កីឡាជាតិ
ជាតិ
កិច្ចប្រជុំ​ជា​ស៊េរី​របស់ FIFA នៅ​កម្ពុជា រកឃើញ​គន្លឹះ​ជាច្រើន​ក្នុងការ​អភិវឌ្ឍន៍​បាល់ទាត់​ជាស​កល​
12, Feb 2018 , 12:09 pm        
រូបភាព
កិច្ចប្រជុំ FIFA Executive Football Summit លើកទី៨នៅភ្នំពេញ។ រូបថត FFC
កិច្ចប្រជុំ FIFA Executive Football Summit លើកទី៨នៅភ្នំពេញ។ រូបថត FFC
ភ្នំពេញ បានក្លាយ​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​ប្រតិបត្តិ​កីឡាបាល់ទាត់​លើក​ទី​៨​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA Executive Football Summit) ដែល​រៀបចំ​ជា​ស៊េរី​សម្រាប់​ឆ្នាំ​២០១៧-២០១៨ ។ លោក Gianni Infantino ប្រធាន FIFA បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កម្ពុជា បាន​អះអាង​ពី​លទ្ធផល​ជា​ផ្លែផ្កា​ក្រោយ​កិច្ចប្រជុំ​ពេញ​មួយថ្ងៃ កាលពី​ថ្ងៃ​សុក្រ​កន្លងមក​។​



​ថ្នាក់ដឹកនាំ​នៃ​បណ្តា​រដ្ឋ​ចំនួន​១៤​ដែលជា​សមាជិក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បាន​ជួបប្រជុំគ្នា​ក្នុង​ក្របខណ្ឌ FIFA Executive Football Summit លើក​ទី​៨​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ប្រតិបត្តិ​បាល់ទាត់​នេះ ជា​វិធីសាស្ត្រ​ថ្មី​របស់ FIFA ដើម្បី​ស្វែងយល់ និង​រក​ដំណោះស្រាយ​នានា​ទាក់ទង​នឹង​បញ្ហា​បាល់ទាត់ ក្រោយ​លោក Gianni Infantino បាន​កាន់តំណែង​ជា​ប្រធាន ចាប់តាំងពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ពេញ​មួយថ្ងៃ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ប្រមុខ FIFA បានបញ្ជាក់​ឲ្យ​ដឹងថា ថ្នាក់ដឹកនាំ​បាល់ទាត់​ដែល​បាន​ចូលរួម​នាំគ្នា​ពិភាក្សា​ពី​អនាគត​នៃ​ការរៀបចំ​ការប្រកួត​បា​ល់​ទាត់​យុវជន​កម្រិត FIFA តាមរយៈ​ការបង្កើន​ចំនួន​ក្រុម និង​ការលើកទឹកចិត្ត​ឲ្យ​មានការ​សហការគ្នា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​គម្រោង​នៃ​ការបង្កើត​ក្របខណ្ឌ «Women World League» ក៏​ជា​របៀបវារៈ​មួយ​ដែល​សំខាន់​ផងដែរ ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ ចង់​ឲ្យ​ពង្រីក​ការចូលរួម​ឲ្យ​កាន់តែ​ទូលំទូលាយ​ពី​សំណាក់​កីឡាការិនី​ក្នុង​វិស័យ​បាល់ទាត់​។​

​ជាមួយគ្នានេះ លោក Infantino បានលើកឡើង​ពី​អត្ថប្រយោជន៍​នៃ​កម្មវិធី​អភិវឌ្ឍន៍​រយៈពេល​៤​ឆ្នាំ «Forward Program» ដែលមាន​ទឹកប្រាក់​១.៤​ប៊ីលានដុល្លារ​អាមេរិក សម្រាប់​សមាជិក​ទាំង​២១១​របស់ FIFA​។ ក្នុងនោះ រាល់​សមាជិក ដែលមាន​កម្ពុជា​ផងដែរ​នោះ ទទួលបាន ១​លាន​២​សែន​៥​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​។​

​ក្រៅពី​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទាត់​នៃ​ប្រជាជាតិ​ដែល​បាន​ចូលរួម ក៏បាន​ពី​ពិភាក្សាគ្នា​លើ​គោលការណ៍​នៃ​ការផ្ទេរ​កីឡាករ រួមទាំង​ការរៀបចំ​កាលវិភាគ​ស​ម្រា​ប់​ក្រុម​ជម្រើសជាតិ​ផងដែរ​។​

