អន្តរជាតិ
នយោបាយអន្តរជាតិ
ក្រុមសិទ្ធិមនុស្ស ទទូចឲ្យប៉ូលិសនិងស្ថាប័នយុត្តិធម៌ហ្វីលីពីនសហការជាមួយ ICC វិនិច្ឆ័យលើ « សង្គ្រាមគ្រឿងញៀនឌូទើតេ » លោក Jose Luis Gascon ប្រធានគណៈកម្មការសិទ្អិមនុស្សហ្វីលីពីីន (រូបភាព៖ AFP)
× សកម្មជនអង្គការសិទ្ធិមនុស្សហ្វីលីពីន បានប្រកាសត្រៀមសហការជាមួយនឹងតុលាការព្រហ្មទណ្ឌកម្មអន្តរជាតិ ដើម្បីពិនិត្យ និងវិនិច្ឆ័យលើសង្គ្រាមគ្រឿងញៀនរបស់លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌូទើតេ ។ ក្រុមសិទ្ធិមនុស្សក្នុងស្រុកនេះដែរ ក៏បានទទូចឲ្យស្ថាប័នសាធារណៈរបស់ហ្វីលីពីនចូលរួមក្នុងនីតិវិធីផងដែរ ។
«ស្នងការសិទ្ធិមនុស្ស បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការជួយសម្រួលមធ្យោបាយនានាជាមួយនឹងក្រុមការងាររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ប្រសិនបើមានសំណើពីតុលាការ ។ រដ្ឋាភិបាលហ្វីលីពីន ក្នុងនាមជាភាគីនៃលក្ខន្តិកៈក្រុងរ៉ូម ត្រូវមានការកាតព្វកិច្ចសហការជាមួយនឹង ICC»។ នេះជាសេចក្តីថ្លែងការណ៍ប្រធានសិទ្ធិមនុស្សប្រចាំហ្វីលីពីន លោក Jose Luis Gascon នៅថ្ងៃទី១០ កុម្ភៈ ។
តាមភ្នាក់ងារព័ត៌មាន AFP ប្រធានសិទ្ធិមនុស្សរូបនេះ ក៏បានថ្លែងសំណូមពរសុំកិច្ចសហការជាមួយនឹងស្ថាប័នប៉ូលិស ក៏ដូចជាក្រសួងយុត្តិធម៌ហ្វីលីពីនដើម្បីធ្វើការរួមគ្នាជាមួយនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅក្នុងដំណាក់ពិនិត្យជាបឋម ថាតើលោកប្រធានាធិបតី រ៉ូឌ្រីហ្គី ឌូទើតេ ពិតជាបានប្រព្រឹត្តបទល្មើសប្រឆាំងមនុស្សជាតិ តាមរយៈសង្គ្រាមគ្រឿងញៀនរបស់លោកឬយ៉ាងណា ។
សេចក្តីថ្លែងការណ៍របស់ប្រធានសិទ្ធិមនុស្សរូបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅថ្ងៃ៨ កុម្ភៈ បានប្រកាសជាផ្លូវការក្នុងការពិនិត្យ និងវិនិច្ឆ័យជាបឋមលើសកម្មភាពពាក់ព័ន្ធរបស់លោកឌូទើតេនៅក្នុងយុទ្ធនាការលុបបំបាត់គ្រឿងញៀន ដែលលោកប្រធានាធិបតី ហៅថា សង្គ្រាមប្រឆាំងគ្រឿងញៀននោះ ។
បញ្ហានេះ មិនបានធ្វើឲ្យលោកប្រធានាធិបតីហ្វីលីពីន ឌូទើតេ មានការតក់ស្លុតអ្វីឡើយ ដ្បិតកន្លងមក លោក តែងតែអះអាងហើយថា គ្រប់យ៉ាងដែលលោកបានធ្វើតាមរយៈសង្គ្រាមគ្រឿងញៀននោះ គ្រាន់តែដើម្បីឲ្យក្មេងជំនាន់ក្រោយ ត្រូវបាត់បង់អនាគតរបស់ពួកគេដោយសារតែគ្រឿងញៀន ។ តបនឹងការនឹងការប្រកាសរបស់រដ្ឋអាជ្ញា លោក ឌូទើតេ បានលើកឡើងជាថ្មីពីលទ្ធភាពរបស់លោកក្នុងការនាំហ្វីលីពីន ចេញពីតុលាការព្រហ្មទណ្ឌទៀតផង ៕
© រក្សាសិទ្ធិដោយ thmeythmey.com