អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ថា សម្ព័ន្ធភាព​កូរ៉េខាងត្បូង​-​ជប៉ុន​-​អាមេរិក​នៅតែ​រឹងមាំ ទោះជា​កូរ៉េ​ទាំងពីរ​កំពុង​ត្រូវរ៉ូវ​គ្នា​
11, Feb 2018 , 10:39 pm        
រូបភាព
នាយក​​​រដ្ឋ​​​មន្រ្តី​​​ជប៉ុន ស៊ីនហ្សូ អាបេ, ប្រ​​​ធានា​​​ធិប​​​តីកូ​​​រ៉េខាង​​​ត្បូង មូន ចេអ៊ីន និងអនុ​​​​ប្រធា​​​​នាធិបតី​​​​អាមេរិក ម៉ៃ ផេន ឈរថត​​​រូបរួមគ្នា (រូបថត៖ AFP)
នាយក​​​រដ្ឋ​​​មន្រ្តី​​​ជប៉ុន ស៊ីនហ្សូ អាបេ, ប្រ​​​ធានា​​​ធិប​​​តីកូ​​​រ៉េខាង​​​ត្បូង មូន ចេអ៊ីន និងអនុ​​​​ប្រធា​​​​នាធិបតី​​​​អាមេរិក ម៉ៃ ផេន ឈរថត​​​រូបរួមគ្នា (រូបថត៖ AFP)
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន នៅ​ថ្ងៃទី​១០ ខែកុម្ភៈ បាន​និយាយថា ទំនាក់ទំនង​ត្រីភាគី​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន មិនមាន​ការបែកបាក់​ឡើយ និង​ស្ថិត​លើផ្លូវ​ជាមួយគ្នា​១០០​ភាគរយ​លើ​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ លោក ម៉ៃ ផេ​ន និយាយ​បែបនេះ ខណៈដែល​កូរ៉េ​ទាំងពីរ​កំពុង​ល្អូក​ល្អឺ​ន​នឹង​គ្នា​អំឡុងពេល​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា ដែល​ធ្វើ​ឲ្យ​គេ​យល់ថា អាច​បង្ក​ជា​រឿង​ល្អក់កករ​ក្នុង​សម្ព័ន្ធភាព​ត្រីភាគី​។

 
 
​ខណៈ​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងារ​នៅ​ទីក្រុង​ព្យុង​ឆាង​កំពុង​ធ្វើ​យ៉ាង​សស្រាក់សស្រាំ ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ក៏បាន​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ដែរ​។ វត្តមាន​លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុង​ព្រឹត្តិការណ៍​នេះ ក្លាយជា​ផ្ទាំង​ស៊ី​ប​នៃ​ការចាប់អារម្មណ៍​នៃ​មនុស្ស​រាល់គ្នា​។ ការអញ្ជើញ​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង កាន់តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ប្រសើរឡើង ខណៈ​អាមេរិក និង​ជប៉ុន​ពិតជា​មិនសូវ​រីករាយ​ឡើយ​។​
 
​ចំពោះ​ការ​ត្រូវរ៉ូវ​របស់​កូរ៉េ​ទាំងពីរ​លើក​នេះ អាមេរិក​មិន​គិតថា​មាន​ផលប៉ះពាល់​ដល់​សម្ព័ន្ធភាព​ត្រីភាគី​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​ឡើយ​។ ក្នុង​ដំណើរ​ត្រឡប់​ទៅ​អាមេរិក​វិញ លោក​អនុ​ប្រ​ធានា​ធិ​ប​តិ ម៉ៃ ផេ​ន និយាយប្រាប់​អ្នកសារព័ត៌មាន​ថា អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន នឹង​បន្ត​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ទាំង​សេដ្ឋកិច្ច និង​ការទូត រហូតដល់​បោះបង់​កម្ម​វិធី​នុយក្លេអ៊ែរ និង​ការអភិវឌ្ឍ​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​តាមពិតទៅ វត្តមាន​លោក ផេ​ន នៅ​កូរ៉េខាងត្បូង ក៏មាន​គោលដៅ​ទប់ស្កាត់​ការប៉ុនប៉ង​របស់​កូរ៉េខាងជើង ដែល​ចង់​ប្រើប្រាស់​ព្រឹត្តិការណ៍​អូឡាំពិក​ដើម្បី​កេងចំណេញ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ អាមេរិក​ហាក់​ប្រុងប្រយ័ត្ន​ច្រើន​ចំពោះ​ឥរិយាបថ​របស់​កូរ៉េខាងជើង ដែល​អាមេរិក​យល់ថា កូរ៉េខាងជើង​ឆ្លៀតឱកាស​នេះ​ដើម្បី​គេចវេស​ពី​ទណ្ឌកម្ម​អន្តរជាតិ ឬក៏​បង្ក​ការ​ប្រេះស្រាំ​ក្នុង​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និង​អាមេរិក​។​
 
​ក្នុងពេល​ស្នាក់នៅ​កូរ៉េខាងត្បូង អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ​មិនបាន​ជួប​និយាយ​អ្វី ឬ​សូម្បីតែ​ចាប់ដៃ​ជាមួយ​មន្ត្រី​កូរ៉េខាងជើង​ដែល​ចូលរួម​កម្មវិធី​ជាមួយគ្នា​។ អំឡុងពេល​បើក​កម្មវិធី​អូឡាំពិក​ថ្ងៃទី​៩ ខែកុម្ភៈ លោក ផេ​ន និង​លោកស្រី គីម អង្គុយ​នៅ​កៀក​គ្នា​បំផុត តែ​អ្នក​ទាំង​ពីរបាន​មិន​មើលមុខ​គ្នា​ឡើយ​។ លោក ផេ​ន អង្គុយ​ស្ងៀម​ធ្វើ​មិនដឹង ពេលដែល​អត្ត​ព​លិ​ក​កូរ៉េ​ទាំងពីរ​ដង្ហែរ​ក្បួន​ក្រោម​ទង់​តែមួយ ខណៈដែល​មេដឹកនាំ​ផ្សេងទៀត ក្រោកឈរ​ទះដៃ​សាទរ​យ៉ាងខ្លាំង​។​
 
​មន្ត្រី​អាមេរិក​និយាយថា លោក​អនុ​ប្រធានាធិបតី ផេ​ន មិនមែន​ចង់​គេចវេស​ពី​មន្ត្រី​កូរ៉េខាងជើង ដែលមាន​វត្តមាន​ក្នុង​កម្មវិធី​តែមួយ​ឡើយ តែ​លោក​មិន​អើពើ​នឹង​វត្តមាន​របស់​ពួកគេ​តែម្ដង​។ ក្រុង​វ៉ាស៊ីនតោន​មិនទាន់​ជឿជាក់​លើ​សម្ដី​ទន់ភ្លន់រ​បស់​ក្រុង​ព្យុងយ៉ាង​នៅឡើយ​ទេ ទោះជា​ប៉ុន្មាន​ថ្ងៃនេះ ព្យុងយ៉ាង​បង្ហាញ​ជំហរ​ទន់ភ្លន់​ក្ដី​។ ក្រុង​វ៉ាស៊ីនតោន​នឹង​នៅតែ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ដាក់​ព្យុងយ៉ាង និង​បន្ត​សហការ​ជាមួយ​សេ​អ៊ូ​ល និង​តូ​ក្យូ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​បាន​ខ្លាំង​ថែមទៀត​៕   

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  ជប៉ុន​
  អាមេរិក​
  មៃ ផេ​ន
© រក្សាសិទ្ធិដោយ thmeythmey.com