កីឡាជាតិ
ជាតិ
ប្រធានគណៈកម្មការស្ត្រីបន្តដាស់តឿនយុវជនកុំឲ្យយល់ច្រឡំ ១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សារ អ្នកស្រី ម៉ក់ វណ្ណស៊ីថា ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយចប់កម្មវិធីរត់ដើម្បីក្តីស្រលាញ់
× ប្រធានគណៈកម្មការស្ត្រីនិងកីឡា អ្នកស្រី ម៉ក់ វណ្ណស៊ីថា បានបន្តដាស់តឿនដោយទទូចដល់យុវជនយុវនារី កុំឲ្យយល់ច្រឡំថ្ងៃបុណ្យនៃក្តីស្រលាញ់ ១៤ កុម្ភៈ ថាជាថ្ងៃបុណ្យសង្សារ ដែលពួកគេត្រូវលះបង់អ្វីៗសម្រាប់សង្សារខ្លួន។ ការដាស់តឿននេះ ធ្វើឡើងក្នុងកម្មវិធីរត់ប្រណាំងដើម្បីក្តីស្រលាញ់កាលពីព្រឹកថ្ងៃទី១១ កុម្ភៈ នៅបរិវេណកោះពេជ្រ។
ក្នុងពិធីរត់កម្សាន្តដើម្បីក្តីស្រលាញ់កាលពីព្រឹកថ្ងៃទី១១ កុម្ភៈ នៅបរិវេណកោះពេជ្រ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបានបញ្ជាក់ថា ការដាស់តឿនម្តងហើយម្តងទៀតរបស់គណៈកម្មការស្ត្រី គឺដើម្បីឲ្យយុវជនយុវនារីមួយចំនួនដែលយល់ខុស ភ្ញាក់ស្មារតីមកប្រព្រឹត្តអ្វីដែលត្រឹមត្រូវស្របតាមអត្ថន័យនៃពិធីបុណ្យខាងលើ។ លើសពីនេះ គឺដើម្បីរួមចំណែកកាត់បន្ថយអំពើប្រាសចាកពីប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលកើតចេញពីការយល់ខុសរបស់យុវជនយុវនារីមួយចំនួនតូច។
តាមពិតពិធីបុណ្យ Valentine day មិនមែនជាប្រពៃណីទំនៀបទម្លាប់របស់ខ្មែរនោះឡើយ ពោលគឺជាបុណ្យប្រពៃណីរបស់បរទេស ដែលគេបង្កើតឡើងដើម្បីផ្តល់ក្តីស្រលាញ់រវាងគ្រួសារ សាច់ញាតិ បងប្អូន និងមិត្តភក្តិជាដើម។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំកីឡាកម្ពុជាលោក វ៉ាត់ ចំរើន អំពាវនាវឲ្យយុវជនចូលរួមលេងកីឡាឲ្យបានច្រើនកុះករ ដើម្បីកាត់បន្ថយភាពតានតឹង និងការប្រព្រឹត្តខុសក្នុងថ្ងៃ ១៤ កុម្ភៈ ជាដើម។
ព្រឹត្តិការណ៍រត់ប្រណាំងដើម្បីក្តីស្រលាញ់ដែលបានបញ្ចប់ជាមួយភាពសប្បាយរីករាយកាលពីព្រឹកថ្ងៃទី១១ កុម្ភៈ បានទាក់ទាញអ្នកចូលរួមជាង៣ពាន់នាក់ ដែលចំនួននេះកើនឡើងជាង៥០ភាគរយបើធៀបនឹងឆ្នាំមុន។ អត្តពលិកទាំងនេះប្រកួតប្រជែងលើពីរប្រភេទវិញ្ញាសា គឺរត់ចម្ងាយ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ៕
Tag:
រត់ដើម្បីក្តីស្រលាញ់
ម៉ក់ វណ្ណស៊ីថា
គណៈកម្មការស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com