មេ FIFA វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​កម្ពុជា​លើ​ការប្រើប្រាស់​ថវិកា​១.២៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​

កីឡាជាតិ
ជាតិ
មេ FIFA វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​កម្ពុជា​លើ​ការប្រើប្រាស់​ថវិកា​១.២៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​
12, Feb 2018 , 5:58 pm         1841
រូបភាព
លោក Gianni Infantino លោក ខៀវ សាម៉េត និងលោក ម៉ៃ តុលា អគ្គលេខាធិការ FFC នាជំនួបជាមួយអ្នកសារព័ត៌មាន​កាលពីថ្ងៃទី៩ ខែកុម្ភៈ។ រូបថត ចំរើន
លោក Gianni Infantino លោក ខៀវ សាម៉េត និងលោក ម៉ៃ តុលា អគ្គលេខាធិការ FFC នាជំនួបជាមួយអ្នកសារព័ត៌មាន​កាលពីថ្ងៃទី៩ ខែកុម្ភៈ។ រូបថត ចំរើន
លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បាន​កោតសរសើរ​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ដែល​ធ្វើ​ការងារ​យ៉ាង​ល្អ​អស្ចារ្យ​លើ​ការអភិវឌ្ឍន៍​កីឡាបាល់ទាត់​ជាមួយ​កញ្ចប់​ថវិកា​ពី​កម្មវិធី FIFA Forward និង​ជំនួយ​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​។ លោក​បាន​ថ្លែង​បែបនេះ នា​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា ក្រោយ​កិច្ចប្រជុំ FIFA Executive Football Summit នៅ​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ​។​

អត្ថបទទាក់ទង

FIFA Forward ជា​កម្មវិធី​អភិវឌ្ឍន៍​កីឡាបាល់ទាត់​ដែល​ចាប់កំណើត​ឡើង​នៅ​ឆ្នាំ​២០១៦ បន្ទាប់ពី​លោក Gianni Infantino ជាប់ឆ្នោត​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA)​។ កម្មវិធី​ថ្មី​នេះ ត្រូវបាន​ប្រើប្រាស់​ឡើង​ដើម្បី​ជំនួស​កម្មវិធី​ជំនួយ​ហិរញ្ញវត្ថុ​មួយចំនួន​ដូចជា  General Regulations for FIFA Development Programmes, Goal Regulations, FIFA Financial Assistance Programme (FAP) Regulations, PERFORMANCE Regulations, FIFA Challenger Programme Regulations, FIFA Win-Win Programme Regulations, adidas Goal Ball Project Regulations​។

FIFA ដាក់​កញ្ចប់​ថវិកា FIFA Forward ក្នុង​រង្វង់​ទឹកប្រាក់​១.៤​ប៊ី​លាន​ដុល្លារ​អាមេរិក​សម្រាប់​សមា​ជិ​ក​ទាំង​២១១​របស់ខ្លួន​ក្នុងអំឡុងពេល​៤​ឆ្នាំ ដោយ​សមាជិក​និ​មួយៗ ត្រូវ​ទទួលបាន​ទឹកប្រាក់​៥​លាន​ដុល្លារ​អាមេរិក​។ ទឹកប្រាក់​ត្រូវ​ផ្តល់​ឲ្យ​រាល់​សមាជិក​ជា​រៀងរាល់ឆ្នាំ ដែលមាន​១.២៥​លាន​ដុល្លារ​អាមេរិក​។​

​ក្នុង​កញ្ចប់​ទឹកប្រាក់ ១.២៥​លាន​ដុល្លារ​អាមេរិក មាន​៧៥​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ ដូចជា​ការសាងសង់​ទីលាន កម្មវិធី​ប្រកួត​បាល់ទាត់ ក៏ដូចជា​ការពង្រឹង​សមត្ថភាព​បាល់ទាត់​យុវជន និង​នារី និង​៥០​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​អភិបាលកិច្ច រចនាសម្ព័ន្ធ និង​រដ្ឋបាល ជាដើម​។​

​លោក Gianni Infantino ដែល​ទើប​មកកាន់​កម្ពុជា​ជា​លើកដំបូង បាន​កត់សម្គាល់ថា កម្ពុជា​ដើរ​តាម​ទស្សនវិស័យ​របស់ FIFA ក្នុងការ​អភិវឌ្ឍន៍​បាល់ទាត់ ជាពិសេស​ផ្នែក​យុវជន​។ «​កម្ពុជា ពោលគឺ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ពិតជា​ធ្វើការ​បាន​ត្រឹមត្រូវ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់ ខណៈ​ខ្លួន​កំពុង​សម្រាប់​ខ្លួន​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣»​។ នេះ​ជាការ​កោតសរសើរ​បស់​លោក Infantino នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​។​

​លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​អះអាងថា កម្មវិធី FIFA Forward ដែល​កម្ពុជា​ចាប់ផ្តើម​ទទួលបាន​នៅ​ឆ្នាំ​២០១៧ បានក្លាយ​ជា​ទុន​ដ៏​ធំ​បំផុត​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​កីឡាបាល់ទាត់​កម្ពុជា ជាពិសេស​ថ្នាល​យុវជន និង​កម្មវិធី​អភិវឌ្ឍន៍​នានា​នៅតាម​បណ្តា​ខេត្ត​។​

​អនុប្រធាន FFC បាន​លើកឡើងថា​៖ «​រាល់​ជោគជ័យ​របស់​កម្ពុជា [​នាពេលខាងមុខ​] គឺជា​ចំណែក​មួយ​យ៉ាង​ធំ​ដែល​យើង​ទទួលបាន​ពី FIFA ។ យើង​ក៏​រំពឹង​ដែរ​ថា កម្ពុជា និង​ប្រទេស​តូចៗ​មួយចំនួន នឹង​កាន់តែ​ទទួលបាន​នូវ​ការយកចិត្ត​ទុក​បន្ថែម​ពី FIFA ជាពិសេស​ផ្នែក​ជំនួយ​ហិរញ្ញវត្ថុ​»៕

Tag:
 FIFA
  FFC
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...2324next