ជាតិ
សេដ្ឋកិច្ច
លោក​បណ្ឌិត Daniel ៖ ដើម្បី​ជោគជ័យ សហគ្រិន​ត្រូវ​ចេះ​«​គិត​ក្រៅ​ប្រអប់​»!
12, Feb 2018 , 4:24 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បណ្ឌិត​ជំនាញ​សហគ្រិនភាព លោក Daniel V. Holland បានផ្ដល់​ទស្សនទាន​មួយចំនួន​អំពី​គន្លឹះ​ជោគជ័យ​សម្រាប់​សហគ្រិន​។ ជាពិសេស លោក​បាន​ទាញ​ការចាប់អារម្មណ៍​ឲ្យ​អ្នក​ដែល​ចង់​ក្លាយជា​សហគ្រិន ចេះ​គិត​បែប​ច្នៃប្រឌិត ឬ​«​គិត​ក្រៅ​ប្រអប់​»​។



​ខាងក្រោម​នេះ គឺជា​លើកឡើង​របស់លោក Daniel V. Holland ដែល​ដកស្រង់​ចេញពី​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​សិក្ខាសាលា​អំពី​សហគ្រិនភាព នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​៖
​តើ​អ្វី​ជា​គន្លឹះ​ជោគជ័យ​របស់​សហគ្រិន​?

​សំឡេង​ជា​ភាសា​អង់គ្លេស​៖




​នេះ​ជា​សំណួរ ដែល​លោក​បណ្ឌិត Daniel ថា​ពិបាក​ឆ្លើយ ព្រោះ​វា​គ្មាន​រូបមន្ត​ល្អឥតខ្ចោះ​ណាមួយ​សម្រាប់​សហគ្រិន យកទៅអនុវត្ត​ឲ្យ​ជោគជ័យ​នោះឡើយ​។ ហើយ​ការណែនាំ​របស់លោក​នូវ​ចំណុច​មួយចំនួន គឺជា​អ្វីដែល​លោក​បាន​យល់ដឹង និង​តែង​ចែករម្លែក​។

​លោក Daniel មានប្រសាសន៍ថា សហគ្រិន ត្រូវតែ​ធ្វើ​អ្វីមួយ​ប្លែក​ពី​គេ សម្រាប់​យកទៅ​បម្រើ អតិថិជន​។ ការផ្ដល់​អ្វីដែល​ពិសេស​ផ្សេង​ពី​គេ​នេះហើយ ដែល​បាន​បង្កើត​តម្លៃ​ផ្ទាល់ខ្លួន​ក្នុង​ភាពជា​សហគ្រិន​។ តម្លៃ​នេះឯង​នឹង​គាំទ្រ​អាជីវកម្ម​ឲ្យ​រីកលូតលាស់​។



​បើ​ធ្វើ​ដូច​តែ​គេ​ដដែល នឹងមាន​តម្លៃ​ជា​សហគ្រិន​មកពីណា​! ហើយ​នេះ​ជា​ចំណុច​មួយ​ដែល​ញែក​ភាពខុសគ្នា​រវាង​សហគ្រិនភាព និង​អ្នករកស៊ី​ទូទៅ​។​

​លើសពីនេះ សហគ្រិន​ត្រូវធ្វើ​អាជីវកម្ម​ដោយមាន​ក្ដី​ស្រលាញ់ និង​មាន​គោលដៅ​ច្បាស់លាស់​។ នេះ​ជា​អ្វីដែល​លោក Daniel យល់ថា​ជា​កត្តា​រុញ​អាជីវកម្ម​ឲ្យ​ដំណើរការ​ដោយ​និរន្តរភាព​។​

