រថយន្ត
អន្តរជាតិ
​ប៉ូលិស​នៅ NSW របស់​អូស្ត្រាលី​ចាត់វិធានការ​ក្តៅ​ប្រឆាំង​អ្នកប្រើប្រាស់​ទូរ​សព្ទ​ពេល​បើកបរ​
12, Feb 2018 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ចំណាត់ការ​ក្តៅ​ត្រឹមតែ​១​ថ្ងៃ​ប៉ុណ្ណោះ នាំ​ឲ្យ​ប៉ូលិស​នៅ​ក្រុង New South Wales ប្រទេស​អូស្ត្រាលី ឃាត់ និង​ពិន័យ​មនុស្ស​ជាង​១២០០​នាក់ ដែល​បាន​បើក​បរផង និង​ប្រើ​ទូរ​សព្ទ​ដៃ​ផង ឬ​ហៅ​ម្យ៉ាង​ថា «​អ្នកបើកបរ​អាត្មានិយម​»​។



​អាកប្បកិរិយា​ដ៏​គ្រោះថ្នាក់​របស់​អ្នកបើកបរ រួមមាន​ដូចជា​ការប្រើ​ប្រាស់​ទូរ​សព្ទ​ដៃ ការមិន​គោរព​សិទ្ធិ​អាទិភាព និង​ការប្រើប្រាស់​រថយន្ត​ខុស​ប្រក្រតី​។ លោក Michael Corboy ជំនួយការ​ស្នងការ​ប្រចាំ​ក្រុង New South Wales បាន​បញ្ជាក់ថា​៖ «​ទោះបីជា​មានការ​ព្រមាន និង​ការអប់រំ​ជាច្រើន​ហើយក៏​ដោយ ក៏​គ្រោះថ្នាក់​នៅតែ​បន្ត​កើតមានឡើង ហើយ​ការណែនាំ​ទាក់ទង​នឹង​និយាយ ឬ​ផ្ញើរ​សារ​តាម​ទូរ​សព្ទ​នៅពេល​បើកបរ ហាក់ដូចជា​មិនមាន​ឥទ្ធិពល​ទាល់តែសោះ​»​។​

​យោងតាម​ការផ្សាយ​រប​ស់ The News Daily សមត្ថភាព​រកឃើញ​ក​រ​ណី​ប្រើប្រាស់​ទូរ​សព្ទ​នៅពេល​បើកបរ រហូតដល់​ទៅជា​ង​១២០០​ករណី នា​អំឡុង​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​។ លោក Corboy បាន​បញ្ជាក់ថា អ្នកបើកបរ​សរុប​១២១៥​នាក់ បាន​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​ពេល​បើកបរ ដោយ​ម្នាក់ៗ​រង​ពិន័យ​ប្រមាណ​២៦០​ដុល្លារ​អាមេរិក និង​រង​ការដក​៤​ពិន្ទុ​នៅលើ​បណ្ណ​បើកបរ​។​

​ជាមួយគ្នានេះ​ផងដែរ អាជ្ញាធរ​ក្រុង New South Wales បាន​ពិន័យ​មនុស្ស​១៣៧​នាក់​ពីបទ​បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព និង​៥៨៦​នាក់​ទៀត​ពីបទ​ប្រើប្រាស​យានយន្ត​គ្មាន​បទដ្ឋាន​ត្រឹមត្រូវ ពីព្រោះ​ករណី​ទាំងនោះ​ហើយ ដែល​បានធ្វើ​ឲ្យ​មនុស្ស​៣៩២​នាក់​ស្លាប់ កាលពី​ឆ្នាំមុន​។​

The News Daily បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងផង​ដែរ​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​បំពាក់​កា​ម៉េ​រា​បន្ថែម​ដើម្បី​តាម​ចាប់​ទិដ្ឋភាព​អ្នកបើកបរ​ដែល​ប្រើប្រាស់​ទូរ​សព្ទ​ដៃ ហើយ​ព្រមាន​ព្យួរ​បណ្ណ​បើកបរ​ផងដែរ សម្រាប់​ម្ចាស់​យានយន្ត​ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ទោះបី​បី​ជាមាន​កម្រិត​តិចតួច​ក្តី​។​

​អូស្ត្រាលី រំពឹងថា ពួកគេ​អាច​សម្រេចបាន​ផែនការ​គ្មាន​ករណី​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចាប់ពី​ឆ្នាំ​២០៥៦​ទៅ ខណៈ​បច្ចុប្បន្ន មាន​មនុស្ស​យ៉ាងហោច​ម្នាក់​ស្លាប់ ឬ​របួសធ្ងន់ រៀងរាល់​៤១​នាទី​ម្តង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​៕


© រក្សាសិទ្ធិដោយ thmeythmey.com