រថយន្ត
អន្តរជាតិ
​ស្ត្រី​មេម៉ាយ​ម្នាក់​តុបតែង​រថយន្ត​ចំណាស់​ខ្លួន​ដើម្បី​អបអរ​ទិវា​នៃ​សេចក្តីស្រឡាញ់​
12, Feb 2018 , 7:59 pm        
រូបភាព
ដោយ: ធីតា
​ដើម្បី​អបអរ​ទិវា​នៃ​ក្តី​ស្រឡាញ់ ថ្ងៃទី​១៤ ខែកុម្ភៈ ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ Margie Felts ដែល​រស់នៅ​ក្រុង Nashville Tennessee បាន​តុបតែង​រថយន្ត Toyota Camry ចំណាស់​របស់ខ្លួន ជាមួយ​ផ្ទាំង​បេះដូង និង​ត​ក្កុ​តា​ខ្លាឃ្មុំ​ពណ៌​ក្រហម និង​ពណ៌​ផ្កាឈូក លាយ​ចំរុះ​គ្នា​។



«​រថយន្ត​របស់ខ្ញុំ​កំពុងមាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង​នៅពេលនេះ ខ្ញុំ​ពិតជា​រំភើប​រីករាយ​មែនទែន​»​។ អ្នកស្រី Felts បាន​រៀបរាប់​ប្រាប់​ទូរទស្សន៍ WTVF ដោយ​បន្ថែមថា​៖ «​ខ្ញុំ​បានបង្ហាញ​នូវ​អ្វីដែល​មនុស្ស​រាល់​រូប​ស្រឡាញ់​ពេញចិត្ត​»​។​

​ស្ត្រី​រូបនេះ បាន​អះអាងថា គាត់​តែងតែ​តុបតែង​រថយន្ត​របស់​ខ្លួន​បែបនេះ​នៅក្នុង​ទិវា​នៃ​សេចក្តីស្រឡាញ់ ពោលគឺ​ចាប់តាំងពី​ឆ្នាំ​២០១៦​មក បើទោះបីជា​មានការ​រិះគន់​មួយចំនួន​ក៏ដោយ​។ គាត់​បានបញ្ជាក់​ដដែល​ថា ការតុបតែង​រថយន្ត​របស់គាត់​ក្នុង​គោលបំណង​តែមួយគត់ គឺ​ធ្វើ​ឲ្យ​ទាំងអស់គ្នា មើលឃើញ ហើយ​សប្បាយចិត្ត​។​

​គាត់​បាន​បញ្ជាក់ថា​៖ «​មនុស្ស​ច្រើន​បំផុត​លើ​ពិភពលោក​ស្រឡាញ់​វា​។ មនុស្ស​ជាច្រើន​តាម​ពីក្រោយ​ខ្ញុំ ហើយ​ថត​វីដេអូ​។ នៅពេលដែល​ខ្ញុំ​បើក​ហួស មាន​អ្នកខ្លះ​ខំប្រឹង​បើក​តាម ហើយ​សួរថា «​តើ​ខ្ញុំ​អាច​ថតរូប​រថយន្ត​នេះ​បាន​ដែរឬទេ​?»​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ដំណើរ​របស់​អ្នកស្រី Felts ក៏​មិន​ទទួលបាន​នូវ​ការស្វាគមន៍​១០០​ភាគរយ​នោះដែរ ជាពិសេស​ក្នុង​ដំណើរ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ ដោយ​គាត់​មិនមាន​ឱកាស​បើករថយន្ត​ដែល​ខ្លួន​តុបតែង​ចូល​ថត​ចំណត​ស្ថានីយ៍​អ្នកដំណើរ​នោះឡើយ​។​

​រថយន្ត​ដែល​តុបតែង​នេះ បានធ្វើ​ដំណើរ​សរុប​ប្រមាណ​ជាង​៦០​ម៉ឺន​គីឡូម៉ែត្រ​ហើយ និង​នៅតែ​បន្ត​ទៅមុខ​។ អ្នកស្រី Felts ដែល​បាន​បាត់បង់​ស្វាមី​កាលពី​ឆ្នាំ​កន្លងទៅ បាន​អះអាងថា រថយន្ត​របស់ខ្លួន​មាន​បេះដូង​នៃ​ក្តី​ស្រឡាញ់​ពិតប្រាកដ​។ «​ពេលនេះ ខ្ញុំ​ក្លាយជា​មនុស្ស​នៅ​លីវ​។ មនុស្ស​ជាច្រើន​សួរថា តើ​អ្នក​ធ្លាប់​ស្មុគស្មាញ​ដែរឬទេ​? ហើយ​ខ្ញុំ​ឆ្លើយថា ទេ​»​។

​ក្រៅពី​អាកាសយានដ្ឋាន អ្នកស្រី Felts បាន​បញ្ជាក់ថា គាត់​អាច​បើកបរ​ទៅគ្រប់​ទីកន្លែង ហើយ​បើ​មាន​ក្មេង​សុំ​ស្ករ​គ្រាប់​នៅតាម​ផ្លូវ​ដែល​គាត់​ធ្វើដំណើរ គាត់​រីករាយ​ជូន​តាម​សំណើរ​របស់​ពួកគេ​៕


Tag:
 ទិវា​នៃ​សេចក្តីស្រឡាញ់
© រក្សាសិទ្ធិដោយ thmeythmey.com