ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហេតុផលជំងឺនៅថង់ទឹកប្រមាត់ដែលអ្នកគួរតែដឹង
× ថង់ទឹកប្រមាត់របស់មនុស្សយើងគឺស្ថិតនៅផ្នែកខាងស្តាំនៃពោះផ្នែកខាងលើ និងនៅខាងក្រោមថ្លើម។ វាគឺជាសរីរាង្គដ៏តូចមួយដែលមានរាងដូចផ្លែសារី ដែលមានទឹកប្រមាត់នៅក្នុងនោះដែរ។ ទឹកប្រមាត់នេះត្រូវបានបង្កើតឡើងពីក្នុងថ្លើមដើម្បីជួយដល់ការរំលាយជាតិខ្លាញ់ និងវីតាមីនផងដែរ។ នៅពេលអ្នកញ៉ាំអាហារ រាងកាយនឹងបញ្ជូនសញ្ញាដើម្បីថង់ទឹកប្រមាត់ច្របាច់ទឹកប្រមាត់ចេញចូលទៅក្នុងពោះវៀនតូច។
ហេតុផលញឹកញាប់បំផុតដែលមនុស្សយើងមានបញ្ហាជាមួយថង់ទឹកប្រមាត់នោះគឺ គ្រួសក្នុងថង់ទឹកប្រមាត់តែម្តង។ អ្នកអាចមានគ្រួសក្នុងថង់ទឹកប្រមាត់បានដោយសារតែ ទឹកប្រមាត់មានការប្រមូលផ្តុំចូលគ្នា និងបង្កើតបានជាគ្រួសដ៏រឹងជាច្រើនបាន។ ភាគច្រើនគ្រួសក្នុងថង់ទឹកប្រមាត់បង្កើតឡើងដោយកូឡេស្តេរ៉ុល។
បើសិនជាគ្រួសក្នុងថង់ទឹកប្រមាត់ធ្លាក់ចូលទៅក្នុងបំពង់ទឹកប្រមាត់ ហើយរំខានដល់លំហូរទឹកប្រមាត់ នោះថង់ទឹកប្រមាត់អាចនឹងរងការរលាកបាន។ វាអាចបង្កជាអាការៈចង្អោ ក្អួត និងឈឺក្នុងពោះ។ បាក់តេរីក៏អាចបង្កជាបញ្ហានេះបានដែរ។ ការឈឺចាប់នេះអាចកាន់តែធ្ងន់ធ្ងរទៅៗនៅពេលដកដង្ហើមជ្រៅៗ ហើយអ្នកក៏ប្រហែលជាមានអារម្មណ៍ឈឺនៅខ្នង ឬឆ្អឹងស្លាបប្រចៀវខាងស្តាំផង។
ទោះបីជាយ៉ាងណាក៏ដោយ វាមានកត្តាច្រើនណាស់ដែលអាចធ្វើឲ្យមនុស្សម្នាក់ងាយនឹងមានជំងឺទាក់ទងនឹងថង់ទឹកប្រមាត់ដូចជា៖
ការប្រឈមមុខជាពិសេសរបស់មនុស្សស្រី
អ្នកស្រាវជ្រាវជឿថា អ័រម៉ូនអេស្ត្រូជែនដើរតួនាទីដ៏សំខន់មួយចំពោះគ្រួសក្នុងថង់ទឹកប្រមាត់។ អ័រម៉ូនភេទស្រីមួយនេះអាចបង្កើនចំនួនកូឡេស្តេរ៉ុលក្នុងទឹកប្រមាត់បាន។ ហើយការមានផ្ទៃពោះក៏អាចធ្វើឲ្យកើនឡើងភាពខាប់របស់ទឹកប្រមាត់ផង ដែលរាងកាយមិនអាចបឺតស្រូបចូលវិញដោយងាយឡើយ។
ប្រវត្តិគ្រួសារ
បើសិនជានរណាម្នាក់ក្នុងគ្រួសារអ្នកធ្លាប់មានគ្រួសក្នុងថង់ទឹកប្រមាត់ហើយ ឱកាសនៃការកើតមានគ្រួសនេះរបស់អ្នកនឹងកាន់តែខ្ពស់ ព្រោះអ្នកស្រាវជ្រាវគិតថា ហ្សែនអាចបង្កើនចំនួនកូឡេស្តេរ៉ុលក្នុងទឹកប្រមាត់បាន។
ការធាត់ជ្រុល
