អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គីម ជុង​អ៊ុន អញ្ជើញ​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​ទៅ​កូរ៉េខាងជើង ជា​«​យុទ្ធសាស្ត្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​បី​»
12, Feb 2018 , 1:43 pm        
រូបភាព
​ប្រតិភូ​កូរ៉េខាងជើង​ត្រឡប់​ទៅ​ស្រុក​វិញ​ហើយ​នៅ​យប់​ថ្ងៃទី​១១ ខែកុម្ភៈ បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​កូរ៉េខាងត្បូង​ដើម្បី​ចូលរួម​បើក​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​។ វត្តមាន​ដ៏​កម្រ​របស់​មេដឹកនាំ​ជាន់ខ្ពស់​កូរ៉េខាងជើង​មាន​ប្រធានសភា​លោក គីម យ៉ុង​ណា​ម និង​លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​លោក គីម ជុង​អ៊ុន ធ្វើ​ឲ្យ​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ​ប្រសើរឡើង​អំឡុងពេល​ព្រឹត្តិការណ៍​អូឡាំពិក​នេះ​។ ជាការ​ពិត កូរ៉េខាងជើង​បានទទួល​ប្រយោជន៍​ច្រើន ឯ​កូរ៉េខាងត្បូង​ក៏​រង​អ​ម្រែ​កលើ​ស្មា​ធ្ងន់​ដែរ​។​

 
​ផ្ដើមចេញពី​ការ​ថ្លែង​សារ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១ ខែមករា ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​បាន​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​។ មេដឹកនាំ​វ័យក្មេង​រូបនេះ​បានប្រកាស​បញ្ជូន​អត្ត​ព​លិ​ក​កូរ៉េខាងជើង​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ដែល​កូរ៉េខាងត្បូង​ជា​ម្ចាស់ផ្ទះ និង​ដាក់សំណើ​ទៅ​ក្រុង​សេ​អ៊ូ​ល​ឲ្យ​រៀបចំ​ការចរចា​ដើម្បី​សម្រេច​កិច្ចការ​នេះ​។ ក្រោយ​ការចរចា​ជាច្រើនលើក កូរ៉េខាងជើង​ក៏មាន​មុខ​នៅឯ​ទីក្រុង​ព្យុង​ឆាង ដែលជា​ទីតាំង​រៀបចំ​ព្រឹត្តិការណ៍​នេះ​។​
 
​នៅ​ថ្ងៃ​បើក​កម្មវិធី​ដ៏​ធំ​នេះ កូរ៉េខាងជើង​ក៏​បញ្ជូន​ប្រតិភូ​មួយក្រុម​មាន​សមាជិក​២២​នាក់​ឲ្យ​ចូលរួម និង​ដឹកនាំ​ដោយ​លោក គីម យ៉ុង​ណា​ម​។ លោក គីម យ៉ុង​ណា​ម ប្រមុខរដ្ឋ​អត់​អំណាច​របស់​កូរ៉េខាងជើង គឺជា​មន្ត្រីជាន់ខ្ពស់​ដំបូង​គេ​ដែល​ធ្វើដំណើរ​ទៅកាន់​កូរ៉េខាងត្បូង​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​វត្តមាន​លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​លោក គីម ជុង​អ៊ុន ដែលជា​សមាជិកគ្រួសារ​ត្រកូល គីម ដំបូង​គេ​ដែល​ជាន់​ទឹកដី​កូរ៉េខាងត្បូង​តាំងពី​ចប់​សង្គ្រាម​កូរ៉េ​នៅ​ឆ្នាំ​១៩៥៣ ។ 
 