​ការប្រជុំ​ជា​ស៊េរី FIFA Executive Football Summit ឆ្នាំ​២០១៧-២០១៨ នេះ ចាប់ផ្តើម​ដំបូង​នៅ​ក្រុង​បា​គូ ប្រទេស​អា​សែ​ប៊ៃ​ហ្ស​ង់ ហើយ​បន្តទៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល (​តួ​ក​គី​) ក្រុង Noumea (​នូ​វែ​ល កាលេ​ដូ​នី​) ក្រុង​ហុងកុង ក្រុង​អាំ​ស្ទែរ​ដាម (​ហូ​ឡង់​) ក្រុង Montego Bay (​ហ្សា​ម៉ៃ​អ៊ី​ក​) និង​ក្រុង Muscat (​អូ​ម៉​ង់​)​។​

៥​ថ្ងៃក្រោយ​ប្រជុំ​នៅ​អូ​ម៉​ង់ លោក Infantino បន្ត​មក​ដឹកនាំ​កិច្ចប្រជុំ​នៅ​កម្ពុជា ដែលជា​ជំនួប​លើក​ទី​៨ បន្ទាប់មកទៀត កិច្ចប្រជុំ​ជា​ស៊េរី​នេះ បន្ត​រៀបចំ​នៅ​ប្រទេស​ម៉ូ​រីតា​នី ក្រុង Lagos (​នី​ហ្សេ​រី​យ៉ា​) ប្រទេស​តង់​ហ្សា​នី មុននឹង​ប្រជុំ​ចុងក្រោយ​នៅក្នុង​លី​ម៉ា ប្រទេស​ប៉េ​រូ នៅ​ខែមីនា​។​

​ក្នុងចំណោម​កិច្ចប្រជុំ FIFA Executive Football Summit ទាំង​១២​លើក រដ្ឋ​ជា​សមាជិក​ចូលរួម​ពី​ជាង​១០ ដល់​២០​។ កិច្ចប្រជុំ​នៅ​ភ្នំពេញ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មកពី ប៊ូ​តង់ អូស្ត្រាលី ថៃ​, ប៊ុត​ស្វា​ណា​, ទី​ម័​រ​ខាងកើត​, ហុង​គ្រី​, ស៊ី​ប​, កម្ពុជា​, ជប៉ុន​, កូរ៉េខាងជើង​, ស៊ូដង់​, ហ្គំ​ប៊ី ហ្វីលីពីន និង ឡាវ​។​

​កម្ពុជា ជា​ប្រទេស​ទី​ពីរ​នៅ​តំបន់​អាស៊ាន​ដែល​ត្រូវបាន​ជ្រើសរើស​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ជា​ស៊េរី​នេះ បន្ទាប់ពី​សិង្ហ​បុរី​។ កាលពី​ឆ្នាំ​២០១៦-២០១៧ កិច្ចប្រជុំ​បានរៀបចំ​ចំនួន​១១​លើក ដោយ​ចាប់ផ្តើម​ពី​ក្រុងប៉ារីស ប្រទេស​បារាំង ហើយ​ធ្វើ​ឡើងជា​បន្តបន្ទាប់​នៅ​សិង្ហ​បុរី (២​លើក​) Miami សហរដ្ឋអាមេរិក (២​លើក​) ដូ​ហា ប្រទេស​កាតា (២​លើក​) Addis Ababa ប្រទេស​អេ​ក្យូ​ពី (២​លើក​) និង​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស (២​លើក​)​។​

​លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​វាយតម្លៃ​ពី​ការវិវត្ត​ឆ្ពោះទៅមុខ​របស់​វិស័យ​បាល់ទាត់​ក្នុង​ក្របខណ្ឌ​ពិភពលោក ជាពិសេស​បន្ត​ប្រទេស​ដែល​កំពុង​លូតលាស់​ដូចជា​កម្ពុជា​។ «​ជា​មោទកភាព​ដែល​កម្ពុជា​បានក្លាយ​ជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ FIFA Executive Football Summit ដោយ​ក្រៅពី​ទទួលបាន​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក យើង​ក៏​ទទួលបាន​ផលប្រយោជន៍​ពី FIFA ស្មើៗ​គ្នា​ផងដែរ បើ​គិត​ចាប់តាំងពី​លោក Infantino ចូលកាន់​តំណែង​»៕


Tag:
 FIFA
  FFC
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com