អន្តរជាតិ
ឌូ​ទើ​តេ ព្រមាន​បាញ់​រាល់​ប្រទេស​ទាំងអស់​ដែល​ចូល​លួច​ធនធាន​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង​
12, Feb 2018 , 5:56 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ព្រមាន​ថា​លោក​នឹង​បញ្ជា​ឲ្យ​កងទ័ពជើងទឹក​បាញ់​រាល់​ភាគី​ណាមួយ​ដែល​ហ៊ាន​ចូល​លួច​ធនធាន​របស់​ហ្វីលីពីន​ដែល​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ មេដឹកនាំ​រូបនេះ​មិន​មានបំណង​ធ្វើសង្គ្រាម​ឡើយ ប៉ុន្តែ​ក៏​មិនអាច​ឲ្យ​គេ​រំលោភបំពាន និង​កេងប្រវ័ញ្ច​តាមចិត្ត​ដែរ​។​



​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ចុង​សប្តាហ៍​មុន ប្រធានាធិបតី​មាត់ដាច​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានបញ្ជាក់​ច្បាស់​ថា លោក​មិន​ញរ​ញើ​ត​នឹង​បញ្ជា​ឲ្យ​កងទ័ព​ហ្វីលីពីន​បាញ់​ប្រទេស​ណាក៏ដោយ​ដែល​ហ៊ាន​ចូល​លួច​ធនធាន​សមុទ្រ​ហ្វីលីពីន​ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៅ​សមុទ្រ​ចិន​ខាងត្បូង​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP លោក ឌូ​ទើ​តេ បាន​អះអាងថា លោក​នឹង​បន្ត​ចរចា​ជាមួយ​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះដែនសមុទ្រ ហើយ​លោក​ក៏​បញ្ជាក់​ជាថ្មី​ពី​សិទ្ធិ​អធិបតេយ្យ​របស់​ហ្វីលីពីន​លើ​តំបន់​សម្បូរ​ធនធាន Benham Rise ផងដែរ​។​

​លោក​បន្តថា​៖ «​ដូចគ្នា​អ៊ីចឹង យើង​មិនអាច​ប្រយុទ្ធ​ជាមួយ​អាមេរិក​បានឡើយ ហើយ​ចិន​ក៏​ដូចគ្នា​។​ខ្ញុំ​នឹង​រក្សា​ភាពស្ងប់ស្ងាត់​។ ប៉ុន្តែ​បើសិនជា​អ្នកឯង​ចូលមក​លួច​ធនធាន​ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ ខ្ញុំ​នឹង​បញ្ជា​ឲ្យ​ទាហាន​បាញ់​តែម្តង​»​។

​មេដឹកនាំ​ហ្វីលីពីន​ខាងលើ​ចង់​សំដៅលើ​ដែន​សេដ្ឋកិច្ច​ផ្តាច់មុខ​មាន​ចម្ងាយ ២០០ ម៉ា​ល៍ និង​ស្ថិតក្រោម​ការគ្រប់គ្រង​ផ្តាច់មុខ​របស់​រដ្ឋ ដែលមាន​កំណត់​ក្នុង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី ច្បាប់​សមុទ្រ ឆ្នាំ ១៩៨២​នោះ​។ ក្រោម​ច្បាប់​សមុទ្រ​នេះ នាវា​បរទេស​អាចធ្វើ​ដំណើ​រ​ឆ្លងកាត់​បាន​ដោយ​គ្មាន​បញ្ហា ប៉ុន្តែ​មិនមាន​សិទ្ធិ​នេសាទ និង​ទាញយក​ប្រេង​ឬ ឧស្ម័ន​ធម្មជាតិ​ពី​តំបន់​នោះឡើយ​។​

​ដោយឡែក ថ្មីៗ​នេះដែរ រដ្ឋាភិបាល​ក្រុង​ម៉ានីល​ក៏បាន​បញ្ជា​ឲ្យ​មានការ​បញ្ឈប់​រាល់​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅក្នុង​តំបន់ Benham Rise ហើយ​ប្រធានាធិបតី​ក៏​ចេញ​បញ្ជា​ឲ្យ​កងទ័ពអាកាស​និង​កងទ័ពជើងទឹក​នាំគ្នា​ល្បាត​ជុំវិញ​តំបន់​ខាងលើ​ផង​។​

 អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​អះអាងថា​ប្រាប់​អ្នកសារព័ត៌មាន​ថា រាល់​បេសកកម្ម​ស្រាវជ្រាវ​ទាំងអស់​ត្រូវបាន​បញ្ចប់​ហើយ​ទាំង​ខាង​អាមេរិក ចិន ជប៉ុន និង​កូរ៉េខាងត្បូង ហើយ​ប្រធានាធិបតី ឌូ​ទើ​តេ ចង់​ឲ្យ​អ្នកជំនាញ​ហ្វីលីពីន​ស្រាវជ្រាវ​ម្តង​។​

​កន្លងមក​មានការ​រិះគន់​លោក ឌូ​ទើ​តេ ខ្លាំង​ដោយសារ​លោក​អនុញ្ញាត​ឲ្យ​អ្នកជំនាញ​ចិន​ទៅ​ស្រាវជ្រាវ​នៅ​តំបន់ Benham Rise ទាំង​ដែល​ចិន​ទាមទារ​យក​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរ​ទាំងស្រុង និង​មិន​គោរព​សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ទៀត​។​

​ដូច្នេះហើយ កាលពី​ចុង​សប្តាហ៍​កន្លងទៅ គេ​ឃើញ​ប្រជាជន​ហ្វីលីពីន​ដែលជា​សកម្មជន​ជាច្រើន​នាក់​នាំគ្នា​បាតុកម្ម​ទាមទារ​ឲ្យ​ចិន​ចាក​ចេញពី​ហ្វីលីពីន ហើយ​ពួកគេ​ក៏​ទិតៀន​ចិន​ដែល​ដំឡើង​សម្ភារ​សម្រាប់​ការពារជាតិ និង​យោធា​ផង​នៅលើ​កោះ​សិប្បនិម្មិត​នៅ​ប្រជុំ​កោះ Spratly ផងដែរ​។​

​តាមពិតទៅ លោក ឌូ​ទើ​តេ បាន​ក្លាយជា​តួអង្គ​ដ៏​សំខាន់​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​ទំនាក់ទំនង​ការទូត​រវាង ចិន និង​ហ្វីលីពីន​ដែល​បាន​ធ្លាក់​ល្អក់​ករក​ខ្លាំង​។ កន្លងមក​លោក​បា​នប​ង្ហើ​ប​ថា ចិន​សន្យា​ជាមួយ​លោក​ថា គេ​នឹង​ឈប់​កសាង​កោះ​សិប្បនិម្មិត និង​បង្ក​ភាព​តានតឹង​ក្នុង​តំបន់​ទៀត​។ លោក ឌូ​ទើ​តេ ក៏​មើលឃើញ​ដែរ​ថា  ចិន​ធ្វើ​បែប​នោះ​ក៏​ដោយសារ​សកម្មភាព​បង្ករឿង​របស់​អាមេរិក​នៅ​សមុទ្រ​ចិន​ខាង​តបូង​ដែរ​។​


Tag:
 សមុទ្រ​ចិន​ខាងត្បូង​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com