​ឆ្លើយតប​កាយវិការ​របស់​កូរ៉េខាងជើង កូរ៉េខាងត្បូង​បាន​សម្របសម្រួល​បញ្ហា​ប្រឈម​យ៉ាងច្រើន​ដើម្បី​ទទួល​ប្រតិភូ និង​អត្ត​ព​លិ​ក​កូរ៉េខាងជើង​។ ក្នុង​ស្មារតី​បង្ហាញ​ការរួបរួម អត្ត​ព​លិ​ក​កូរ៉េ​ទាំង​ពីរបាន​ប្រើប្រាស់​ទង់​តែមួយ​ក្នុង​ថ្ងៃ​បើក​កម្មវិធី ហើយ​ក្រុមកីឡា​ហុក​គី​ស្ត្រី​កូរ៉េ​ក៏ត្រូវ​បង្កើតជា​ប្រវត្តិសាស្ត្រ​ផង​។ ជាមួយគ្នា​នោះ កូរ៉េខាងជើង​ក៏​ស្នើ​ទៅ​អង្គការសហប្រជាជាតិ​ដើម្បី​លើកលែង​ការហាមឃាត់​ការធ្វើដំណើរ​មន្ត្រី​កូរ៉េខាងជើង និង​ព្យួរ​ការអនុវត្ត​ទណ្ឌកម្ម​ឯ​តោ​ភាគី​ផង​។​
 
​អូឡាំពិក​រដូវរងា​៖ គ្រែ​តែមួយ​សុ​បិ​ន​ផ្សេងគ្នា​
 
​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា ដែល​ធ្វើឡើង​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ មិន​ត្រឹមតែ​ជាការ​ប្រកួត​កីឡា​ប៉ុណ្ណោះ តែ​ក៏​ជា​វេទិកា​សម្រាប់​វិញ្ញាសា​ការទូត​ផងដែរ​។ ទាំង​កូរ៉េខាងត្បូង ទាំង​កូរ៉េខាងជើង សុទ្ធតែ​ចង់​ប្រើប្រាស់​ព្រឹត្តិការណ៍​នេះ​ដើម្បី​ដោះស្រាយ​ការប្រឈមមុខ​នៅ​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​បងប្អូន​កូរ៉េ​ទាំងពីរ​នេះ​មាន​គោលដៅ​ផ្សេងគ្នា ប្រយោជន៍​ខុសគ្នា ឬ​និយាយ​មួយបែប​ថា ដេក​លើ​គ្រែ​តែមួយ សុបិន​ផ្សេងគ្នា​។​
 
​សម្រាប់​កូរ៉េខាងជើង អូឡាំពិក​ឆ្នាំ​២០១៨ គឺជា​ឱកាស​ដើម្បី​ពង្វាង​ការចាប់អារម្មណ៍​របស់​អន្តរជាតិ​ លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន និង​គេច​ពី​ទណ្ឌកម្ម​អន្តរជាតិ​បាន​មួយរយៈ​ពេល​។ កូរ៉េខាងជើង ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ទណ្ឌកម្មសេដ្ឋកិច្ច និង​សម្ពាធ​ការទូត​ជុំជិត​នោះ ទំនង​បាន​ឆ្លៀតឱកាស​នេះ ​ប្រាប់​កូរ៉េខាងត្បូង​ថា ខ្លួន​ចង់​ឲ្យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ប្រសើរ​ឡើងវិញ​។ ការអញ្ជើញ​ លោក មូ​ន ចេ​អ៊ី​ន ទៅ​ទស្សនកិច្ច​នៅ​ព្យុងយ៉ាង គឺជា​ផ្លូវ​លឿន​បំផុត ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​នៅ​ឧបទ្វីប​កូរ៉េ​។  
 
​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​កូរ៉េខាងត្បូង នឹង​ជួយ​ឲ្យ​កូរ៉េខាងជើង ព្រោះ​តាម​មេរៀន​កន្លងមក ការផ្ដល់​ជំនួយ​មនុស្ស​ធម៌ និង​ការធូរស្រាល​ស្ថានការណ៍ ​ឧបទ្វីប​កូរ៉េ​ក៏​តែង​កើតឡើង​តាម​ក្រោយ​ដែរ​។ ការកាត់បន្ថយ​ភាព​តានតឹង​នេះ គឺជា​គោលដៅ​សំខាន់​របស់​កូរ៉េខាងត្បូង ដែល​ចង់​ប្រើ​ការទូត​កីឡា​ ដើម្បី​សម្រួល​ទំនាក់ទំនង​ទ្វេភាគី​។ ក្នុង​ចិត្ត​របស់​សេ​អ៊ូ​ល ការបន្ទន់​ឥរិយាបថ​របស់​ព្យុងយ៉ាង នឹង​នាំ​ដល់​ការចរចា​ជាមួយ​វ៉ាស៊ីនតោន​មិន​ខាន​។​
 
