AFC Cup៖ បឹងកេត​តទល់​ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន Ceres Negros ល្ងាច​នេះ​

កីឡាជាតិ
ជាតិ
AFC Cup៖ បឹងកេត​តទល់​ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន Ceres Negros ល្ងាច​នេះ​
13, Feb 2018 , 11:30 am         1754
រូបភាព
​ក្រុម​បឹងកេត​ត្រូវ​តទល់​ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន Ceres Negros សម្រាប់​ជំនួប​បើកឆាក​ពូ​ល F ពានរង្វាន់ AFC Cup ប្រចាំឆ្នាំ​២០១៨ នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​(​ម៉ោង​នៅ​កម្ពុជា​)​ទី​១៣ កុម្ភៈ នៅ​កីឡដ្ឋាន Panaad Stadium​។ ទោះបី​អះអាង​ពី​ការត្រៀមខ្លួន​រួចរាល់​ក៏ដោយ តែ​គ្រូបង្វឹក​បឹងកេត​ហាក់​ព្រួយបារម្ភ​ចំពោះ​សមត្ថភាព​គូប្រជែង និង​អវត្តមាន​កីឡាករ​សំខាន់​សម្រាប់​ជំនួប​ល្ងាច​នេះ​។​


​ការ​អវត្តមាន​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Julius Oiboh និង Samuel Gbenga ដោយសារ​បញ្ហា​ទិ​ដ្ឋ​ការ និង​បញ្ហា​របួស​កីឡាករ សេត រ៉ូ​ហ្ស៊ី​ប បាន​ក្លាយជា​ក្តីកង្វល់​ចំពោះ​បឹងកេត​ក្នុងការ​ប្រជែង​ជាមួយ​ក្រុម​ជើងឯក​របស់​ហ្វីលីពីន Ceres Negros ដែល​ខ្លួន​មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​អាចឈាន​ដល់​ជ័យជម្នះ​មួយ​នេះ​។

«​សម្រាប់​ជំនួប​ល្ងាច​នេះ យើង​អវត្តមាន​កីឡាករ​សំខាន់​៣​រូប ដែល​អាចធ្វើ​ឲ្យ​យើង​ជួប​ការលំបាក​ក្នុងការ​តទល់​ជាមួយ​ជើង​ខ្លាំង Ceres Negros ព្រោះ​ក្រុម​នេះ​មា​នស​ត្ថ​ភាពខ្លាំង​ក្នុងការ​ប្រកួត​។ លើសពីនេះ​កាលពីពេល​ថ្មីៗ ក្រុម​នេះ​ទើបតែ​យកឈ្នះ​ក្រុម​អូស្ត្រាលី​ទៀតផង​»​។ នេះ​ជាការ​បង្ហាញ​ក្តីកង្វល់​របស់លោក កែវ កុសល គ្រូបង្វឹក​បឹងកេត ហើយ​លោក​អះអាងថា បឹងកេត​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការប្រកួត​ល្ងាច​នេះ​។

​ទោះបីយ៉ាងណា គ្រូបង្វឹក​រូបនេះ​រំពឹងថា តាមរយៈ​កីឡា​សំខាន់​៣​រូប​រួមមាន​ប្រធាន​ក្រុម ឃួន ឡា​បូ​រ៉ាវី​, Maycon និង​ខ្សែការពារ​ជនជាតិ​ជប៉ុន Hikaru Minzuno បឹងកេត​នឹង​អាច​វាយបក​លើ​គូប្រជែង​។ ប៉ុន្តែ​សម្រាប់​ជំនួប​ល្ងាច​នេះ លោក នឹង​ផ្តោត​ខ្លាំង​លើ​ការការពារ​ជាង​ការប្រយុទ្ធ ព្រោះ​លោក​ចង់​បញ្ចប់​លទ្ធផល​ស្មើ សម្រាប់​ការប្រកួត​ក្រៅ​ទឹកដី​មួយ​នេះ​។    
 
​បឹងកេត​ត្រូវ​តទល់​ជាមួយ​ជើង​ខ្លាំង​ហ្វីលីពីន Ceres Negros សម្រាប់​ជំនួប​បើកឆាក​ពូ​ល F ពានរង្វាន់ AFC Cup 2018 នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១៣ កុម្ភៈ នេះ នា​កីឡដ្ឋាន Panaad Stadium​។ មុន​ជំនួប​រវាង​ក្រុម​ទាំងពីរ ពូ​ល F នេះ​ក៏មាន​ការប្រកួត​១​គូ​ទៀត​ផងដែរ គឺ​រវាង​ក្រុម Shan United ជាមួយ​ក្រុម Home United នា​វេ​ល​ម៉ោង​៣​រសៀល​(​ម៉ោង​នៅ​កម្ពុជា​)​នៅ​កីឡដ្ឋាន Thuwanna Youth Training Centre Stadium៕       


Tag:
 បាល់ទាត់​
  បឹងកេត​
  AFC Cup 2018
  Ceres Negros
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...2021next