ជាតិ
សេដ្ឋកិច្ច
លោកបណ្ឌិត Daniel ៖ ដើម្បីជោគជ័យ សហគ្រិនត្រូវចេះ«គិតក្រៅប្រអប់»!
× ភ្នំពេញ៖ បណ្ឌិតជំនាញសហគ្រិនភាព លោក Daniel V. Holland បានផ្ដល់ទស្សនទានមួយចំនួនអំពីគន្លឹះជោគជ័យសម្រាប់សហគ្រិន។ ជាពិសេស លោកបានទាញការចាប់អារម្មណ៍ឲ្យអ្នកដែលចង់ក្លាយជាសហគ្រិន ចេះគិតបែបច្នៃប្រឌិត ឬ«គិតក្រៅប្រអប់»។
ខាងក្រោមនេះ គឺជាលើកឡើងរបស់លោក Daniel V. Holland ដែលដកស្រង់ចេញពីហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា និងសិក្ខាសាលាអំពីសហគ្រិនភាព នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ៖
តើអ្វីជាគន្លឹះជោគជ័យរបស់សហគ្រិន?
សំឡេងជាភាសាអង់គ្លេស៖
នេះជាសំណួរ ដែលលោកបណ្ឌិត Daniel ថាពិបាកឆ្លើយ ព្រោះវាគ្មានរូបមន្តល្អឥតខ្ចោះណាមួយសម្រាប់សហគ្រិន យកទៅអនុវត្តឲ្យជោគជ័យនោះឡើយ។ ហើយការណែនាំរបស់លោកនូវចំណុចមួយចំនួន គឺជាអ្វីដែលលោកបានយល់ដឹង និងតែងចែករម្លែក។
លោក Daniel មានប្រសាសន៍ថា សហគ្រិន ត្រូវតែធ្វើអ្វីមួយប្លែកពីគេ សម្រាប់យកទៅបម្រើ អតិថិជន។ ការផ្ដល់អ្វីដែលពិសេសផ្សេងពីគេនេះហើយ ដែលបានបង្កើតតម្លៃផ្ទាល់ខ្លួនក្នុងភាពជាសហគ្រិន។ តម្លៃនេះឯងនឹងគាំទ្រអាជីវកម្មឲ្យរីកលូតលាស់។
បើធ្វើដូចតែគេដដែល នឹងមានតម្លៃជាសហគ្រិនមកពីណា! ហើយនេះជាចំណុចមួយដែលញែកភាពខុសគ្នារវាងសហគ្រិនភាព និងអ្នករកស៊ីទូទៅ។
លើសពីនេះ សហគ្រិនត្រូវធ្វើអាជីវកម្មដោយមានក្ដីស្រលាញ់ និងមានគោលដៅច្បាស់លាស់។ នេះជាអ្វីដែលលោក Daniel យល់ថាជាកត្តារុញអាជីវកម្មឲ្យដំណើរការដោយនិរន្តរភាព។
មួយវិញទៀត សហគ្រិនត្រូវចេះបង្កើតបណ្ដាញ។ ការបង្កើតបណ្ដាញ គេគួរធ្វើតាំងពីមុនបើកអាជីវកម្មមកម្លេះ ដើម្បីស្វែងរកប្រភពធនធានដែលខ្លួនខ្វះខាត ដែលមានដូចជាចំណេះដឹង បទពិសោធលើវិស័យមុខរបរដែលយើងចង់បង្កើត, ក្រុមការងារល្អ, ថវិកា និងដៃគូសហការជាដើម។ លោក Daniel ប្រាប់ថា គេគួរទៅកៀកអ្នកដែលប្រឡូកមុន ពិសេសអ្នកដែលជោគជ័យរួចទៅហើយ ដើម្បីសុំការណែនាំ។ សហគ្រិនត្រូវស្វែងយល់ពីតម្រូវការអតិថិជន រួចបំពេញតម្រូវការនោះ។
រឿងមួយសំខាន់បំផុត ដែលលោក Daniel លើកឡើងដដែលៗនោះគឺ ការចុះអនុវត្ត។ ពិតហើយដែលមុនបើកអាជីវកម្ម គេត្រូវគិតព្រៀង ឬគិតទៅដល់អ្វីដែលខ្លួននឹងច្នៃប្រតិដ្ឋក្នុងពេលបើកអាជីវកម្ម ប៉ុន្តែមិនមែនអ្វីដែលនឹងជួបប្រទះ សុទ្ធតែអាចគិតមុននោះទេ។ ដូចនេះហើយ ការកែខៃអាជីវកម្ម ក្នុងពេលដំណើរការជាក់ស្ដែង គឺត្រូវធ្វើចៀសមិនរួច។ គេអាចនឹងឃើញពីរបៀបអ្វីមួយនៅពេលគេកំពុងធ្វើផ្ទាល់ ដែលពិសេសជាងពេលគេគិតស្រមៃទៅទៀត។ នេះជាអ្វីដែលលោក Daniel អះអាងថា ជោគជ័យចេញពីការអនុវត្ត។
គិតក្រៅប្រអប់!
ឧទាហរណ៍មួយចេញពីសេវាកម្មហៅតាក់ស៊ីតាម APP ទូរសព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Uber ។ នេះជាជោគជ័យអាជីវកម្មមួយប្រភេទ ដែលកើតចេញពីការគិតខុសពីអ្វីដែលមានស្រាប់ ដែលលោក Daniel ហៅថាជាការគិតក្រៅប្រអប់នោះឯង។ លោក Daniel និយាយថា សហគ្រិនត្រូវគិតអ្វីដែលលើសពីមនុស្សទូទៅគិត ដើម្បីផ្ដល់របៀបថ្មីមួយទៀត ដែលកាន់តែងាយស្រួល។
លោកបណ្ឌិត Daniel V. Holland គឺជាសាស្ត្រាចារ្យជំនួយ ជំនាញសហគ្រិនភាព និងយុទ្ធសាស្ត្រ នៅសាកលវិទ្យាល័យ Utah State University សហរដ្ឋអាមេរិក។ ក្រៅពីបទពិសោធបង្រៀន លោកធ្លាប់ធ្វើការក្នុងក្រុមហ៊ុនឯកជនអស់ពេលជាច្រើនឆ្នាំ និងមានពិសោធន៍បើកអាជីវកម្មតូចៗមួយចំនួនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com