ក្នុងជំនួបដែលកីឡាករ ចាន់ វឌ្ឍនាកា ស្ថិតក្នុងជម្រើសដំបូងខ្សែប្រយុទ្ធ Francis Forkey Doe ក្រោមការទាត់ពិន័យរបស់ វឌ្ឍនាកា បានតែតបាល់បញ្ចូលទីនាំមុខ ១-០ សម្រាប់ Pahang FA នៅនាទីទី១៣ មុនខ្សែបម្រើ Mohamadou Sumareh សម្រេចគ្រាប់ទី២នៅនាទីទី៥៤ ក្រោមការលើកចេញពីជ្រុងរបស់ វឌ្ឍនាកា។ នៅនាទី៨៨ ខ្សែបម្រើ Azam Azih បានសម្រេចគ្រាប់ចុងក្រោយនិងជាគ្រាប់ជ័យជម្នះសម្រាប់ Pahang FA តាមរយៈការទាត់បាល់ពីចម្ងាយដ៏អស្ចារ្យ។
ជ័យជម្នះនេះបានជួយឲ្យក្រុមដែលឈរលេខរៀងទី១០កាលពីសប្តាហ៍ទី២មួយនេះ ឡើងទៅឈរលេខរៀងទី៦ក្នុងសប្តាហ៍ទី៣ដោយមាន៤ពិន្ទុ។ ពីរប្រកួតកន្លងមក Pahang FA បញ្ចប់ក្នុងលទ្ធផលស្មើ១ និងចាញ់១។
ជាមួយគ្នានេះខ្សែបម្រើខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានរួមចំណែកជួយឲ្យក្រុមរបស់ខ្លួន Terengganu FC យកឈ្នះក្រុម Selangor FC ក្នុងលទ្ធផល ៤-១។ ជ័យជាលើកដំបូងនេះ បានជួយក្រុមឈរលេខរៀងទី៨ក្នុងសប្តាហ៍ទី២ឡើងឈរលេខរៀងទី៥ក្នុងសប្តាហ៍ទី៣។
ដោយឡែក ក្រុមរបស់ខ្សែបម្រើ ប្រាក់ មន្នីឧត្តម Negeri Sembilan FA និងក្រុមរបស់ខ្សែប្រយុទ្ធ កែវ សុខផេង PKNP FC សុទ្ធតែរងបរាជ័យ។ ការប្រកួតនៅកីឡដ្ឋាន Hang Jebat Stadium កាលពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៨ Negeri Sembilan FA ចាញ់ក្រុម Melaka United FC ៣-០ ខណៈក្រុម PKNP FC ចាញ់ក្រុម Kedah FC ១-០ នាកីឡដ្ឋាន Negeri Pulau Pinang Stadium។