ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា ឆែ ដា​នី ជម្នះ​រៀន​ឧបករណ៍​តន្ត្រី​«​ខ្សែ​មួយ​» ព្រោះ​យល់ថា​ជា​អត្តសញ្ញាណ​របស់​ខ្មែរ​
07, Mar 2018 , 8:39 pm        
រូបភាព
​កញ្ញា ឆែ ដា​នី ជា​នារី​ម្នាក់​ដែល​ដាក់ចិត្ត​រៀន​លេង​ឧបករណ៍​តន្ត្រី​ខ្សែ​មួយ​(​ខ្សែ​ដៀវ ឬ​សាដៀវ​) ព្រោះ​យល់ថា​ឧបករណ៍​នេះ​បង្ហាញ​ពី​អត្តសញ្ញាណ និង​ដួងព្រលឹង​របស់​ខ្មែរ​។ កញ្ញា​បាន​ប្រ​ថ្នា​បើក​ថ្នាក់​បង្រៀន​បន្តទៀត បើសិនជា​មានឱកាស​។​

 
​ដា​នី គឺជា​និស្សិត​អក្សរសាស្ត្រ​ខ្មែរ​ឆ្នាំ​ទី​៤​ម្នាក់ ដែល​ចេះ​លេង​ឧបករណ៍​តន្ត្រី​ខ្សែ​មួយ ដែល​គេ​និយម​ហៅថា​ខ្សែ​ដៀវ ឬ​សាដៀវ​។ បំណង​ចង់​ចេះ​លេង​ឧបករណ៍​ដែលមាន​ទម្រង់​ស្រដៀង​នឹង​ទ្រអ៊ូ បាន​កើតមាន​ក្នុង​អារម្មណ៍​របស់​យុវតី​ដា​នី នៅក្នុង​វ័យ​ជំទង់ ពោលគឺ​នៅពេលដែល​ដា​នី​បានឃើញ​ការសំដែង​ឧបករណ៍​ខ្សែ​មួយ​នៅក្នុង​ភា​យន្ត​ខ្មែរ​មួយ​។ បន្ទាប់មក ដា​នី​បាន​ស្វែងរក​សំឡេង​ខ្សែ​មួួយនៅតាម​តូប​បញ្ចូល​បទ​ភ្លេង​ក្នុង​ទូរ​សព្ទ ប៉ុន្តែ​គ្មាន​អ្នកណា​ស្គាល់​ឧបករណ៍​តន្ត្រី​ខ្សែ​មួយ ឬ​សំឡេង​របស់​វា​ឡើយ​។​


 
​និយាយ​បណ្ដើរ​សើច​បណ្ដើរ ដា​នី​បញ្ជាក់ថា​៖«​ស្ដាប់ឮ​ដំបូង ខ្ញុំ​មាន​អារម្មណ៍​ថា ភ្លេង​នេះ​ត្រូវ​នឹង​ចំណូលចិត្ត​របស់ខ្ញុំ​ណាស់ ខ្ញុំ​ក៏​ទៅ​ផ្សារ​រក​កន្លែង​បញ្ចូល​បទ​ភ្លេង​ឱ្យគេ​ដាក់ឱ្យ តែ​មិនមាន​អ្នកណា​ធ្លាប់​ស្គាល់​ភ្លេង​នេះ​ទេ ខ្ញុំ​មិនដឹងថា​ធ្វើយ៉ាងណា​បាន ក៏​ចេះតែ​ចាំ​រហូត​ឡើងមក​រៀន​នៅ​ភ្នំពេញ ទើប​មាន​អ្នក​ស្គាល់​»​។​
 
​ក្រោយពី​បានមក​រៀន​នៅ​ភ្នំពេញ​បាន​មួយរយៈ  នារី​មកពី​ខេត្តពោធិ៍សាត់​រូបនេះ ក៏មាន​ឱកាស​រៀន​ឧបករណ៍​ខ្សែ​មួយ​ដូច​បំណង​។ នាង​ថា​កាល​រៀន​ដំបូង​លំបាក​ខ្លាំងណាស់ តែ​ដោយហេតុ​ស្រលាញ់​ខ្លាំង នាង​ក៏​ព្យាយាម​រៀន​រហូត​បាន​កន្លះ​ឆ្នាំ ទើប​អាច​ចាប់​បទ​បាន​ខ្លះៗ​។ បន្ទាប់ពី​រៀន​បាន​មួយឆ្នាំ ដា​នី រៀន​ចេះ​បាន​ជាង​១០​បទ តែ​បទ​ដែល​ស្ទាត់ជំនាញ​មាន​៧​បទ​។ ដា​នី​បញ្ជាក់​៖ “​កាល​រៀន​ដំបូង​ពិបាក​ខ្លាំងណាស់ ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​អ៊ីចឹង​។ ក្នុងចំណោម​សិស្ស​រៀន​ទាំងអស់ ខ្ញុំស្រី​តែឯង ហើយ​រៀន​ខ្សោយ​ជាងគេ​ទៀត តែ​ដោយ​ស្រលាញ់​ខ្លាំង​ចេះតែ​ខំ​រហូតដល់​សព្វថ្ងៃ​»​។​


