ជាតិ
សិល្បះ
«Cambodia Our Home» ធ្វើ​ឲ្យ​អ្នកនិពន្ធ និង​អ្នកចម្រៀង មាន​មោទកភាព និង​ក្ដុកក្ដួល​
11, Feb 2018 , 10:43 am        
រូបភាព
​បទ​ចម្រៀង ដែលមាន​រយៈពេល​ជាង ៥​នាទី មាន​ចំណងជើង​ថា «Cambodia Our Home» បានធ្វើ​ឲ្យ​អ្នកនិពន្ធ និង​តារាចម្រៀង មាន​មោទកភាព និង​អារម្មណ៍​ក្ដុកក្ដួល​។ បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស លាយ​ភាសា​ខ្មែរ «​យើង​ខ្មែរ​» នេះ ជា​បទ​ចម្រៀង ដែល​បង្ហាញ​ពី​មនោសញ្ចេតនា និង​អារម្មណ៍​នឹក​ផ្ទះ នឹក​ទីកន្លែង​កំណើត​។​


​ខុស​ពីបទ​ចម្រៀង​មនោសញ្ចេតនា និង​បទ​ចម្រៀង​ស្នេហា​ផ្សេងៗ «Cambodia Our Home» ជា​បទ​ចម្រៀង​មួយ ដែល​ច្រៀង​រៀបរាប់​ពី​អារម្មណ៍ និង​មនោសញ្ចេតនា​នឹក​ដល់​ស្រុកកំណើត ទោះ​បុគ្គល​ម្នាក់ៗ​ទៅដល់​ទីណា​ក៏ដោយ​។ «Cambodia Our Home» ជា​ស្នាដៃ​និពន្ធ​ទំនុកច្រៀង​របស់លោក បណ្ឌិត សាន វ​ឌ្ឍ​នា ប្រធាន​ក្រុមការងារ​ចលនា GoGo Cambodia ដែល​បទ​ភ្លេង​និពន្ធ​ដោយ​លោក សួន ពិសិដ្ឋ  និង​បកស្រាយ​ដោយ​កញ្ញា វី ឌី​ណែ​ត​។​


 
​ក្នុង​ឃ្លី​ប​វីដេអូ​ដែលមាន​រយៈពេល​ជាង ៥​នាទី «Cambodia Our Home» បានបង្ហាញ​ទាំង​អត្ថន័យ និង​រូបភាព​របស់​ប្រជាជន​ខ្មែរ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី តាមរយៈ​ស្នាមញញឹម ដែល​មាននៅ​គ្រប់​ទីកន្លែង ទាំង​ក្នុង​និង​ក្រៅប្រទេស​។ បទ​ភ្លេង​ព្យា​ណូ លាយឡំ​ជាមួយ​ឧបករណ៍​បុរាណ​ខ្មែរ​«​ប៉ីពក​» បាន​ទាញអារម្មណ៍​អ្នក​ស្ដាប់ និង​ទស្សនា​ឲ្យ​ដក់​ជាប់​ក្នុង​ចិត្ត​។​
 
​លោក សួន ពិសិដ្ឋ អ្នកនិពន្ធ​បទ​ភ្លេង «Cambodia Our Home»  បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា បទ​ចម្រៀង​នេះ គឺ​និយាយ​ពី​អារម្មណ៍​នឹក​ស្រុក​ខ្មែរ ដែល​ពលរដ្ឋ​ខ្មែរ​ទៅ​រស់នៅ​ក្រៅ ឬ​ជាប់​បេសកកម្ម​ក្រៅប្រទេស​ផ្សេងៗ​។ លោក សួន ពិសិដ្ឋ បន្តថា បទ​ចម្រៀង​មួយ​បទ​នេះ មាន​ផល​លំបាក​ច្រើន​ក្នុងការ​តែង​និពន្ធ​បទ​ភ្លេង ដោយសារ​ប្រើតែ​ឧបករណ៍​ព្យា​ណូ និង​ឧបករណ៍​បុរាណ​ខ្មែរ «​ប៉ីពក​» ប៉ុណ្ណោះ​។ អ្នកនិពន្ធ​បទ​ភ្លេង​រូបនេះ រៀបរាប់​យ៉ាង​ដូច្នេះ​៖ «​សម្រាប់​ខ្ញុំ​ផ្ទាល់ ពេល​និពន្ធ​បទ​ភ្លេង​នេះ ខ្ញុំ​មាន​អារម្មណ៍​ក្ដុកក្ដួល មាន​ភាពកក់ក្ដៅ​។ ព្រោះ​ខ្ញុំ​និពន្ធ​ប្រើ​ទាំង​អារម្មណ៍​និង​វិញ្ញាណ​ដាក់​ក្នុង​បទ​នេះ​»​។  


