ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជិក​ព្រឹទ្ធសភា​អាមេរិក​៥​នាក់​ធ្វើ​ច្បាប់​ដើម្បី​កុំ​ឲ្យ​មានការ​ផ្តល់ជំនួយ​មក​កម្ពុជា​
12, Feb 2018 , 6:19 pm        
រូបភាព
លោក ថេត គ្រូស សមាជិកព្រឹទ្ធសភាមួយរូប ដែលបានចូលរួមធ្វើច្បាប់ដើម្បីទាមទារឲ្យមានការផ្តាច់ជំនួយមកកម្ពុជា។ រូបភាពពី AFP
លោក ថេត គ្រូស សមាជិកព្រឹទ្ធសភាមួយរូប ដែលបានចូលរួមធ្វើច្បាប់ដើម្បីទាមទារឲ្យមានការផ្តាច់ជំនួយមកកម្ពុជា។ រូបភាពពី AFP
​ភ្នំពេញ​៖ សមាជិក​ព្រឹទ្ធសភា​អាមេរិក បាន​តាក់តែង​ច្បាប់​មួយ  ដើម្បី​ប្រឆាំងនឹង​ការផ្តល់​ជំនួយ​របស់​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ មកកាន់​កម្ពុជា​។ មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច ឆ្លើយតប​ថា  បំណង​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំងនោះ មិន​ងាយ​បានសម្រេច​ឡើយ​។


 
​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​លេចធ្លោ​៥​រូប បានរួម​គ្នា សរសេរ​សេចក្តីស្នើច្បាប់​មួយ ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​កាន់តែខ្លាំង ក្នុងការ​ដាក់ទណ្ឌកម្ម មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​។ អ្នក​ទាំង​៥​នោះ រួមមាន លោក ថេត គ្រូ​ស លោក លិ​ន​ស៊ី ក្រា​ហាម លោក ដិ​ក ដឺ​ប៊ិន លោក បេន ខា​ដិ​ន និង​លោក ផា​ទ្រិ​ក លី​ហ៊ី​។ 

​សេចក្តីស្នើច្បាប់​នេះ បានទាមទារ​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា ដែលមាន​ប្រធាន​ជា​ជនជាតិ​អាមេរិក  ប្រឆាំងនឹង​ការផ្តល់​ជំនួយ​មកកាន់​កម្ពុជា​។ ធនាគារពិភពលោក គឺជា​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មួយ ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​អាមេរិក​។ ខ្លឹមសារ​នៃ​សេចក្តីស្នើច្បាប់​នេះ ត្រូវបាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ច្បាប់​នេះ តម្រូវ​ឲ្យ​នាយក​ប្រតិបត្តិ​នៃ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នីមួយៗ ប្រឆាំងនឹង​ការ​ផ្តល់ជំនួយ ដល់​កម្ពុជា​។ ហើយ​ការប្រឆាំង​នេះ នឹងមិន​បញ្ឈប់​ឡើយ លុះត្រាតែ​កម្ពុជា មានការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​»​។

សេចក្តីស្នើច្បាប់​នេះ ក៏មាន​ចែង​អំពី​ការបញ្ឈប់​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​មួយចំនួន និង​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ ដែលមាន​នៅក្រៅ​ប្រទេស​ផងដែរ​។   
 
​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក ដែលជា​អ្នកផ្តើមគំនិត បាន​លើក​មូល​ហេតុថា ការធ្វើ​ច្បាប់​បែបនេះ គឺ​ដោយសារតែ រដ្ឋាភិបាល​កម្ពុជា មិន​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកកាសែត រួមទាំង​សកម្មជន​ដទៃទៀត​។ លើសពីនេះ ការធ្លាក់ចុះ​នូវ​សិទ្ធិមនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា   ក៏​ជា​មូលហេតុ ដែល​នាំ​ឲ្យ​ពួកគេ​ធ្វើ​សេចក្តីស្នើច្បាប់​នេះដែរ​។

លោក ថេត គ្រូស បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ច្បាប់​នេះ គឺជា​ការឆ្លើយតប ទៅនឹង​ការបំផ្លិចបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ឥតឈប់ឈរ​នៅ​កម្ពុជា​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកគាំទ្រ​របស់គាត់​នៅ​ប៉េកាំង មិនគួរ​មើលស្រាល​លើ​ការប្តេជ្ញាចិត្ត​ខាងលើ​របស់​អា​មេ​រិ​កឡើ​យ​»​។​
 