 
​ការរៀន​ឧបករណ៍​ខ្សែ​មួយ របស់​នារី​កូនច្បង​ក្នុង​គ្រួសារ​រូបនេះ មិនមែន​ដើម្បី​គ្រាន់តែ​ចង់​លេង​ឱ្យ​ពីរោះ​នោះទេ តែ​យុវតី​អាយុ​២៣​ឆ្នាំ បាន​ឱហាត​ហាត់រៀន​លេង​ឧបករណ៍​មួយ​នេះ​យ៉ាងខ្លាំង ពីព្រោះ​ដា​នី​យល់ឃើញថា​ឧបករណ៍​មួយ​នេះ​តំណាង​ឲ្យ​អត្ដ​សញ្ញាណ និង​ដួងព្រលឹង​របស់​ខ្មែរ​។ ដា​នី​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ក្នុងនាម​ខ្ញុំ​ជា​កូន​ខ្មែរ​ម្នាក់ ខ្ញុំ​ត្រូវ​រៀន​ឧបករណ៍​មួយ​នេះ ដើម្បី​ថែរក្សា​មរតក ដែលជា​កេរដំណែល​របស់​ដូនតា និង​ត្រូវ​ផ្សព្វផ្សាយ​បន្ត ដើម្បីឱ្យ​ខ្មែរ​ដទៃទៀត បានដឹងថា​អ្វី​ជា​របស់​ខ្មែរ​ខ្លះ​»​។​
 
​តាំងពី​ដា​នី​ចេះ​លេង​ឧបករណ៍​ភ្លេង​ខ្សែ​១​នេះ នាង​បាន​ចូលរួម​ផ្សព្វផ្សាយ ទាំង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេងៗ និង​បាន​ទៅ​សម្ដែង​តាម​គ្រឹះស្ថានសិក្សា​នៅ​បណ្ដា​ខេត្ត​ឆ្ងាយៗ​ជាច្រើន​ទៀត​។ និស្សិត​ឆ្នាំ​ទី​៤​រូបនេះ មាន​ក្ដី​ប្រាថ្នា ចង់​បើក​ថ្នាក់​បង្រៀន​ឧបករណ៍​ខ្សែ​មួយ ដើម្បី​បាន​ចែករម្លែក​ចំណេះដឹង​នេះ ទៅឱ្យ​យុវជន ក៏ដូចជា​ក្មេងជំនាន់ក្រោយ​បាន​ចេះ ព្រមទាំង​បាន​ជួយ​ផ្សព្វផ្សាយ​និង​ថែរក្សា​បន្ត​។​


 
​អ្វីដែល​កញ្ញា ឆែ ដា​នី ចង់​ចែករម្លែក​ទៅកាន់​យុវជន​គឺ សូមឱ្យ​កូន​ខ្មែរ​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់ ដឹងថា​សម្បត្តិ​វប្បធម៌​កេរ​មរតក​ខ្មែរ​មាន​អ្វីខ្លះ ឧបករណ៍​ភ្លេង​អ្វីខ្លះ​ជា​របស់ខ្លួន​។ ដា​នី បញ្ជាក់​៖«​ខ្ញុំ​នៅតែ​ចាំ​ប្រសាសន៍​របស់​លោកតា ឆេង ផុន ដែលថា បើ​យើង​ឃ្វាលគោ​យើង​ត្រូវ​ដឹងថា​គោ​យើង​មាន​ប៉ុន្មាន ហើយ​ពណ៌​អ្វីខ្លះ បើ​មិន​ដូច្នោះ​ទេ ច្បាស់​ជា​ច្រឡំ​មិនដឹងថា គោ​ណា​ជា​របស់​យើង គោ​ណា​ជា​របស់គេ​ទេ​»​។​

Tag:
 ​ឆែ ដា​នី​
  ឧបករណ៍​ខ្សែ​១
  សាដៀវ​
  ខ្សែ​ដៀវ
© រក្សាសិទ្ធិដោយ thmeythmey.com