 
​សម្រាប់​តារាចម្រៀង​វិញ កញ្ញា វី ឌី​ណែ​ត ដែលជា​អ្នកបកស្រាយ​បទ​ចម្រៀង «Cambodia Our Home» នេះ បាន​ប្រាប់​ឲ្យ​ដឹងថា បទ​នេះ មាន​ភាពខុសប្លែក​ពីបទ​ចម្រៀង​ដែល​នាង​ធ្លាប់​ច្រៀង​កន្លងមក ដោយ​ខុសប្លែក​ទាំង​អត្ថន័យ និង​ភ្លេង ពិសេស​បទ​នេះ ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ក្ដុកក្ដួល​។ កញ្ញា វី ឌី​ណែ​ត បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ពេល​ខ្ញុំ​ច្រៀង​បទ​នេះ ខ្ញុំ​មាន​មោទកភាព និង​ក្ដុកក្ដួល​ណាស់​។ ព្រោះ​អត្ថន័យ និង​បទ​ភ្លេង គឺ​ចាក់​ដោត​»​។ តារាចម្រៀង​ស្រី​ល្បីល្បាញ​រូបនេះ បន្ថែមថា ការ​ច្រៀង​បទ​នេះ មិនមាន​ផល​ពិបាក​នោះទេ ប៉ុន្តែ​អ្វី​ពិបាក គឺ​ការដាក់​អារម្មណ៍ ដោយ​ធ្វើយ៉ាងណា​ឲ្យ​មនុស្ស​ទូទៅ​មាន​អារម្មណ៍​នឹក​ផ្ទះ​ដូចគ្នា​។​
 
​ចំណែកឯ​អ្នកនិពន្ធ​ទំនុកច្រៀង លោក​បណ្ឌិត សាន វ​ឌ្ឍ​នា បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​តែង​និពន្ធ​ទំនុកច្រៀង​បទ​នេះ គឺជា​អារម្មណ៍​កើតចេញពី​ការស្រឡាញ់​កម្ពុជា ដោយ​ព្យាយាម​បង្ហាញ​ពី​កម្ពុជា​។ ពិសេស​អារម្មណ៍​ពលរដ្ឋ​ខ្មែរ​ក្រៅ និង​ក្នុងប្រទេស ដែលមាន​អារម្មណ៍​ស្រឡាញ់​ប្រទេស​ដូចគ្នា ទោះ​ទៅដល់​កន្លែង​ណាក៏ដោយ​»​។ លោក​បណ្ឌិត សាន វ​ឌ្ឍ​នា បន្តថា ពលរដ្ឋ​ខ្មែរ​គ្រប់រូប ឲ្យ​តែ​នឹក​ស្រុក​ខ្មែរ គឺ​នឹក​ដល់ផ្ទះ​ខ្លួនឯង​មុនគេ​។  ប្រធាន​ក្រុមការងារ​ចលនា GoGoCambodia រូបនេះ ពន្យល់ថា​៖ «​បទ​នេះ មាន​ខ្លឹមសារ​ពីរ គឺ​ទី​១ ទោះ​យើង​ទៅដល់​ណាក៏ដោយ ចាំ​ថា​កម្ពុជា​នៅតែ​ជា​ផ្ទះ​របស់​យើង​។ ទី​២ ទោះ​យើង​ក្លាយទៅជា​អ្វី​ក៏ដោយ​កម្ពុជា នៅតែ​ជា​កន្លែង​សម្រាប់​យើង​»​។ 


 
​បើតាម​លោក​បណ្ឌិត សាន វ​ឌ្ឍ​នា បទ​ចម្រៀង​នេះ នៅពេល​តែង​ជាមួយ MV គឺ​ព្យាយាម​បង្ហាញ​រំលឹក​ពី​ការ​សម្លឹង​មើលទៅ​ថ្ងៃ​អនាគត​។ លោក​បណ្ឌិត សាន វ​ឌ្ឍ​នា លើកឡើងថា​៖ «​សម្រាប់​ខ្ញុំ​ពេលដែល​តែង​បទ​នេះហើយ និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​រំភើប​។ ហើយ​តាមរយៈ​បទ​នេះ យើង​នឹង​ស្រឡាញ់​កម្ពុជា​ខ្លាំង​ជាង​មុន ព្រោះ​យើង​ជា​ខ្មែរ ខ្មែរ​តែមួយ​។​
 
​ទាំង​លោក សួន ពិសិដ្ឋ និង​លោក​បណ្ឌិត សាន វ​ឌ្ឍ​នា សុទ្ធតែ​សង្ឃឹមថា ពលរដ្ឋ​ខ្មែរ នឹង​ទទួលបាន​អត្ថន័យ និង​ខ្លឹមសារ ដោយ​យល់​ពី​ទឹកចិត្ត និង​បេះដូង​ក្នុង​បទ​នោះ​។ លោក​បណ្ឌិត សាន វ​ឌ្ឍ​នា សង្ឃឹមថា បទ​នេះ ទៅ​ថ្ងៃ​អនាគត នឹងមាន​បកប្រែ​ជាច្រើន​ភាសា​ផងដែរ​៕



 កញ្ញា វី ឌីណែត



លោកបណ្ឌិត សាន វឌ្ឍនា



លោក សួន ពិសិដ្ឋ










Tag:
 ចម្រៀង​
  ខ្មែរ​
  Cambodia Our Home
© រក្សាសិទ្ធិដោយ thmeythmey.com