កីឡាជាតិ
ជាតិ
កម្ពុជា​នឹង​ស្នើ​ហ្វី​លីពី​ន​ដាក់​គុន​ល្បុក្កតោ​និង​អុកចត្រង្គ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩
10, Feb 2018 , 4:41 pm        
រូបភាព
ដោយ:
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​នឹង​ស្នើសុំ​ម្ចាស់ផ្ទះ​ហ្វីលីពីន ដើម្បី​ដាក់បញ្ចូល​កីឡា​អត្តសញ្ញាណ​ជាតិ​រួមមាន គុន​ល្បុក្កតោ និង​អុកចត្រង្គ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​ឆ្នាំ​២០១៩​។ នៅ​ចុងឆ្នាំ​២០១៨ កម្ពុជា​នឹង​បញ្ជូន​គ្រូបង្វឹក​នៃ​ប្រភេទ​កីឡា​ទាំងពីរ​នេះ ទៅ​បណ្តុះបណ្តាល​ក៏ដូចជា​ចែករំលែក​បទពិសោធ​ពាក់ព័ន្ធ​នឹង​កីឡា​នេះ​តាម​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន​។

 
​ដើម្បី​ផ្សព្វផ្សាយ​គុន​ល្បុក្កតោ​និង​អុកចត្រង្គ​ដែលជា​កីឡា​អត្តសញ្ញាណ​ជាតិ​ឲ្យ​គេ​ស្គាល់​កាន់តែច្រើន កម្ពុជា​នឹង​ស្នើសុំ​ម្ចាស់ផ្ទះ​ហ្វីលីពីន​ដាក់បញ្ចូល​កីឡា​ទាំងនេះ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​ឆ្នាំ​២០១៩​។ ប៉ុន្តែ​ការស្នើ​នេះ ក្នុង​ក្របខណ្ឌ​ប្រកួត​ក្រៅផ្លូវការ ដោយ​មិន​រាប់បញ្ចូល​ចំនួន​មេដាយ​ក្នុង​តារាង​ផ្លូវការ​នោះទេ​។ 
 
«​យើង​បាននិងកំពុង​រៀបចំ​ផែនការ ដើម្បី​ស្នើសុំ​ហ្វីលីពីន​ដាក់​កីឡា​គុន​ល្បុក្កតោ​និង​អុកចត្រង្គ​ក្នុង​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ ពេល​ប្រទេស​នេះ​ធ្វើ​ម្ចាស់ផ្ទះ​។ យើង​ចង់​ដាក់​កីឡា​ទាំងនេះ ព្រោះ​វា​ជា​កីឡា​សក្តានុពល ដែល​យើង​នឹងដាក់​ក្នុងការ​ប្រកួត​កីឡា​ហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា​។ ការដាក់​នេះ គឺ​ដើម្បី​ឲ្យ​កីឡាករ​និង​មន្ត្រី​បច្ចេកទេស​ទទួលបាន​ប​ទ​ពិសោធ ក៏ដូចជា​ផ្សព្វផ្សាយ​កីឡា​នេះ​ឲ្យ​គេ​បាន​ស្គាល់​កាន់តែច្រើន​នៅលើ​ឆាក​អន្តរជាតិ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ NOCC​។  


លោក វ៉ាត់ ចំរើន​ ពេល​ផ្តល់​​បទសម្ភាស​ដល់អ្នកសារព័ត៌​មាននៅ​ទីស្នាក់ការ NOCC
 
​នៅ​ចុងឆ្នាំ​២០១៨ ខាងមុខ កម្ពុជា​នឹង​បញ្ជូន​គ្រូបង្វឹក និង​អ្នកជំនាញ​ផ្នែក​កីឡា​ទាំងពីរ​ខាងលើ​ទៅ​បណ្តុះបណ្តាល​បច្ចេកទេស ក៏ដូចជា​ចែករំលែក​បទពិសោធ​ពី​របៀប​លេង ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​លេង​កីឡា​នេះ​។ បច្ចុប្បន្ន​ប្រទេស​ដែលមាន​កីឡា​គុន​ល្បុក្កតោ​រួមមាន​កម្ពុជា​, មី​យ៉ាន់​ម៉ា​, ឡាវ និង​វៀតណាម ខណៈ​អុកចត្រង្គ​មាន​កម្ពុជា​, ថៃ​, ឡាវ និង​មី​យ៉ាន់​ម៉ា​។ តែ​ប្រទេស​ទាំងនេះ​មាន​ទ​ង្រ​ង់ និង​បែបបទ​នៃ​ការលេង​ខុសៗ​គ្នា​។ 
 
​ទោះបី​យ៉ាងនេះ​ក្តី លោក វ៉ា​ត់ ចំរើន ជឿជាក់ថា​៖«​ចំពោះ​កីឡា​អុកចត្រង្គ​ប្រទេសមួយ​ចំនួន​មាន​ការលេង​ខុសពី​កម្ពុជា តែ​វា​ខុសគ្នា​តិចតួច​ប៉ុណ្ណោះ យើង​អាច​កែប្រែបាន ព្រោះ​យើង​កំពុង​បន្ស៊ី​ការលេង​នៃ​ប្រទេស​នីមួយៗ​ឲ្យ​មាន​លក្ខណៈ​ដូចគ្នា​។ ខ្ញុំ​រំពឹងថា កីឡា​អត្តសញ្ញាណ​ជាតិ​យើង​នឹងមាន​វត្តមាន​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០១៩»​។​


 
​កីឡា​គុន​ល្បុក្កតោ​និង​អុកចត្រង្គ​ត្រូវបាន​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​ចាត់ទុកជា​កីឡា​ស្ថិតក្នុង​គោលដៅ​យុទ្ធសាស្ត្រ​អាទិភាព​ក្នុង​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​។ ក្រៅពី​កីឡា​ទាំងនេះ ក៏មាន​កីឡា​ជាច្រើន​ទៀតផង​ដែរ​រួមមាន​អត្តពលកម្ម ហែល​ទឹក បាល់ទះ​, បាល់ទាត់ និង​បាលបោះ​។ កីឡា​ទាំងនេះ​ជា​កីឡា​យុទ្ធសាស្ត្រ​គោលដៅ​ដែល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​និង​ជួយ​ជ្រោមជ្រែង ព្រោះ​វា​ជា​កីឡា​អត្តសញ្ញាណ​ជាតិ និង​ប្រជាប្រិយ​៕  

Tag:
 វ៉ា​ត់ ចំរើន​
  ល្បុក្កតោ​
  អុកចត្រង្គ
© រក្សាសិទ្ធិដោយ thmeythmey.com