​មួយវិញទៀត សហគ្រិន​ត្រូវ​ចេះ​បង្កើត​បណ្ដាញ​។ ការបង្កើត​បណ្ដាញ គេ​គួរ​ធ្វើ​តាំង​ពីមុន​បើក​អាជីវកម្ម​មក​ម្លេះ ដើម្បី​ស្វែងរក​ប្រភពធនធាន​ដែល​ខ្លួន​ខ្វះខាត ដែលមាន​ដូចជា​ចំណេះដឹង បទពិសោធ​លើ​វិស័យ​មុខរបរ​ដែល​យើង​ចង់​បង្កើត​, ក្រុមការងារ​ល្អ​, ថវិកា និង​ដៃគូ​សហការ​ជាដើម​។ លោក Daniel ប្រាប់ថា គេ​គួរ​ទៅ​កៀក​អ្នក​ដែល​ប្រឡូក​មុន ពិសេស​អ្នក​ដែល​ជោគជ័យ​រួចទៅហើយ ដើម្បី​សុំ​ការណែនាំ​។ សហគ្រិន​ត្រូវ​ស្វែងយល់​ពី​តម្រូវការ​អតិថិជន រួច​បំពេញតម្រូវការ​នោះ​។​

​រឿង​មួយ​សំខាន់បំផុត ដែល​លោក Daniel លើកឡើង​ដដែលៗ​នោះ​គឺ ការចុះអនុវត្ត​។ ពិត​ហើយ​ដែល​មុន​បើក​អាជីវកម្ម គេ​ត្រូវ​គិត​ព្រៀង ឬ​គិត​ទៅដល់​អ្វីដែល​ខ្លួន​នឹង​ច្នៃ​ប្រតិដ្ឋ​ក្នុងពេល​បើក​អាជីវកម្ម ប៉ុន្តែ​មិនមែន​អ្វីដែល​នឹង​ជួបប្រទះ សុទ្ធតែ​អាច​គិត​មុន​នោះទេ​។ ដូចនេះហើយ ការ​កែខៃ​អាជីវកម្ម ក្នុងពេល​ដំណើរការ​ជាក់ស្ដែង គឺត្រូវធ្វើ​ចៀស​មិន​រួច​។ គេ​អាច​នឹង​ឃើញ​ពី​របៀប​អ្វីមួយ​នៅពេល​គេ​កំពុង​ធ្វើ​ផ្ទាល់ ដែល​ពិសេស​ជាង​ពេល​គេ​គិត​ស្រមៃ​ទៅទៀត​។ នេះ​ជា​អ្វីដែល​លោក Daniel អះអាងថា ជោគជ័យ​ចេញពី​ការអនុវត្ត​។

​គិត​ក្រៅ​ប្រអប់​!
​ឧទាហរណ៍​មួយ​ចេញពី​សេវាកម្ម​ហៅ​តាក់ស៊ី​តាម APP ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Uber ។ នេះ​ជា​ជោគជ័យ​អាជីវកម្ម​មួយ​ប្រភេទ ដែល​កើតចេញពី​ការគិត​ខុសពី​អ្វី​ដែលមាន​ស្រាប់ ដែល​លោក Daniel ហៅថា​ជាការ​គិត​ក្រៅ​ប្រអប់​នោះឯង​។ លោក Daniel និយាយថា សហគ្រិន​ត្រូវ​គិត​អ្វីដែល​លើសពី​មនុស្ស​ទូទៅ​គិត ដើម្បី​ផ្ដល់​របៀប​ថ្មី​មួយទៀត ដែល​កាន់តែ​ងាយស្រួល​។​

​លោក​បណ្ឌិត Daniel V. Holland គឺជា​សាស្ត្រាចារ្យ​ជំនួយ ជំនាញ​សហគ្រិនភាព និង​យុទ្ធសាស្ត្រ នៅ​សាកលវិទ្យាល័យ Utah State University សហរដ្ឋអាមេរិក​។ ក្រៅពី​បទពិសោធ​បង្រៀន លោក​ធ្លាប់​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ឯកជន​អស់​ពេល​ជាច្រើន​ឆ្នាំ និង​មាន​ពិសោធន៍​បើក​អាជីវកម្ម​តូចៗ​មួយចំនួន​ផងដែរ​៕


Tag:
 startup
© រក្សាសិទ្ធិដោយ thmeythmey.com