​កូរ៉េខាងត្បូង​៖ ដៃ​ម្ខាង​ចាប់​កូរ៉េខាងជើង ដៃ​ម្ខាង​ការពារ​សម្ព័ន្ធភាព​ជាមួយ​អាមេរិក 
 
​មួយ​ក្បាច់​របស់​កូរ៉េខាងជើង កំពុង​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​ស្ថិត​លើផ្លូវ​ដ៏​លំបាក និង​សែង​ថ្ម​ដ៏​ធ្ងន់​លើ​ស្មា​ដូច្នោះ​ដែរ​។ ក្នុងនាម​ជា​ប្រេសិត​របស់​បងប្រុស លោកស្រី គីម យ៉ូ​ចុង បានប្រគល់​លិខិត​អញ្ជើញលោក មូ​ន ចេ​អ៊ី​ន ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​។ ការអញ្ជើញ​នេះ ​ត្រូវគេ​មើលឃើញថា ជា​យុទ្ធសាស្ត្រ​ព្រួញ​មួយ​បាញ់​សត្វ​បី គឺ​ពង្រឹង​ទំនាក់ទំនង​អន្តរ​កូរ៉េ​ផង បំបែក​ការហ៊ុមព័ទ្ធ​អន្តរជាតិ​ផង និង​បង្ក​ការរអាក់រអួល​ក្នុង​សម្ព័ន្ធភាព​អាមេរិក​-​កូរ៉េខាងត្បូង​-​ជប៉ុន​ផង​។​
 
​សំណើ​របស់លោក គីម ជុង​អ៊ុន បានធ្វើ​ឲ្យ​លោក មូ​ន ចេ​អ៊ី​ន ត្រូវ​សម្រេចចិត្ត​ដោយ​ប្រយ័ត្នប្រយែង​។ ពោល គឺ​លោក​ត្រូវ​យកចិត្ត​កូរ៉េខាងជើង​ ដើម្បី​រក្សា​ស្ថិរភាព​ឧបទ្វីប​កូរ៉េ និង​ការពារ​សម្ព័ន្ធភាព​ជាមួយ​អាមេរិក និង​សហគមន៍​អន្តរជាតិ​ ក្នុង​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​ផង​។ ការយកចិត្ត​កូរ៉េខាងជើង​ខ្លាំងពេក អាចធ្វើ​ឲ្យ​ការប្រឹងប្រែង​ដាក់​សម្ពាធ​លើ​រដ្ឋ​ឯកោ​មួយ​នេះ​អសារ​បង់ តែ​ក៏​មិនអាច​ធ្វើ​ឲ្យ​មានការ​ឃ្នើសចិត្ត​ដែរ ព្រោះ​ជា​រឿង​លំបាក​ដែល​ចង់​ឲ្យ​កូរ៉េខាងជើង​ទន់ភ្លន់​នោះ​។​
 
​យ៉ាងណាមិញ ការអញ្ជើញ​លោក មូ​ន ចេ​អ៊ី​ន គឺជា​ឱកាស​មាស​សម្រាប់​កូរ៉េខាងត្បូង​ ក្នុងការ​អូសទាញ​កូរ៉េខាងជើង​ចូល​តុ​ចរចា​។ ក្នុងករណី​លោក មូ​ន ទៅ​ទីក្រុង​ព្យុងយ៉ាង​មែន​នោះ ទំនាក់ទំនង​កូរ៉េ​ទាំងពីរ​នឹង​ប្រសើរឡើង​។ តាំងពីដើម​មក រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ​ចង់​ដើរ​តួឯក​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ និង​តែង​សង្ឃឹមថា ទំនាក់ទំនង​ល្អជា​មួយ​កូរ៉េខាងជើង នឹង​វែកផ្លូវ​ឲ្យ​មានការ​ជួបចរចា​ដោយផ្ទាល់ ​រវាង​ព្យុងយ៉ាង និង​វ៉ាស៊ីនតោន ឬក៏​ការចរចា​៦​ភាគី​ដែល​ជាប់គាំង​៕

Tag:
 ​កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក​
  ជប៉ុន​
  Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com