ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ហាក់មិនសូវស្វាហាប់ដូចមុននោះទេ។ នេះជាការសង្កេតរបស់លោក ផែង ហេង មេធាវីមួយរូប ដែលការពារក្តីឲ្យលោក កឹម សុខា។
បើតាមលោក ផែង ហេង សញ្ញានេះ បញ្ជាក់ថា សុខភាពរបស់លោក កឹម សុខា កាត់តែមានភាពទន់ខ្សោយ។ លោកមេធាវី បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះថា៖«មើលទៅគាត់ ដូចជាទ្រុឌទ្រោមជាងមុន។ គាត់ មិនសូវរហ័សរហួនដូចមុនទេ ហើយក៏សម្រាន្តមិនសូវលក់ដែរ»។
លោក ផែង ហេង បន្តថា ជារឿយៗ លោក កឹម សុខា តែងឈឺដៃខាងឆ្វេង ដោយសារតែលោក មានជំងឺកៀបសរសៃដៃ។ យ៉ាងណាក៏ដោយ លោក ផែង ហេង មិនអាចបញ្ជាក់ពីបញ្ហាផ្លូវចិត្តរបស់លោក កឹម សុខា បានឡើយ។ លោក អះអាងថា លោក កឹម សុខា មិនដែលបង្ហាញឬប្រាប់ពីបញ្ហាផ្លូវចិត្តនោះទេ។
ក្រៅពីជំងឺកៀបសរសៃដៃខាងឆ្វេង លោក កឹម សុខា ក៏មានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមប្រភេទធ្ងន់ ផងដែរ។ នេះបើតាមលោក ជូង ជូងី មេធាវីមួយទៀតរបស់លោក កឹម សុខា ដែលបានអះអាង នាពេលកន្លងមក។
ដោយសារតែបារម្ភពីសុខភាព ដែលយាយីដោយជំងឺទាំងបីប្រភេទនេះ ក្រុមមេធាវី បានដាក់សំណើទៅកាន់សាលាឧទ្ធរណ៍ សុំឲ្យលោក កឹម សុខា នៅក្រៅឃុំជាបណ្តោះអាសន្ន។ ក្រុមមេធាវី លើកហេតុផល ការស្នើឲ្យកូនក្តីក្រៅឃុំ គឺដើម្បីបានព្យាបាលជំងឺឲ្យបានត្រឹមត្រូវ។ ប៉ុន្តែ សំណើនេះ ត្រូវបានសាលាឧទ្ធរណ៍ ច្រានចោល។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ហាក់មិនជឿនោះទេ ថាលោក កឹម សុខា មានជំងឺ ជាពិសេសជំងឺកៀបសរសៃដៃខាងឆ្វេង។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានសរសេរសារតាមបណ្តាញទំនាក់ទំនងតេឡេក្រាមយ៉ាងដូច្នេះថា៖«ការនិយាយរបស់មេធាវី គ្រាន់តែជាវោហារសាស្ត្រនយោបាយ ដែលចង់បានការដោះលែងកូនក្តីរបស់ខ្លួនឲ្យនៅក្រៅឃុំតែប៉ុណ្ណោះ»។
ថ្មីៗនេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានសម្តែងការព្រួយបារម្ភពីសុខភាពរបស់លោក កឹម សុខា ហើយបានស្នើឲ្យតុលាការកម្ពុជា ដោះលែងលោក ជាបន្ទាន់។ ចំណែក អង្គការ និងសហគមន៍អន្តរជាតិផ្សេងទៀត ក៏បន្តទាមទារឲ្យដោះលែងលោក កឹម សុខា ដែរ។
ទោះជាយ៉ាងនេះក្តី សញ្ញាវិជ្ជមាន ដែលនាំឲ្យមានការដោះលែងលោក កឹម សុខា មិនទាន់លេចឡើងនៅឡើយទេ។ រដ្ឋាភិបាល ប្រកាសជំហរថា ចំណាត់ការលើលោក កឹម សុខា គឺធ្វើឡើងទៅតាមច្បាប់។
មកដល់ពេលនេះ លោក កឹម សុខា បានជាប់ពន្ធនាគារអស់រយៈពេលជិតកន្លះឆ្នាំហើយ ក្រោមការសង្ស័យរបស់សមត្ថកិច្ចនិងតុលាការ ថាប្រព្រឹត្តអំពើក្បត់ជាតិ ព្រោះបានឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧។ បច្ចុប្បន្ន សំណុំរឿងរបស់លោក កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ៕