ជាតិ
តារាល្បីៗ
សង្គមជាតិ
សិល្បះ
វ័ន សាវ៉ៃ៖ ការវិវត្តការសម្ដែងរបាំបុរាណពីរាំថ្វាយអាទិទេពមករាំដូចសុំទាន
× អ្នកស្រី វ័ន សាវ៉ៃ ជាសិល្បកររបាំក្បាច់បុរាណខ្មែរតាំងពីសម័យសង្គមរាស្ត្រនិយម បានមានប្រសាស្ត្រថា របាំបុរាណខ្មែរដែលធ្លាប់តែរាំថ្វាយអាទិទេព និងព្រះមហាក្សត្រ បច្ចុប្បន្នវិវត្តមករាំតាមទីសាធារណៈ តាមភោជនីយដ្ឋាន និងកម្មវិធីមួយចំនួន ដោយពេលខ្លះអ្នកមើលមិនបានឱ្យតម្លៃសិល្បករ និងរបាំឡើយ ហាក់ដូចជាទៅរាំសុំទានគេ។ អ្នកស្រីថា ព្រោះតែកត្តាជីវាភាពទើបជំរុញឱ្យសិល្បករធ្វើបែបនេះ តែពួកគេគួរតែគិតឡើងវិញថា ជ្រើសរើសធ្វើឱ្យខ្លួនមានតម្លៃ ឬគ្មានតម្លៃ។
ក្នុងកម្មវិធីបង្ហាញពីការវិវត្តនៃរបាំបុរាណខ្មែរ រៀបចំឡើងដោយអង្គការសិល្បៈខ្មែរអមតក កាលពីពេលកន្លងទៅនេះ អ្នកស្រី វ័ន សាវ៉ៃ គ្រូបង្ហាត់របាំក្បាច់បុរាណបានមានប្រសាសន៍ថា ការរាំរបាំបុរាណក្នុងសម័យអង្គរ គេរាំថ្វាយអាទិទេព និងព្រះរាជាតែប៉ុណ្ណោះ ព្រោះរបាំនេះជារបាំសក្ការ។ ហើយនៅសម័យនោះគេឱ្យតម្លៃអ្នករបាំណាស់ គេទុកប្រៀបបាននឹងកូនអាទិទេព។ ការវិវត្តក្រោយៗមកទៀត ក្នុងសម័យសង្គមរាស្ត្រនិយម របាំបុរាណចាប់ផ្ដើមរាំបន្ថែមជូនភ្ញៀវថ្នាក់រដ្ឋធំៗទស្សនា។ រហូតមកដល់សម័យបច្ចុប្បន្ននេះ របាំបុរាណសម្ដែងបន្ថែមនៅតាមភោជនីដ្ឋាន សណ្ឋាគារ ពិធីមង្គលការ និងពិធីមួយចំនួនទៀត។
គ្រូបង្ហាត់របាំរូបនេះបញ្ជាក់ថា ការរាំរបាំនៅកន្លែងខ្លះ អ្នកមើលមិនចាប់អារម្មណ៍មើលរបាំផង ហើយកន្លែងខ្លះទៀតផ្ដល់កន្លែងមិនសមរម្យឱ្យអ្នករបាំទៀត។ អ្នកស្រី វ័ន សាវ៉ៃ ពោលដោយក្ដីមួហ្មង៖ «កាលពីបុរាណគេចាត់ទុកអ្នករបាំប្រៀបបាននឹងកូនអាទិទេព ដូច្នេះរបាំមានតម្លៃណាស់ គេរាំថ្វាយតែអាទិទេពនិងស្ដេចទេ តែមកដល់ឥឡូវនេះគេរាំគ្រប់កន្លែង ពេលខ្លះគេមិនទាំងមើលផង ហើយរាំធ្វើអី ខ្ញុំមើលទៅគ្មានតម្លៃសោះ។ កន្លែងខ្លះទៀត អ្នករាំគេក្រាលកន្ទេលនៅនឹងដីឱ្យរាំ អ្នកមើលគេអង្គុយលើកៅអី ហើយអ្នករាំទៅលុតជង្គង់រាំមុខគេ ដូចទៅរាំសុំទានអីចឹង ខ្ញុំសង្វេគរបាំខ្មែរណាស់»។
អ្នកស្រី សាវ៉ៃ ពោលថា នេះក៏ដោយសារសង្គមដែរ ព្រោះតែជីវភាព និងភារកិច្ចត្រូវរកប្រាក់ផ្គត់ផ្គង់គ្រួសារ ទើបធ្វើឱ្យសិល្បករឥឡូវទោះចង់មិនចង់ក៏បង្ខំចិត្តទៅ។ អ្នកស្រីថា នៅសម័យអ្នកស្រីនៅពីក្មេង អាយុ១៦ឆ្នាំ មានប្រាក់ខែពីរបាំរួចស្រេច ប្រាក់ខែដឹងតែសល់ ព្រោះម្ដាយឪពុកជាអ្នកផ្គត់ផ្គង់គ្រួសារ ដូច្នេះអ្នកស្រីមិនខ្វល់ពីការរកប្រាក់ឡើយ។
ទោះជាយ៉ាងណាក៏ដោយ គ្រូរបាំរូបនេះមិនបានហាមឃាត់សិល្បករ មិនឱ្យទៅរាំក្នុងកម្មវិធីណាមួយឡើយ តែអ្នកស្រីគ្រាន់តែក្រើនរម្លឹកដល់សិល្បករខ្លួនឯង ឱ្យចេះថ្លឹងថ្លែងថាកន្លែងណាផ្ដល់តម្លៃឱ្យរបាំបុរាណខ្មែរ ផ្ដល់កិត្តិយសដល់សិល្បករ ឱ្យសមនឹងរបាំដែលជាដួងព្រលឹងរបស់ជាតិ។ គ្រូរបាំរូបនេះបញ្ជាក់៖”សិល្បករគាត់ជាអ្នកជ្រើសរើសតម្លៃឱ្យខ្លួនឯង ថាគាត់ធ្វើយ៉ាងណាឱ្យតែបានប្រាក់គាត់មិនខ្វល់ ឬកន្លែងដែលឱ្យតម្លៃគាត់ទើបគាត់ទៅ ”៕
Tag:
វ័ន សាវ៉ៃ
របាំបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com