អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឌូ​ទើ​តេ ថា តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មិនអាច​កាត់ទោស​លោក​បាន​ឡើយ​
10, Feb 2018 , 5:59 pm        
រូបភាព
ប្រធានា​ធិបតី​ហ្វីលីពីន​ រ៉ូឌ្រីហ្គោ ឌូទើតេ (រូបភាព៖ AFP)
ប្រធានា​ធិបតី​ហ្វីលីពីន​ រ៉ូឌ្រីហ្គោ ឌូទើតេ (រូបភាព៖ AFP)
​មួយថ្ងៃ​ក្រោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បានសម្រេច​ផ្តើម​នីតិវិធី​ពិនិត្យ និង​វាយតម្លៃ​ជាបឋម​ទៅលើ​ករណី​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​ហ្វីលីពីន ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​អះអាងថា លោក​មិន​ស្ថិតក្រោម​យុត្តាធិការ​របស់​តុលាការ​នេះឡើយ​។ ICC ចង់​ស៊ើបអង្កេត​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ ដែល​តាម​របាយការណ៍​នានា​បង្ហាញថា មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​សម្លាប់​។ ប៉ុន្តែ​លោក ឌូ​ទើ​តេ និយាយថា ច្បាប់​ក្នុងស្រុក​មិន​បានចែង​ជាក់លាក់​ពី​ករណីនេះ​ទេ​។​

 
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ មិនមាន​ការព្រួយបារម្ភ​ឡើយ បន្ទាប់ពី​អគ្គ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ លោកស្រី Fatou Bensouda នៅ​ថ្ងៃទី​៨ កុម្ភៈ បានប្រកាស​បើក​ការពិនិត្យ​វិនិច្ឆ័យ​ជាបឋម​នៅក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក​។ លោក ឌូ​ទើ​តេ បាន​រិះគន់​អគ្គ​រដ្ឋអាជ្ញា​អន្តរជាតិ​ជាខ្លាំង និង​បាន​គំរាម​ជាថ្មី​ម្ដង​ទៀតថា ហ្វីលីពីន​អាច​ដើរ​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មិន​ខាន​។​
 
​ថ្លែង​ក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង Davao នៅ​ថ្ងៃទី​៩ ខែកុម្ភៈ លោក ឌូ​ទើ​តេ បាន​ទទួលស្គាល់ថា រដ្ឋាភិបាល​ហ្វីលីពីន​ជំនាន់​មុន​ពិតជា​ផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ដែល​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពិតមែន តែ​មិនបាន​បញ្ចូល​កិច្ចព្រមព្រៀង​ដដែល​នេះ ទៅក្នុង​ច្បាប់​ប្រទេស​ឡើយ​។ ក្នុងន័យនេះ ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​បញ្ជាក់ថា គ្មាន​បញ្ញត្តិ​ណាមួយ​ចែង​ពី​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​ឡើយ ដូចនេះ ICC ក៏​មិន​ចោទ​រូបលោក​ពីបទ​ឧក្រិដ្ឋ​បានដែរ​។​
 
​ជុំវិញ​សំណុំ​រឿងនេះ លោកស្រី​រដ្ឋអាជ្ញា​ខាងលើ អះអាងថា មាន​របាយការណ៍​ជាច្រើន​ដែល​បង្ហាញថា មនុស្ស​រាប់ពាន់នាក់ ត្រូវបាន​សម្លាប់​គិត​ចាប់ពី​ថ្ងៃទី​០១ កក្កដា ឆ្នាំ ២០១៦ ក្រោម​ហេតុផល​ពាក់ព័ន្ធ​ទៅនឹង​ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន ។ ជាពិសេស​នោះ វា​ក៏មាន​ការរាយការណ៍ ពី​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ ក្រោម​ប្រតិបត្តិការ​របស់​ប៉ូលិស​ទៀតផង ។ បើតាម​ទិន្នន័យ​ប៉ូលិស​ហ្វីលីពីន ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ជិត​បួន​នាក់ ត្រូវបាន​សម្លាប់​។​
 
​ការផ្តើម​នីតិវិធី​ពិនិត្យ និង​វាយតម្លៃ​ជាបឋម​លើ​ករណី​គ្រឿងញៀន​ពី​សំណាក់​រដ្ឋអាជ្ញា ICC ធ្វើ​ឲ្យ​ហ្វីលីពីន​ក្លាយជា​រដ្ឋ​អាស៊ីអាគ្នេយ៍​ទីមួយ ដែល​ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ស៊ើបអង្កេត​។ លោក ឌូ​ទើ​តេ បាន​ប្រតិកម្ម​យ៉ាងខ្លាំង​នឹង​រឿងនេះ ព្រោះ​ករណី​ឧក្រិដ្ឋកម្ម​ក៏​កើតឡើង​នៅ​រដ្ឋ​អាស៊ី​ផ្សេងទៀត​ដែរ​។ លោក​និយាយថា ការសម្លាប់​រង្គាល​កើតមាន​ច្រើនណាស់​នៅ​អាស៊ី បែរជា​តុលាការ​ចោទ​លោក​ម្នាក់​ទៅវិញ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​កម្មវិធី​ដោយឡែក​មួយទៀត ប្រធាន​ធិបតី​ហ្វីលីពីន​ដែល​តែង​ប្រើពាក្យ​អសុរោះ​វាយបក​លើ​អ្នក​រិះគន់ បាន​គំរាម​ដើរ​ចេញពី​តុលាការអន្តរជាតិ​ទៅទៀត​។ លោក​បាន​ព្រមាន​លោកស្រី​រដ្ឋអាជ្ញា ICC ចំៗ​ថា លោកស្រី​នឹង​ទទួល​កម្មផល​មិន​ខាន​។ នីតិវិធី​បឋម​របស់ ICC ខាងលើ នឹង​ជួយ​រដ្ឋអាជ្ញា​កំណត់ថា ករណីនេះ​ធ្លាក់ចូល​យុត្តាធិការ​តុលាការ​ឬ​អត់​។ នីតិវិធី​នេះ​អាច​ឈានដល់​ការស៊ើបអង្កេត​ពេញលេញ និង​ការចោទប្រកាន់​ផ្លូវការ​តែម្ដង​៕

Tag:
 ​ហ្វីលីពីន​
  ICC
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com