បើសិនជាអ្នកធាត់ រាងកាយប្រហែលជាបង្កើតកូឡេស្តេរ៉ុលកាន់តែច្រើន ដែលមានន័យថា អ្នកទំនងជាអាចមានឱកាសកើតគ្រួសក្នុងថង់ទឹកប្រមាត់កាន់តែច្រើនហើយ។ អ្នកក៏ប្រហែលជាមានថង់ទឹកប្រមាត់ធំជាងមនុស្សធម្មតា ដែលវាមិនបានធ្វើការល្អដូចអ្វីដែលវាគួរធ្វើឡើយ។ បើសិនជាអ្នកចង្កេះអ្នកធំជាងត្រគៀកនិងភ្លៅនោះ វាក៏ប្រហែលជាបង្កើនឱកាសកើតគ្រួសក្នុងថង់ទឹកប្រមាត់ដែរ។
សម្រកទម្ងន់លឿនពេក
បើសិនជាអ្នកស្រកទម្ងន់លឿនពេក អ្នកអាចមានឱកាសកាន់តែច្រើនក្នុងការកើតគ្រួស នេះដោយសារតែការវះកាត់សម្រកទ្ងំន់ និងការញ៉ាំអាហារមានកាឡូរីទាបពេកអាចផ្តល់ការលំបាក់ដល់ថង់ទឹកប្រមាត់។ ការជិះកង់ ក៏អាចបង្កជាបញ្ហានេះបានដែរ។ មធ្យោបាយដ៏ល្អ និងសុវត្ថិភាពបំផុតគឺសម្រកទម្ងន់យឺតៗ ដោយអាចស្រកត្រឹម ១.៣គីឡូក្រាមក្នុងមួយសប្តាហ៍បានហើយ។
អាហារដែលអ្នកញ៉ាំ
អាហារមានកូឡេស្តេរ៉ុល និងខ្លាញ់ខ្ពស់អាចបង្កើនឱកាសកើតគ្រួសក្នុងថង់ទឹកប្រមាត់បាន។ ហើយអ្នកក៏ទំនងជាងាយនឹងមានបញ្ហានៅផ្លូវទឹកប្រមាត់ដែរបើសិនជាអ្នកមិនបានញ៉ាំអាហារមានជាតិសរសៃច្រើន ឬញ៉ាំនំបុ័ង និងបាយសច្រើន។
ការប្រើថ្នាំ
ថ្នាំពន្យាកំណើត និងថ្នាំប្រភេទអ័រម៉ូនអាចបង្កើនឱកាសកើតគ្រួសក្នុងថង់ទឹកប្រមាត់កាន់តែច្រើនដោយសារតែវាមានសារធាតុអ័រម៉ូនអេស្ត្រូជែន។ ថ្នាំប្រភេទ Fibrate ដែលប្រើដើម្បីបញ្ចុះកូឡេស្តេរ៉ុល ក៏ជាប់ទាក់ទងនឹងជំងឺនៅថង់ទឹកប្រមាត់ដែរ ដោយសារតែវាអាចបង្កើនចំនួនកូឡេស្តេរ៉ុលក្នុងទឹកប្រមាត់។
ទំនាក់ទំនងជំងឺទឹកនោមផ្អែម
បើសិនជាអ្នកមានជំងឺនេះ ហើយមានផលវិបាកដល់តម្រងនោមទៀត អ្នកប្រហែលជាមានចំនួនជាតិខ្លាញ់ប្រភេទ Triglyceride ក្នុងឈាមកាន់តែច្រើន ហើយក៏អាចបង្កើនឱកាសកើតគ្រួសក្នុងថង់ប្រមាត់ផងដែរ។ អ្នកស្រាវជ្រាវក៏គិតថា ថង់ទឹកប្រមាត់មនុស្សយើងប្រហែលជាមិនមានប្រតិកម្មនឹងការបញ្ជូនសញ្ញារបស់រាងកាយក្នុងការបង្កើនចំនួនរបស់ទឹកប្រមាត់កាន់តែច្រើនឡើយ។
អ្វីដែលអ្នកអាចធ្វើបាន
ការប្រឈមនឹងជំងឺគ្រួសក្នុងថង់ទឹកប្រមាត់កាន់តែខ្ពស់នៅពេលអ្នកអាយុបានចាប់ពី ៤០ឆ្នាំឡើងទៅ ប៉ុន្តែអ្នកអាចធ្វើរឿងមួយចំនួនដើម្បីចៀសវាងជំងឺនេះបាន។ ចូររស់នៅក្នុងស្ថានភាពសុខភាពល្អ ប៉ុន្តែកុំតមអាហារខ្លាំងពេកអី។ ចូរព្យាយាមញ៉ាំជាតិសរសៃ និងខ្លាញ់ល្អៗឲ្យបានច្រើនដូចជា ប្រេងអូលីវ និងខ្លាញ់ត្រី។ ចូរជ្រើសរើសការញ៉ាំអង្ករសម្រូបជៀសជាងញ៉ាំអង្ករធម្មតា៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com