ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហេតុផល​ជំងឺ​នៅ​ថង់ទឹកប្រមាត់​ដែល​អ្នក​គួរតែ​ដឹង​
21, Aug 2023 , 6:59 am        
រូបភាព
​ថង់ទឹកប្រមាត់​របស់​មនុស្ស​យើង​គឺ​ស្ថិតនៅ​ផ្នែក​ខាងស្តាំ​នៃ​ពោះ​ផ្នែក​ខាងលើ និង​នៅ​ខាងក្រោម​ថ្លើម​។ វា​គឺជា​សរីរាង្គ​ដ៏​តូច​មួយ​ដែលមាន​រាង​ដូច​ផ្លែ​សារី ដែលមាន​ទឹកប្រមាត់​នៅក្នុង​នោះដែរ​។ ទឹកប្រមាត់​នេះ​ត្រូវបាន​បង្កើតឡើង​ពី​ក្នុង​ថ្លើម​ដើម្បី​ជួយ​ដល់​ការរំលាយ​ជាតិ​ខ្លាញ់ និង​វីតាមីន​ផងដែរ​។ នៅពេល​អ្នក​ញ៉ាំ​អាហារ រាងកាយ​នឹង​បញ្ជូន​សញ្ញា​ដើម្បី​ថង់ទឹកប្រមាត់​ច្របាច់​ទឹកប្រមាត់​ចេញចូល​ទៅក្នុង​ពោះវៀនតូច​។



​ហេតុផល​ញឹកញាប់​បំផុត​ដែល​មនុស្ស​យើង​មាន​បញ្ហា​ជាមួយ​ថង់ទឹកប្រមាត់​នោះ​គឺ គ្រួស​ក្នុង​ថង់ទឹកប្រមាត់​តែម្តង​។ អ្នក​អាចមាន​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​បាន​ដោយសារតែ ទឹកប្រមាត់​មានការ​ប្រមូលផ្តុំ​ចូលគ្នា និង​បង្កើតបានជា​គ្រួស​ដ៏​រឹង​ជាច្រើន​បាន​។ ភាគច្រើន​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​បង្កើតឡើង​ដោយ​កូ​ឡេ​ស្តេ​រ៉ុល​។

​បើសិនជា​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ធ្លាក់ចូល​ទៅក្នុង​បំពង់​ទឹកប្រមាត់ ហើយ​រំខាន​ដល់​លំហូរ​ទឹកប្រមាត់ នោះ​ថង់ទឹកប្រមាត់​អាច​នឹងរង​ការ​រលា​កបាន​។ វា​អាច​បង្ក​ជា​អាកា​រៈ​ចង្អោ ក្អួត និង​ឈឺ​ក្នុង​ពោះ​។ បាក់តេរី​ក៏​អាច​បង្ក​ជា​បញ្ហា​នេះ​បានដែរ​។ ការឈឺចាប់​នេះ​អាច​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​នៅពេល​ដកដង្ហើម​ជ្រៅៗ ហើយ​អ្នក​ក៏​ប្រហែល​ជាមាន​អារម្មណ៍​ឈឺ​នៅ​ខ្នង ឬ​ឆ្អឹងស្លាបប្រចៀវ​ខាងស្តាំ​ផង​។

​ទោះបីជា​យ៉ាងណាក៏ដោយ វា​មាន​កត្តា​ច្រើនណាស់​ដែល​អាចធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ងាយ​នឹងមាន​ជំងឺ​ទាក់ទង​នឹង​ថង់ទឹកប្រមាត់​ដូចជា​៖

​ការប្រឈមមុខ​ជាពិសេស​របស់​មនុស្ស​ស្រី​
​អ្នកស្រាវជ្រាវ​ជឿថា អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ដើរតួនាទី​ដ៏​សំ​ខន់​មួយ​ចំពោះ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​។ អ័រម៉ូន​ភេទ​ស្រី​មួយ​នេះ​អាច​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ទឹកប្រមាត់​បាន​។ ហើយ​ការ​មាន​ផ្ទៃពោះ​ក៏​អាចធ្វើ​ឲ្យ​កើនឡើង​ភាព​ខាប់​របស់​ទឹកប្រមាត់​ផង ដែល​រាងកាយ​មិនអាច​បឺត​ស្រូប​ចូល​វិញ​ដោយ​ងាយ​ឡើយ​។​

​ប្រវត្តិ​គ្រួសារ​
​បើសិនជា​នរណាម្នាក់​ក្នុង​គ្រួសារ​អ្នក​ធ្លាប់មាន​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ហើយ ឱកាស​នៃ​ការកើតមាន​គ្រួស​នេះ​របស់​អ្នកនឹង​កាន់តែ​ខ្ពស់ ព្រោះ​អ្នកស្រាវជ្រាវ​គិតថា ហ្សែ​ន​អាច​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ទឹកប្រមាត់​បាន​។​

