សោះ » ។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ជា​រៀងរាល់ឆ្នាំ ឥណ្ឌូណេស៊ី តែងតែ​ជួបនឹង​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ជានិច្ច ដែល​ភាគច្រើន​បណ្តាលមកពី​ការធ្វើ​អាជីវកម្ម​ខុសច្បាប់ ។ អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះ រាល់ពេល​មាន​ភ្លើង​ឆេះ​ព្រៃ​នោះ វា បាន​បង្ក​ឡើងជា​អ​ព្ទ​ពាសពេញ​អាកាស​ទាំង​ប្រទេស​ឥណ្ឌូណេស៊ី​ខ្លួនឯង​ផង ទាំង​នៅលើ​អាកាស​របស់​ប្រទេសជិតខាង​រួមមាន​ម៉ាឡេស៊ី និង​សិង្ហ​បុរី​ផង ៕ 

Tag:
 ឥណ្ឌូណេស៊ី​
  Asian Games
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com