​ការសម្រេច​ធ្វើ​សេចក្តីស្នើច្បាប់​ខាងលើ គឺ​បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំងនោះ បរាជ័យ ក្នុងការ​ទាមទារ​លក្ខ​ខណ្ឌ​មួយចំនួន ដើម្បី​កែប្រែ​ស្ថានភាព​នៅ​កម្ពុជា ឲ្យ​មាន​ភាពល្អប្រសើរ​ឡើងវិញ​។ សេចក្តីស្នើច្បាប់​នេះ មាន​ឈ្មោះថា ច្បាប់​ស្តីពី «​គណនេយ្យភាព​និង​ការវិលត្រឡប់​នៃ​វិនិយោគ មកកាន់​កម្ពុជា​» ដែល​ហៅ​ជា​ភាសា​អង់​គ្លេ​ង​ថា the Cambodia Accountability and Return on Investment Act (CARI)​។ ព័ត៌មាន​ស្តីពី​សេចក្តីស្នើច្បាប់​នេះ ត្រូវបាន​បង្ហោះ​នៅលើ​គេហទំព័​របស់លោក ថេត គ្រូស​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយតប​ថា សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំងនោះ មិនអាច​បញ្ជា​រដ្ឋាភិបាល​របស់ខ្លួន តាមតែ​អំពើ​ចិត្ត​ឡើយ​។  ម្យ៉ាងទៀត អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ យល់ថា សេចក្តីស្នើច្បាប់​ខាងលើ ត្រូវ​ឆ្លង​កាន់​នីតិវិធី​វែងឆ្ងាយ ទម្រាំ​ឈានដល់​ការអនុម័ត​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​ការប៉ុនប៉ង របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយចំនួន​តូច​នោះ មិន​ងាយ​នឹង​បានសម្រេច​ផល​តាមចិត្ត​ចង់​នោះទេ​»​។​
 
​ចំណែក ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ក​ម្ពុជា ក៏​លោក សុខ ឥសាន សន្និដ្ឋានថា មិនមាន​ប្រសិទ្ធភាព​ដែរ​។ លោក លើក​ហេតុផល​ថា មន្ត្រី​បក្ស​កាន់អំណាច និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា  គ្មាន​ប្រាក់​រាប់លាន​ដុល្លារ ដែល​ផ្ញើទុក​នៅក្រៅ​ប្រទេស​នោះទេ​។ លោក បន្ថែម​ចុងក្រោយ​ថា លោក ក៏​មិន​ខ្វល់​ដែរ​ ចំពោះការហាម​មន្ត្រី​កម្ពុជា​មួយចំនួន មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក​។ 
 
​សហរដ្ឋអាមេរិក បានចេញ​មុន​ចេញ​មាត់​ខ្លាំងជាងគេ ក្នុងការ​ប្រឆាំងនឹងរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្រោយពី​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល រួមទាំង​បញ្ហា​សិទ្ធិមនុស្ស​ផងដែរ​។ សហរដ្ឋអាមេរិក បាន​ផ្តាច់ជំនួយ​ផ្នែក​ការបោះឆ្នោត​មក​ឲ្យ​កម្ពុជា​។ ប្រទេស​មហាអំណាច​មួយ​នេះ នឹងមិន​ទទួលស្គាល់​ការបោះឆ្នោត​ជាដាច់ខាត ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ អវត្តមាន​។  
 
​សហភាព​អឺរ៉ុប បាន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុងការ​ដាក់ទណ្ឌកម្ម​មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​។ រីឯ​សហគមន៍​អន្តរជាតិ​ផ្សេងៗ​ទៀត បានត្រឹមតែ​ថ្កោលទោស​ប៉ុណ្ណោះ ដោយ​មិ​ទាន់​ដាក់ទណ្ឌកម្ម​ឬ​សម្ពាធ​មកលើ​រដ្ឋាភិបាល​កម្ពុជា​នោះទេ​។  
 
​យ៉ាងណា​ដ៏​ដោយ​ចុះ រដ្ឋាភិបាល និង​គណបក្សកាន់អំណាច នៅតែ​អះអាងថា ចំណាត់ការ​លើ​គណបក្ស​ប្រឆាំង គឺធ្វើឡើង​តាមច្បាប់ ហើយ​ស្ថិតក្នុង​ដែន​អធិបតេយ្យ​កម្ពុជា ដោយ​បរទេស មិនអាច​លូកដៃ​ចូល​ឡើយ​។ រដ្ឋាភិបាល​កម្ពុជា ប្រកាស​ជំហរ​ថា នឹង​រៀបចំ​ការបោះឆ្នោត​តាម​ការគ្រោងទុក ដោយ​មិន​ខ្វល់​ពី​ការទទួលស្គាល់​ឬ​មិន​ទទួលស្គាល់​របស់​សហគម​ន៍​អន្តរជាតិ​នោះទេ​៕
 
 

Tag:
 អាមេរិក​
  កម្ពុជា​
  ផ្តាច់ជំនួយ​
© រក្សាសិទ្ធិដោយ thmeythmey.com