ជាតិ
លោក ហ៊ុន ម៉ា​នី ដឹកនាំ​រៀបចំ​ពិធី​ក្រុង​ពលី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ទី​៦
11, Feb 2018 , 2:53 pm        
រូបភាព
​សៀមរាប​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ បានធ្វើ​ពិធី​ក្រុង​ពលី ដើម្បី​រៀបចំ​ដំណើរការ​កម្មវិធី​នានា​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨​។ ពិធី​ក្រុង​ពលី​នេះ រៀបចំឡើង​នៅមុខ​ព្រះ​លានជល់ដំរី​។ នេះ​ជា​ឆ្នាំ​ទី​៦ ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅលើ​ទឹកដី​អង្គរ នា​ខេត្តសៀមរាប​។

 
​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​ពិធី​ក្រុង​ពលី​តាម​ទម្លាប់ មុន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨​។ ក្រោយ​ពិធី​ក្រុង​ពលី​នេះ ក្រុមការងារ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត អាច​ចាប់ផ្តើម​រៀបចំ​រាល់​សកម្មភាព​ផ្សេងៗ ពិសេស​ក្រុមយុវជន អាច​ហ្វឹកហាត់​សិល្បៈ ហាត់​សម​លេងល្បែង​ប្រជាប្រិយ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ទី​៦ នាពេលខាងមុខ​ឱ្យបាន​ជោគជ័យ​។​
 
​ពិធី​ក្រុង​ពលី ជា​ពិធី​បែប​សាសនា​មួយ ដែល​គេ​តែង​ធ្វើឡើង​មុន​ការរៀបចំ​សាងសង់​អ្វីមួយ ក្នុង​បំណង​ដើម្បី​ជោគជ័យ និង​ទទួល​ផ្លែផ្កា​តាម​ការចង់បាន​។ ពិធី​នេះ​តែងតែ​រៀបចំ​ជាប្រចាំ នៅ​មុនពេល​ដំណើរការ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដោយ​ពិធី​នេះ​ធ្វើឡើង​តាម​គន្លង​ប្រពៃណី​ទំនៀមទម្លាប់ ជំនឿ សាសនា របស់​ខ្មែរ​ក្នុង​បុព្វហេតុ​បួងសួង​សុំ​សេចក្តីសុខ​សម្រាប់​ព្រឹត្តិការណ៍​ទាំងមូល​។​
 
​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ត្រូវបាន​រៀបចំឡើង​តាំងពី​ឆ្នាំ​២០១៣​មក អំឡុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។ ព្រឹត្តិការណ៍​នេះ ក្រៅពី​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ វា​ក៏​ជា​ឱកាស​ដែល​យុវជន និង​ប្រជាពលរដ្ឋ​កម្ពុជា​ប្រុស​ស្រី ជួបជុំគ្នា​ក្នុងនាម​ជា​មហា​គ្រួសារ​ខ្មែរ​ផងដែរ​៕













Tag:
 អង្គរ​សង្ក្រាន្ត​
  សៀមរាប​
  ហ៊ុន ម៉ា​នី​
  ក្រុង​ពាលី
© រក្សាសិទ្ធិដោយ thmeythmey.com