​ការ​ធាត់​ជ្រុល​

​បើសិនជា​អ្នក​ធាត់ រាងកាយ​ប្រហែលជា​បង្កើត​កូ​ឡេ​ស្តេ​រ៉ុល​កាន់តែច្រើន ដែល​មានន័យថា អ្នក​ទំនងជា​អាចមាន​ឱកាស​កើត​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​កាន់តែច្រើន​ហើយ​។ អ្នក​ក៏​ប្រហែល​ជាមាន​ថង់ទឹកប្រមាត់​ធំ​ជាង​មនុស្ស​ធម្មតា ដែល​វា​មិន​បានធ្វើ​ការល្អ​ដូច​អ្វីដែល​វា​គួរ​ធ្វើ​ឡើយ​។ បើសិនជា​អ្នក​ចង្កេះ​អ្នកធំ​ជាង​ត្រគៀក​និង​ភ្លៅ​នោះ វា​ក៏​ប្រហែលជា​បង្កើន​ឱកាស​កើត​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ដែរ​។

​សម្រក​ទម្ងន់​លឿន​ពេក
​បើសិនជា​អ្នក​ស្រក​ទម្ងន់​លឿន​ពេក អ្នក​អាច​មានឱកាស​កាន់តែច្រើន​ក្នុង​ការកើត​គ្រួស នេះ​ដោយសារតែ​ការវះកាត់​សម្រក​ទ្ងំ​ន់ និង​ការ​ញ៉ាំ​អាហារ​មាន​កាឡូរី​ទាប​ពេក​អាច​ផ្តល់​ការលំបាក់​ដល់​ថង់ទឹកប្រមាត់​។ ការ​ជិះ​កង់ ក៏​អាច​បង្ក​ជា​បញ្ហា​នេះ​បានដែរ​។ មធ្យោបាយ​ដ៏​ល្អ និង​សុវត្ថិភាព​បំផុត​គឺ​សម្រក​ទម្ងន់​យឺតៗ ដោយ​អាច​ស្រក​ត្រឹម ១.៣​គីឡូក្រាម​ក្នុង​មួយ​សប្តាហ៍​បាន​ហើយ​។

​អាហារ​ដែល​អ្នក​ញ៉ាំ
​អាហារ​មាន​កូ​ឡេ​ស្តេ​រ៉ុល និង​ខ្លាញ់​ខ្ពស់​អាច​បង្កើន​ឱកាស​កើត​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​បាន​។ ហើយ​អ្នក​ក៏​ទំនងជា​ងាយ​នឹងមាន​បញ្ហា​នៅ​ផ្លូវទឹក​ប្រមាត់​ដែរ​បើសិនជា​អ្នក​មិនបាន​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ច្រើន ឬ​ញ៉ាំ​នំ​បុ័ង និង​បា​យស​ច្រើន​។

​ការប្រើ​ថ្នាំ​
​ថ្នាំ​ពន្យា​កំណើត និង​ថ្នាំ​ប្រភេទ​អ័រម៉ូន​អាច​បង្កើន​ឱកាស​កើត​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​កាន់តែច្រើន​ដោយសារតែ​វា​មាន​សារធាតុ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​។ ថ្នាំ​ប្រភេទ Fibrate ដែល​ប្រើ​ដើម្បី​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល ក៏​ជាប់ទាក់ទង​នឹង​ជំងឺ​នៅ​ថង់ទឹកប្រមាត់​ដែរ ដោយសារតែ​វា​អាច​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ទឹកប្រមាត់​។

​ទំនាក់ទំនង​ជំងឺ​ទឹកនោមផ្អែម
​បើសិនជា​អ្នកមាន​ជំងឺ​នេះ ហើយ​មាន​ផលវិបាក​ដល់​តម្រងនោម​ទៀត អ្នក​ប្រហែល​ជាមាន​ចំនួន​ជាតិ​ខ្លាញ់​ប្រភេទ Triglyceride ក្នុង​ឈាម​កាន់តែច្រើន ហើយក៏​អាច​បង្កើន​ឱកាស​កើត​គ្រួស​ក្នុង​ថង់​ប្រមាត់​ផងដែរ​។ អ្នកស្រាវជ្រាវ​ក៏​គិតថា ថង់ទឹកប្រមាត់​មនុស្ស​យើង​ប្រហែលជា​មិនមាន​ប្រតិកម្ម​នឹង​ការបញ្ជូន​សញ្ញា​របស់​រា​ង​កាយ​ក្នុង​ការបង្កើន​ចំនួន​របស់​ទឹកប្រមាត់​កាន់តែច្រើន​ឡើយ​។

​អ្វីដែល​អ្នក​អាច​ធ្វើបាន​
​ការ​ប្រឈម​នឹង​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​កាន់តែ​ខ្ពស់​នៅពេល​អ្នក​អាយុ​បាន​ចាប់ពី ៤០​ឆ្នាំ​ឡើងទៅ ប៉ុន្តែ​អ្នក​អាចធ្វើ​រឿង​មួយចំនួន​ដើម្បី​ចៀសវាង​ជំងឺ​នេះ​បាន​។ ចូរ​រស់នៅក្នុង​ស្ថានភាព​សុខភាព​ល្អ ប៉ុន្តែ​កុំ​តម​អាហារ​ខ្លាំងពេក​អី​។ ចូរ​ព្យាយាម​ញ៉ាំ​ជាតិ​សរសៃ និង​ខ្លាញ់​ល្អៗ​ឲ្យ​បាន​ច្រើន​ដូចជា ប្រេង​អូ​លីវ និង​ខ្លាញ់ត្រី​។ ចូរ​ជ្រើសរើស​ការ​ញ៉ាំ​អង្ករសម្រូប​ជៀស​ជាង​ញ៉ាំ​អង្ករ​ធម្មតា​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com