ជាតិ
សមត្ថកិច្ចកំពុងតាមចាប់ខ្លួនអតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច ពាក់ព័ន្ធការបញ្ជូនពលករទៅក្រៅប្រទេស រូបពីហ្វេសប៊ុកបណ្ដាញព័ត៌មានខ្មែរឥស្លាម៖ លោក អះម៉ាត់ យ៉ះយ៉ា (អង្គុយកណ្ដាលស្ត្រីខ្មែរឥស្លាម)
× ភ្នំពេញ៖ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនអតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក អះម៉ាត់ យ៉ះយ៉ា និងបក្សពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការបញ្ជូនពលករទៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីអំឡុងឆ្នាំ២០០៤ ។
ការតាមចាប់ខ្លួនលោក អះម៉ាត់ យ៉ះយ៉ា នេះធ្វើឡើង បន្ទាប់ពីនគរបាលប្រឆាំងការជួញដូរមនុស្ស បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ីស្មាអែល ពិនឧស្ម័ន ដែលត្រូវជាក្មួយអតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះ កាលពីថ្ងៃទី៩ កុម្ភៈ ទាក់ទងនឹងករណីឃោសនាជ្រើសរើសពលការិនីឲ្យទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតដោយខុសច្បាប់ ។ ក្នុងករណីនេះសមត្ថកិច្ច សន្និដ្ឋានថា លោក អះម៉ាត់ យ៉ះយ៉ា ក៏ជាប់សង្ស័យករណីខាងលើនេះផងដែរ។
អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចុះផ្សាយព័ត៌មាននេះ បានរៀបរាប់ដូច្នេះថា៖« កាលពីអំឡុងឆ្នាំ២០០៤ ជនសង្ស័យខាងលើ បានឃោសនាក្នុងភូមិថា ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ត្រូវជាពូរបស់ខ្លួនត្រូវការជ្រើសរើសពលការិនីបញ្ជូនទៅធ្វើការជាជំនួយការមេផ្ទះ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ប្រាក់ឈ្នួល ២២០ដុល្លារអាមេរិក កិច្ចសន្យាការងាររយៈពេល២ឆ្នាំ ចំពោះឯកសារ បែបបទលិខិតឆ្លងដែន និងថ្លៃធ្វើដំណើរ ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ជាអ្នកចំណាយ »។
អគ្គស្នងការនគរបាលជាតិ បានបន្ថែមថា ក្រោយពីផ្សព្វផ្សាយបែបនេះ ក៏មានស្ត្រីពលករខ្មែរ២២នាក់ស្ម័គ្រចិត្តទៅប្រទេសអារ៉ាប់បីសាអូឌីត ហើយជនសង្ស័យ អ៊ីស្មាអែល ពិនឧស្ម័ន បាននាំពួកគេទាំងនោះទៅជួបលោក អះម៉ាត់ យ៉ះយ៉ា ។
«ក្នុងនោះពលករម្នាក់អាយុ ១៥ឆ្នាំ ត្រូវបានឈ្មោះ អះម៉ាត់ យ៉ះយ៉ា ក្លែងអត្តសញ្ញាណដោយប្រើឯកសារដាក់អាយុ ២២ឆ្នាំវិញ ហើយបានបញ្ជូនទៅធ្វើជាស្ត្រីបម្រើតាមផ្ទះនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ។ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ជនរងគ្រោះត្រូវបានថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម បិទសិទ្ធសេរីភាព ហើយជនរងគ្រោះម្នាក់(អាយុ១៥ឆ្នាំ) ត្រូវបានគេលក់ទៅថៅកែជាម្ចាស់ទី១ ទៅថៅកែទី២ ក្នុងតម្លៃ ២០០០០ដុល្លារ ឲ្យធ្វើការងារផ្ទះ ហើយរងការរំលោភផ្លូវភេទ និងមិនទទួលបានប្រាក់ឈ្នួលតាំងពីពេលបញ្ជូនទៅ រហូតដល់អំឡុងខែសីហា ឆ្នាំ២០១៧ »។ នេះជាការបកស្រាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលកំពុងតាមចាប់លោក អះម៉ាត់ យ៉ះយ៉ា និងបក្សពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងករណីខាងលើនេះ។
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក អះម៉ាត់ យ៉ះយ៉ា ដើម្បីសុំការអត្ថាធិប្បាយលើករណីនេះនៅឡើយទេ។
តែបើតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ លោក អះម៉ាត់ យ៉ះយ៉ា បានបដិសេធសំណុំរឿងនេះ ដោយលោកចាត់ទុកករណីនេះ ជាការប្រឌិតឡើង ដោយលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្លាប់ជាគូជម្លោះលើបញ្ហាគម្រោងផ្លូវកាត់វិហារឥស្លាម នៅម្ដុំបឹងកក់កន្លងមក។ លោក យ៉ះយ៉ា ចោទលោក ហាស្សាន់ ថា រៀបចំគម្រោងនេះឡើង ក្នុងគោលបំណងចាប់ខ្លួនលោកប៉ុណ្ណោះ។
ប៉ុន្តែការចោទប្រកាន់របស់លោក អះម៉ាត់ យ៉ះយ៉ា នេះ ត្រូវបានលោក អូស្មាន ហាស្សាន់ បដិសេដថា គ្មានរឿងអ្វីពាក់ព័ន្ធនឹងខ្លួនឡើយ ព្រោះករណីតាមចាប់ខ្លួនលោក អះម៉ាត់ យ៉ះយ៉ា នេះ គឺសមត្ថកិច្ចធ្វើឡើងតាមបណ្ដឹងជនរងគ្រោះ។ ភ្នំពេញប៉ុស្តិ៍ បានស្រង់សម្តីលោក ហាស្សាន់ ដូច្នេះថា៖ «ការចាប់ខ្លួនរបស់ អះម៉ាត់ យ៉ះយ៉ា គឺជាតួនាទីរបស់សមត្ថកិច្ចគឺនគរបាលដែលទទួលបន្ទុកខាងកិច្ចការទាំងអស់នោះ ហើយបើមានការដោះស្រាយទៅលើអ្នកពាក់ព័ន្ធផ្សេងៗទៀតនោះជាសមត្ថកិច្ចរបស់តុលាការ។ ចំណែកខាងក្រសួងការងារគឺយើងមានតួនាទីក្នុងការជួយជនរងគ្រោះត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព»។
គួរបញ្ជាក់ថា លោក អះម៉ាត់ យ៉ះយ៉ា ដែលត្រូវជាពូរបស់លោក អូស្មាន ហាស្សាន់ ផងនោះ ត្រូវបានតុលាការធ្លាប់កាត់ឲ្យចាញ់ក្តីលោក ហាហ្សាន់ ពីបទបរិហារកេរ្តិ៍ ហើយសងជំងឺចិត្តលោក អូស្មាន ហាស្សាន់ ១០០ លានរៀល និងបង់ពិន័យរដ្ឋ ៥ លានរៀលកាលពីខែសីហាឆ្នាំ ២០១៦ ទាក់ទងនឹងគម្រោងធ្វើផ្លូវកាត់តំបន់បឹងកក់ ក្បែរវិហារឥស្លាម។ ក្រោយមកលោក អះម៉ាត់ យ៉ះយ៉ា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់តំណែង ពីរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីខែកញ្ញា ឆ្នាំ២០១៧ផងដែរ៕
Tag:
អះម៉ាត់ យ៉ះយ៉ា
អូស្មាន ហាស្សាន់
ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com