កីឡាជាតិ
ជាតិ
AFC Cup៖ បឹងកេតតទល់ជាមួយម្ចាស់ផ្ទះហ្វីលីពីន Ceres Negros ល្ងាចនេះ
× ក្រុមបឹងកេតត្រូវតទល់ជាមួយម្ចាស់ផ្ទះហ្វីលីពីន Ceres Negros សម្រាប់ជំនួបបើកឆាកពូល F ពានរង្វាន់ AFC Cup ប្រចាំឆ្នាំ២០១៨ នាវេលាម៉ោង៦:៣០នាទីល្ងាច(ម៉ោងនៅកម្ពុជា)ទី១៣ កុម្ភៈ នៅកីឡដ្ឋាន Panaad Stadium។ ទោះបីអះអាងពីការត្រៀមខ្លួនរួចរាល់ក៏ដោយ តែគ្រូបង្វឹកបឹងកេតហាក់ព្រួយបារម្ភចំពោះសមត្ថភាពគូប្រជែង និងអវត្តមានកីឡាករសំខាន់សម្រាប់ជំនួបល្ងាចនេះ។
ការអវត្តមានខ្សែប្រយុទ្ធនីហ្សេរីយ៉ា Julius Oiboh និង Samuel Gbenga ដោយសារបញ្ហាទិដ្ឋការ និងបញ្ហារបួសកីឡាករ សេត រ៉ូហ្ស៊ីប បានក្លាយជាក្តីកង្វល់ចំពោះបឹងកេតក្នុងការប្រជែងជាមួយក្រុមជើងឯករបស់ហ្វីលីពីន Ceres Negros ដែលខ្លួនមិនហ៊ានដាក់ក្តីរំពឹងអាចឈានដល់ជ័យជម្នះមួយនេះ។
«សម្រាប់ជំនួបល្ងាចនេះ យើងអវត្តមានកីឡាករសំខាន់៣រូប ដែលអាចធ្វើឲ្យយើងជួបការលំបាកក្នុងការតទល់ជាមួយជើងខ្លាំង Ceres Negros ព្រោះក្រុមនេះមានសត្ថភាពខ្លាំងក្នុងការប្រកួត។ លើសពីនេះកាលពីពេលថ្មីៗ ក្រុមនេះទើបតែយកឈ្នះក្រុមអូស្ត្រាលីទៀតផង»។ នេះជាការបង្ហាញក្តីកង្វល់របស់លោក កែវ កុសល គ្រូបង្វឹកបឹងកេត ហើយលោកអះអាងថា បឹងកេតបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតល្ងាចនេះ។
ទោះបីយ៉ាងណា គ្រូបង្វឹករូបនេះរំពឹងថា តាមរយៈកីឡាសំខាន់៣រូបរួមមានប្រធានក្រុម ឃួន ឡាបូរ៉ាវី, Maycon និងខ្សែការពារជនជាតិជប៉ុន Hikaru Minzuno បឹងកេតនឹងអាចវាយបកលើគូប្រជែង។ ប៉ុន្តែសម្រាប់ជំនួបល្ងាចនេះ លោក នឹងផ្តោតខ្លាំងលើការការពារជាងការប្រយុទ្ធ ព្រោះលោកចង់បញ្ចប់លទ្ធផលស្មើ សម្រាប់ការប្រកួតក្រៅទឹកដីមួយនេះ។
បឹងកេតត្រូវតទល់ជាមួយជើងខ្លាំងហ្វីលីពីន Ceres Negros សម្រាប់ជំនួបបើកឆាកពូល F ពានរង្វាន់ AFC Cup 2018 នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១៣ កុម្ភៈ នេះ នាកីឡដ្ឋាន Panaad Stadium។ មុនជំនួបរវាងក្រុមទាំងពីរ ពូល F នេះក៏មានការប្រកួត១គូទៀតផងដែរ គឺរវាងក្រុម Shan United ជាមួយក្រុម Home United នាវេលម៉ោង៣រសៀល(ម៉ោងនៅកម្ពុជា)នៅកីឡដ្ឋាន Thuwanna Youth Training Centre Stadium៕
Tag:
បាល់ទាត់
បឹងកេត
AFC Cup 2018
Ceres Negros
© រក្សាសិទ្ធិដោយ thmeythmey.com