កីឡាជាតិ
ជាតិ
វឌ្ឍនាកា និង ធា​រី ជួយ​ឲ្យ​ក្រុម​ស្គាល់​ជ័យជម្នះ​លើកដំបូង រីឯ សុខ​ផេង និង ឧ​ត្ត​ម បរាជ័យ​
12, Feb 2018 , 7:19 pm        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា និង​ខ្សែបម្រើ ធា​រី ចន្ថា​ប៊ី​ន ដែល​ស្ថិតក្នុង​ជម្រើស​ដំបូង​បាន​ជួយ​ឲ្យ​ក្រុម​ស្គាល់​ជ័យជម្នះ​ជា​លើកដំបូង​នា​ការប្រកួត​សប្តាហ៍​ទី​៣​នៃ​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី​។ ក្នុងនោះ​ក្រុម​របស់ វឌ្ឍនាកា Pahang FA យកឈ្នះ​គូប្រកួត​ក្នុង​លទ្ធផល ៣-០ ខណៈ​ក្រុម​របស់ ធា​រី Terengganu FC ឈ្នះ ៤-១​។   ចំណែក​ក្រុម​របស់​ខ្សែបម្រើ ប្រាក់ មុន្នី​ឧ​ត្ត​ម និង​ខ្សែប្រយុទ្ធ កែវ សុខ​ផេង សុទ្ធតែ​បរាជ័យ​។​



​ក្រុម​របស់​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា Pahang FA បាន​យកឈ្នះ​ក្រុម Kelantan FC ក្នុង​លទ្ធផល ៣-០ នា​ការប្រកួត​សប្តាហ៍​ទី​៣​នៃ​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​១០ កុម្ភៈ នៅ​កីឡដ្ឋាន Darul Makmur Stadium​។ ទោះបី វឌ្ឍនាកា មិនអាច​រក​គ្រាប់​បាល់​សម្រាប់​ជ័យជម្នះ​លើកដំបូង​នេះ​ក៏ដោយ តែ​២​គ្រាប់​បានកើត​ឡើង​ពី​ការទា​ត់បាល់​ពិន័យ និង​ចេញពី​ជ្រុង​របស់ វឌ្ឍនាកា​។



​ក្នុងជំនួប​ដែល​កីឡាករ ចាន់ វឌ្ឍនាកា ស្ថិតក្នុង​ជម្រើស​ដំបូង​ខ្សែប្រយុទ្ធ Francis Forkey Doe ក្រោម​ការ​ទាត់​ពិន័យ​របស់ វឌ្ឍនាកា បានតែ​តបាល់​បញ្ចូល​ទី​នាំមុខ ១-០ សម្រាប់ Pahang FA នៅ​នាទី​ទី​១៣ មុន​ខ្សែបម្រើ Mohamadou Sumareh សម្រេច​គ្រាប់​ទី​២​នៅ​នាទី​ទី​៥៤ ក្រោម​ការលើក​ចេញពី​ជ្រុង​របស់ វឌ្ឍនាកា​។ នៅ​នាទី​៨៨ ខ្សែបម្រើ Azam Azih បានសម្រេច​គ្រាប់​ចុងក្រោយ​និង​ជា​គ្រាប់​ជ័យជម្នះ​សម្រាប់ Pahang FA តាមរយៈ​ការទា​ត់បាល់​ពី​ចម្ងាយ​ដ៏​អស្ចារ្យ​។



​ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ដែល​ឈរ​លេខ​រៀង​ទី​១០​កាលពី​សប្តាហ៍​ទី​២​មួយ​នេះ ឡើងទៅ​ឈរ​លេខ​រៀង​ទី​៦​ក្នុង​សប្តាហ៍​ទី​៣​ដោយមាន​៤​ពិន្ទុ​។ ពីរ​ប្រកួត​កន្លងមក Pahang FA បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​១ និង​ចាញ់​១​។

​ជាមួយគ្នានេះ​ខ្សែបម្រើ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន បានរួម​ចំណែក​ជួយ​ឲ្យ​ក្រុម​របស់ខ្លួន Terengganu FC យកឈ្នះ​ក្រុម Selangor FC ក្នុង​លទ្ធផល ៤-១​។ ជ័យ​ជា​លើកដំបូង​នេះ បាន​ជួយ​ក្រុម​ឈរ​លេខ​រៀង​ទី​៨​ក្នុង​សប្តាហ៍​ទី​២​ឡើងឈរ​លេខ​រៀង​ទី​៥​ក្នុង​សប្តាហ៍​ទី​៣​។




​ដោយឡែក ក្រុម​របស់​ខ្សែបម្រើ ប្រាក់ មន្នី​ឧ​ត្ត​ម Negeri Sembilan FA និង​ក្រុម​របស់​ខ្សែប្រយុទ្ធ កែវ សុខ​ផេង PKNP FC សុទ្ធតែ​រង​បរាជ័យ​។ ការប្រកួត​នៅ​កីឡដ្ឋាន Hang Jebat Stadium កាលពី​ថ្ងៃទី​១១ កុម្ភៈ ឆ្នាំ​២០១៨ Negeri Sembilan FA ចាញ់​ក្រុម Melaka United FC ៣-០ ខណៈ​ក្រុម PKNP FC ចាញ់​ក្រុម Kedah FC ១-០ នា​កីឡដ្ឋាន Negeri Pulau Pinang Stadium​។​



​ការបរាជ័យ​នេះ​ធ្វើ​ឲ្យ​ក្រុម​របស់ ប្រាក់ មុន្នី​ឧ​ត្ត​ម ដែល​ឈរ​លេខ​រៀង​ទី​៥ ធ្លាក់​ទៅ​ឈរ​លេខ​រៀង​ទី​៩ រីឯ​ក្រុម​របស់​ខ្សែប្រយុទ្ធ កែវ សុខ​ផេង ធ្លាក់​នៅ​ឈរ​លេខ​ទី​១១​។ សម្រាប់​ការប្រកួត​សប្តាហ៍​ទី​៣ ទាំង​កីឡាករ ចាន់ វឌ្ឍនាកា​, ប្រាក់ មុន្នី​ឧ​ត្ត​ម និង ធា​រី ចន្ថា​ប៊ី​ន សុទ្ធ​អាច​រក្សាខ្លួន​ក្នុង​ជម្រើស​ដំបូង ខណៈ​ខ្សែប្រយុទ្ធ កែវ សុខ​ផេង ស្ថិតក្នុង​ជម្រើស​ទី​២​ក្រោយ​ឈរ​ក្នុង​កៅអី​បម្រុង​៕           


Tag:
 ចាន់ វឌ្ឍនាកា​
  កែវ សុខ​ផេង​
  ធា​រី ចន្ថា​ប៊ី​ន​
  ប្រាក់ មុន្នី​ឧ​ត្ត​ម​
  Malaysia Super League
© រក្សាសិទ្ធិដោយ thmeythmey.com