កីឡាជាតិ
ជាតិ
មេ FIFA វាយតម្លៃជាវិជ្ជមានចំពោះកម្ពុជាលើការប្រើប្រាស់ថវិកា១.២៥លានដុល្លារក្នុង១ឆ្នាំ លោក Gianni Infantino លោក ខៀវ សាម៉េត និងលោក ម៉ៃ តុលា អគ្គលេខាធិការ FFC នាជំនួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី៩ ខែកុម្ភៈ។ រូបថត ចំរើន
× លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានកោតសរសើរសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដែលធ្វើការងារយ៉ាងល្អអស្ចារ្យលើការអភិវឌ្ឍន៍កីឡាបាល់ទាត់ជាមួយកញ្ចប់ថវិកាពីកម្មវិធី FIFA Forward និងជំនួយហិរញ្ញវត្ថុផ្សេងៗទៀត។ លោកបានថ្លែងបែបនេះ នាជំនួបជាមួយអ្នកសារព័ត៌មានកម្ពុជា ក្រោយកិច្ចប្រជុំ FIFA Executive Football Summit នៅភ្នំពេញ កាលពីថ្ងៃទី៩ ខែកុម្ភៈ។
FIFA Forward ជាកម្មវិធីអភិវឌ្ឍន៍កីឡាបាល់ទាត់ដែលចាប់កំណើតឡើងនៅឆ្នាំ២០១៦ បន្ទាប់ពីលោក Gianni Infantino ជាប់ឆ្នោតធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ កម្មវិធីថ្មីនេះ ត្រូវបានប្រើប្រាស់ឡើងដើម្បីជំនួសកម្មវិធីជំនួយហិរញ្ញវត្ថុមួយចំនួនដូចជា General Regulations for FIFA Development Programmes, Goal Regulations, FIFA Financial Assistance Programme (FAP) Regulations, PERFORMANCE Regulations, FIFA Challenger Programme Regulations, FIFA Win-Win Programme Regulations, adidas Goal Ball Project Regulations។
FIFA ដាក់កញ្ចប់ថវិកា FIFA Forward ក្នុងរង្វង់ទឹកប្រាក់១.៤ប៊ីលានដុល្លារអាមេរិកសម្រាប់សមាជិកទាំង២១១របស់ខ្លួនក្នុងអំឡុងពេល៤ឆ្នាំ ដោយសមាជិកនិមួយៗ ត្រូវទទួលបានទឹកប្រាក់៥លានដុល្លារអាមេរិក។ ទឹកប្រាក់ត្រូវផ្តល់ឲ្យរាល់សមាជិកជារៀងរាល់ឆ្នាំ ដែលមាន១.២៥លានដុល្លារអាមេរិក។
ក្នុងកញ្ចប់ទឹកប្រាក់ ១.២៥លានដុល្លារអាមេរិក មាន៧៥ម៉ឺនដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងៗ ដូចជាការសាងសង់ទីលាន កម្មវិធីប្រកួតបាល់ទាត់ ក៏ដូចជាការពង្រឹងសមត្ថភាពបាល់ទាត់យុវជន និងនារី និង៥០ម៉ឺនដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ក្នុងការងារអភិបាលកិច្ច រចនាសម្ព័ន្ធ និងរដ្ឋបាល ជាដើម។
លោក Gianni Infantino ដែលទើបមកកាន់កម្ពុជាជាលើកដំបូង បានកត់សម្គាល់ថា កម្ពុជាដើរតាមទស្សនវិស័យរបស់ FIFA ក្នុងការអភិវឌ្ឍន៍បាល់ទាត់ ជាពិសេសផ្នែកយុវជន។ «កម្ពុជា ពោលគឺសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិតជាធ្វើការបានត្រឹមត្រូវក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់ ខណៈខ្លួនកំពុងសម្រាប់ខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣»។ នេះជាការកោតសរសើរបស់លោក Infantino នៅចំពោះមុខអ្នកសារព័ត៌មាន។
លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានអះអាងថា កម្មវិធី FIFA Forward ដែលកម្ពុជាចាប់ផ្តើមទទួលបាននៅឆ្នាំ២០១៧ បានក្លាយជាទុនដ៏ធំបំផុតក្នុងការរួមចំណែកអភិវឌ្ឍន៍កីឡាបាល់ទាត់កម្ពុជា ជាពិសេសថ្នាលយុវជន និងកម្មវិធីអភិវឌ្ឍន៍នានានៅតាមបណ្តាខេត្ត។
អនុប្រធាន FFC បានលើកឡើងថា៖ «រាល់ជោគជ័យរបស់កម្ពុជា [នាពេលខាងមុខ] គឺជាចំណែកមួយយ៉ាងធំដែលយើងទទួលបានពី FIFA ។ យើងក៏រំពឹងដែរថា កម្ពុជា និងប្រទេសតូចៗមួយចំនួន នឹងកាន់តែទទួលបាននូវការយកចិត្តទុកបន្ថែមពី FIFA ជាពិសេសផ្នែកជំនួយហិរញ្ញវត្ថុ»៕
Tag:
FIFA
FFC
Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com