អន្តរជាតិ
គីម ជុង​អ៊ុន អរគុណ​កូរ៉េខាងត្បូង​ដែល​រាក់ទាក់ និង​សន្យា​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​
13, Feb 2018 , 11:54 am        
រូបភាព
លោក គីម ជុងអ៊ុន ជួបជាមួយប្រតិភូកូរ៉េខាងជើងទើបត្រឡប់ពីកូរ៉េខាងត្បូង (រូបភាព៖ KCNA)
លោក គីម ជុងអ៊ុន ជួបជាមួយប្រតិភូកូរ៉េខាងជើងទើបត្រឡប់ពីកូរ៉េខាងត្បូង (រូបភាព៖ KCNA)
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​អរគុណ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​បានទទួល​រាក់ទាក់​ប្រតិភូ​កូរ៉េខាងជើង​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA លោក គីម ជុង​អ៊ុន ដែល​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ឲ្យ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង ក៏បាន​សន្យា​បន្ត​ស្ថានភាព​សព្វថ្ងៃនេះ និង​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​ចាត់វិធានការ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ល្អប្រសើរ​រវាង​កូរ៉េ​ទាំងពីរ​។​



​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១២ ខែកុម្ភៈ បាន​ជួប​ជាមួយ​ប្រតិភូ​កូរ៉េខាងជើង​ដែល​ទើប​ត្រឡប់​ពី​ការចូលរួម​ពិធី​បើក​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​កាលពី​ចុង​សប្ដាហ៍​មុន​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​ថា លោក គីម ជុង​អ៊ុន បាន​ស្ដាប់​លទ្ធផល​ទស្សនកិច្ច​រប​ស់​ប្រតិភូ​ដែល​ដឹកនាំ​ប្រធានសភា គីម យ៉ុង​ណា​ម និង​ប្អូនស្រី​របស់ខ្លួន គីម យ៉ូ​ចុង ។ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​ពេញចិត្ត​លទ្ធផល​នេះ និង​សរសើរ​កូរ៉េខាងត្បូង​យ៉ាងខ្លាំង​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន KCNA លោក គីម ជុង​អ៊ុន បាន​រំភើប​យ៉ាងខ្លាំង​នឹង​បដិសណ្ឋារកិច្ច​ជា​អាទិភាព​ចំពោះ​ប្រតិភូ​កូរ៉េខាងជើង​ពី​សំណាក់​ភាគី​កូរ៉េខាងត្បូង ហើយ​លោក​សូម​អរគុណ​ចំពោះ​រឿងនេះ​។ នេះ​ជា​រឿង​កម្រ​បំផុត ដែល​មេដឹកនាំ​កូរ៉េខាងជើង​និយាយ​លើកសរសើរ​ក្រុង​សេ​អ៊ូ​ល មិនបាច់​និយាយ​ដល់​ការ​អរគុណ​ផង​។ កន្លងមក ក្រុង​ព្យុងយ៉ាង​តែង​ប្រើប្រាស់​ពាក្យពេចន៍​គំរាម និង​រិះគន់​ក្រុង​សេ​អ៊ូ​ល​មិន​ឈប់ឈរ​ឡើយ​។​

​យ៉ាងណាមិញ គេ​មិនឃើញ​មាន​ព័ត៌មាន​ទាក់ទង​នឹង​ការអញ្ជើញ​មេដឹកនាំ​កូរ៉េខាងត្បូង​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ឡើយ​។ លោក គីម ជុង​អ៊ុន ជា​អ្នក​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ដោយ​លោកស្រី គីម យ៉ូ​ចុង ជា​ប្អូនស្រី បានប្រគល់​លិខិតអញ្ជើញ​ទៅ​ឲ្យ​លោក មូ​ន កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ​។ ប៉ុន្តែ​កូរ៉េខាងត្បូង​មិនទាន់​ឆ្លើយតប​ភ្លាមៗ​ឡើយ ដែល​នេះ​អាចជា​មូលហេតុ​ដែល​មិនមាន​របាយការណ៍​ពី​រឿងនេះ​។  

​ក្នុង​កិច្ចប្រជុំ​ដដែល លោក គីម ជុង​អ៊ុន ក៏បាន​ដាក់ចេញ​ផែនការ​ជំរុញ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ដែល​កំពុងតែ​ប្រសើរឡើង​ក្នុងពេល​បច្ចុប្បន្ននេះ និង​ណែនាំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ចាត់វិធានការ​ជាក់ស្ដែង​ដើម្បី​រក្សា​ស្ថានភាព​បែបនេះ​។ លោក​អះអាងថា វា​ជា​រឿង​សំខាន់​ក្នុងការ​សម្រេចបាន​លទ្ធ​ផល​ល្អៗ​តាមរយៈ​ការពង្រឹង​បរិយាកាស​ផ្សះផ្សា និង​ការសន្ទនា ដែលជា​ផ្លែផ្កា​នៃ​បំណង និង​ឆន្ទៈ​រួម​របស់​កូរ៉េខាងជើង និង​ខាងត្បូង​។​

​តាមរយៈ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​ព្យុង​ឆាង ទំនាក់ទំនង​អន្តរ​កូរ៉េ​បានល្អ​ប្រសើរ​ជាខ្លាំង​។ កូរ៉េខាងត្បូង​បានទទួល​ប្រតិភូ​កូរ៉េខាងជើង​ដិតដល់​បំផុត ព្រោះ​លោក គីម យ៉ុង​ណា​ម ជា​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ដំបូង​គេ​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង ហើយ​វត្តមាន​លោកស្រី គីម យ៉ូ​ចុង ធ្វើ​ឲ្យ​លោកស្រី គឺជា​សាច់ញាតិ​សន្តិ​វង្ស​ត្រកូល គីម ទីមួយ ដែល​ជាន់​ទឹកដី​កូរ៉េខាងត្បូង ខណៈ​កូរ៉េ​ទាំងពីរ​ស្ថិតក្នុង​ស្ថានភាព​សង្គ្រាម​នៅឡើយ​៕


Tag:
 ​កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com